Monday, June 14, 2010

កងទ័ពអាម៉េរិក និង កងទ័ពកម្ពុជា ធ្វើការហ្វឹកហ្វឺនរួមគ្នា ពីយុទ្ធសាស្ត្រប្រយុទ្ធ

ហ្វឹកហ្វឺនស្តីពីយុទ្ធសាស្ត្រប្រយុទ្ធក្នុងព្រៃ របស់កងទ័ពជើងទឹកអាម៉េរិកនិងកម្ពុជា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោកពេជ្រនិល ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១០។ កញ្ញាទូច រង្សី ៖ វិទ្យអូស្រ្តាលី


ហ្វឹកហ្វឺនស្តីពីយុទ្ធសាស្ត្រប្រយុទ្ធក្នុងព្រៃ របស់កងទ័ពជើងទឹកអាម៉េរិកនិងកម្ពុជា
នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោកពេជ្រនិល ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១០។


កងទ័ពសហរដ្ឋអាម៉េរិក និងកម្ពុជា ធ្វើសមយុទ្ធយោធារួមគ្នា លើវិញ្ញាសាប្រយុទ្ធលើផ្ទៃទឹក និងក្នុងព្រៃ ដើម្បីការពារខ្លួន និង ត្រៀមទប់ទល់ ការវាយ ប្រហារពីខ្មាំងសត្រូវ នៅគ្រាជួបគ្រោះអាសន្នកើតឡើង។ កញ្ញាទូច រង្សី ជូនរបាយការណ៍ពីភ្នំពេញមកថា ការហ្វឹកហ្វឺនកងទ័ពនេះក៏ធ្វើឡើង ដើម្បី ត្រៀមកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការហ្វឹកហ្វឺនដំណាក់កាលទី ២ នៅខែតុលាខាងមុខនេះដែរ។

លោកអនុសេនីយ៍ឯក Mike Morley មន្ត្រីទទួលបន្ទុកកិច្ចការសាធារណៈ មកពីកប៉ាលចម្បាំង USS Tortuga LSD 46 មានប្រសាសន៍ថា ចាប់ពីថ្ងៃទី ៨ រហូតដល់ថ្ងៃទី១៤ ខែមិថុនាខាងមុខ កងទ័ពជើងទឹកអាម៉េរិក បានបើកវគ្គហ្វឹកហ្វឺនជំនាញប្រយុទ្ធ និងទប់ទល់សត្រូវលើផ្ទៃទឹក និង ក្នុងព្រៃដល់ កងទ័ពកម្ពុជា ដើម្បីត្រៀមការពារពេលមានសត្រូវ វាយលុកកើតឡើង។ លោកមានប្រសាសន៍តាមរយៈ អ្នកបកប្រែភាសាដូច្នេះ ៖

« សំឡេង »

លោកវរៈសេនីយ៍ទោ ជន ពៅ នាយករង ទទួលបន្ទុកការងារហ្វឹកហ្វីន នៅមជ្ឈមណ្ឌលហ្វឹកហ្វីនកងទ័ពជើងគោកពេជ្រនិល មានប្រសាសន៍ថា វគ្គហ្វឹក
ហ្វឺននេះ មានគ្រូជំនាញមកពី ទាហានជើងទឹកអាម៉េរិក ចំនួនជាង ៤០នាក់សហការជាមួយ កងទ័ពកងពលតូចលេខ ៣១ ប្រចាំការនៅខេត្តកំពង់ស្ពឺ
សរុបជាង ១០០នាក់ ក្នុងចំងាយផ្លូវ ក្នុងព្រៃ ១៧ គីឡូម៉ែត្រ។

លោកវរៈសេនីយ៍ទោ ជន ពៅ កាលពីថ្ងៃទី១១ ខែ មិថុនាបាននិយាយថាការហ្វឹកហ្វីននេះ មានឈ្មោះថា CARAT បានចាប់ផ្តើមពីថ្ងៃទី៨ ដល់ថ្ងៃទី
១៤ ខែមិថុនា។ វិញ្ញាសាដែលត្រូវលើកយកមបណ្តុះបណ្តាលមាន ៖ យុទ្ធសាស្ត្រប្រយុទ្ធ គេចខ្លួន ធ្វើដំណើរឆ្លងស្ពាន ឬផ្លូវ នៅពេលពើបប្រយុទ្ធគ្នា និងពីរបៀបរស់នៅក្នុងព្រៃ ដោយការដាច់ស្បៀងជាដើម។

« សំឡេង »

លោក Scotte Seals មេបញ្ជាការអនុសេនាធំ មកពីកប៉ាល់ចម្បាំង USS Tortuga មានប្រសាសន៍ថា ការហ្វឹកហ្វឺន ដកស្រង់បទពិសោធន៍រួមគ្នា រវាង កងទ័ពអាម៉េរិក និងកម្ពុជាពេលនេះ លក្ខណៈប្រយុទ្ធ និងការបន្លាស់ទី គឺប្រហាក់ប្រហែលគ្នា។
សហរដ្ឋអាម៉េរិកបានឲ្យដឹងថា ការហ្វឹកហ្វឺន មានឈ្មោះថា CARAT បានបង្កើត ឡើងនៅឆ្នាំ ១៩៩៥ ចាប់ផ្តើមដំបូង មានប្រទេសចំនួន ៦ នៅអាស៊ី អាគ្នេយ៍ធ្វើជាដៃគូ រួមមាន ប្រទេសប៊្រុយណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី និងថៃ និងនៅឆ្នាំ២០១០នេះ មានប្រទេសពីរទៀត បានចូល ជាសមាជិក គឺប្រទេសកម្ពុជា និងបង់ក្លាដេស៕

(រាយការណ៍ដោយកញ្ញាទូច រង្សី)


(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្ត្រាលី)

No comments:

Post a Comment