Tuesday, June 15, 2010

ប្រជាជន​ដាក់​ញត្តិ​ជម្រុញ​ឲ្យ​អ្នករាយការណ៍​ពិសេស​U.N ដោះស្រាយ​ជម្លោះ​ដី​ធ្លី

ប្រជាជន​ដាក់​ញត្តិ​ជម្រុញ​ឲ្យ​អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ដោះស្រាយ​ជម្លោះ​ដី​ធ្លីដូច​ការ​គ្រោង​ទុក គឺ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៤​មិថុនា​នេះ តំណាង​សហគមន៍​ដីធ្លី ព្រៃឈើ និង​ក្រុម​អ្នក​នេសាទ​នៅ​តាម​ខេត្ត​នានា បាន​ដាក់​ញត្តិ​ដែល​មាន​ស្នាម​មេដៃ​រាប់ម៉ឺន ទៅ​កាន់​ការិយាល័យ​អង្គការសហប្រជាជាតិ ដើម្បី​ជម្រុញ​ឲ្យ​អ្នករាយការណ៍​ពិសេស ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោក ស៊ូ​យ៉ា ប្រាសាទ ស៊ូ​ប៊ឺ​ឌី ( Surya Prasat Subedi ) ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​របស់​ពួក​គាត់​។ លោក ស៊ូ​យ៉ា​កំពុង​បំពេញ​បេសកកម្ម​លើក​ទី​៣​នៅ​កម្ពុជា រយៈពេល ១០ ថ្ងៃ​ដែល​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​៨ ខែ​មិថុនា​។​

ញត្តិ និង​ស្នាម​មេដៃ​រាប់ម៉ឺននាក់ ត្រូវបាន​តំណាង​សហគមន៍​មកពី​ខេត្ត​ជាច្រើន ដែល​កំពុង​មាន​ជម្លោះ​ដីធ្លី បញ្ហា​ព្រៃឈើ និង​ទំនាស់​ដែន​នេសាទ បាន​ដាក់​ទៅ​កាន់​ការិយាល័យ​ឧត្តមស្នងការ ទទួល​បន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា ដើម្បី​ជម្រុញ​ឲ្យ​លោក ស៊ូ​យ៉ា អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ដោះស្រាយ​ក្នុង​ដំណើរ​បំពេញ​បេសកកម្ម​លើក​ទី​៣ នៅ​កម្ពុជា​ពេល​នេះ​។

តំណាង​សហគមន៍​ដែល​កំពុង​ជួប​ប្រទះ​នឹង​ការ​បណ្តេញ​ចេញ និង​ការ​រឹបអូស​យក​ដីធ្លី បាន​ជម្រុញ​ឲ្យ​អ្នករាយការណ៍​ពិសេស​នេះ យក​បញ្ហា​ជម្លោះ​ដីធ្លី​ដាក់​លើ​តុ​ពិភាក្សា ដោះស្រាយ​ជា​មួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ តំណាង​សហគមន៍​ជម្លោះ​ដីធ្លី ក៏​ស្នើ​ឲ្យ​អ្នករាយការណ៍​ពិសេស​ជួយ​អន្តរាគមន៍ ដើម្បី​ដោះ​លែង​តំណាង​អ្នក​ភូមិ​ដែល​ជាប់​ពន្ធនាគារ ដោយសារ​តែ​វិវាទ​ដីធ្លី​ផង​ដែរ​។
សកម្មជន​សិទ្ធិមនុស្ស អាដហុក លោក ចាន់ សា​វ៉េ​ត បាន​ឲ្យ​ដឹង​ថា ញត្តិ​ជម្លោះ​ដី​ធ្លី​ទាំង​នោះ ក៏​នឹង​ត្រូវ​តំណាង​សហគមន៍​បំបែក​គ្នា ដើម្បី​ហែ​ក្បួន នៅ​ព្រឹក​ថ្ងៃ​១៥​មិថុនា ស្អែក​នេះ ដាក់​ទៅ​កាន់​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី នៅ​ជិត​វិមានឯករាជ្យ ដាក់​ទៅ​កាន់​រដ្ឋសភា និង​ក្រសួង​ស្ថាប័ន ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​ដី​សម្បទាន​មួយ​ចំនួន​ទៀត​។

យុទ្ធនាការ​របស់​តំណាង​សហគមន៍​ជម្លោះ​ដី​ធ្លី​នា​ពេល​នេះ ជួន​ចំ​ពេល​នៃ​ដំណើរ​របស់​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ លោក ស៊ូ​យ៉ា នៅ​កម្ពុជា ដែល​ផ្តោត​លើ​វិស័យ​យុត្តិធម៌​។

យ៉ាង​ណា​ក៏​ដោយ លោក ទិត សុធា អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ទុក្ខ​កង្វល់​របស់​តំណាង​ប្រជាពលរដ្ឋ​ក្នុង​រឿង​ជម្លោះ​ដីធ្លី​នេះ ក៏​ជា​ទុក្ខ​កង្វល់​របស់​រដ្ឋាភិបាល​ផង​ដែរ​។ ជម្លោះ​ដីធ្លី នឹង​ក្លាយ​ជា​ប្រធានបទ​របស់​អ្នករាយការណ៍​ពិសេស ដើម្បី​ជួប​រក​ច្រក​ដោះស្រាយ​ជា​មួយ​នឹង​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​តម្លាភាព និង​ផ្អែក​លើ​ទិដ្ឋភាព​ច្បាប់​នា​ពេល​ខាង​មុខ​៕

(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)

No comments:

Post a Comment