Tuesday, June 15, 2010

អ្នកភូមិ​មក​ពី​ខេត្ត​កំពង់ចាម ស្នើ​ឲ្យ​លោក ហ៊ុន សែន អន្តរាគមន៍​រឿង​ដីធ្លី


ប្រជា​ពលរដ្ឋ​ចំនួន ៨០​នាក់ កំពុង​តវ៉ា​រឿង​ដីធ្លី​នៅ​មុខ​វត្ត​បទុមវតី ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៤ មិថុនា ២០១០


នៅ​ថ្ងៃ​ច័ន្ទ ទី​១៤ ខែ​មិថុនា​នេះ នៅ​មុខ​វត្ត​បទុមវតី និង​នៅ​មុខ​គេហដ្ឋាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រជា​ពលរដ្ឋ​ជា​ច្រើន​រយ​គ្រួសារ​មក​ពី​ខេត្ត​កំពង់ចាម បាន​ទទូច​សុំ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍ ចំពោះ​ការ​ប្រឈម​មុខ​នឹង​ការ​បាត់​បង់​ដី​ស្រែ​ចម្ការ និង​ទី​លំនៅ​របស់​ពួក​គាត់។

ប្រជា​ពលរដ្ឋ​ខ្មែរ​ចំនួន ៨០​នាក់ តំណាង​ឲ្យ​គ្រួសារ​រង​គ្រោះ ចំនួន​សរុប ១៣៦​គ្រួសារ នៅ​ក្នុង​ស្រុក​មេមត់ ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ច័ន្ទ ទី​១៤ ខែ​មិថុនា​នេះ បាន​នាំ​គ្នា​អង្គុយ​រង់ចាំ​ដោយ​ស្ងៀម​ស្ងាត់ រយៈ​ពេល ២​ថ្ងៃ​មក​ហើយ តាំង​ពី​ថ្ងៃ​អាទិត្យ​មក នៅ​មុខ​វត្ត​បទុមវតី នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​ប្រគល់​ដីធ្លី​ជាង ២០០​ហិកតារ មក​ឲ្យ​ពូក​គាត់​វិញ ដោយសារ​តែ​ដីធ្លី​នេះ បាន​រង​ការ​រឹប​អូស​យក​ដោយ​លោក ហែម ខន។

ក្រុម​ប្រជា​ពលរដ្ឋ​អ្នក​តវ៉ា​ពី​បញ្ហា​ដីធ្លី បាន​ឲ្យ​ដឹង​ទៀត​ថា ពួក​គាត់​មិន​មាន​ស្បៀង​អាហារ​សម្រាប់​បរិភោគ សម្រាប់​រយៈ​ពេល​ច្រើន​ថ្ងៃ​ទេ ក្នុង​ការ​រង់ចាំ​រក​ដំណោះ​ស្រាយ​នោះ។

ការ​មក​សំដែង​ការ​តវ៉ា ជុំវិញ​សំណុំ​រឿង​ដីធ្លី របស់​ប្រជា​ពលរដ្ឋ​នានា នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ជា​បន្ត​បន្ទាប់​មក​នេះ គឺ​ស្រប​ពេល​ដែល​អ្នក​រាយការណ៍​ពិសេស ស្ដីពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក Surya Subedi កំពុង​តែ​បំពេញ​ទស្សនកិច្ច​លើក​ទី​៣ នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​លោក​មាន​គម្រោង​ការ​ជួប​ជា​មួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​ព្រហស្បតិ៍ ទី​១៧ ខែ​មិថុនា ឆាប់ៗ​នេះ នៅ​ឯ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។

ប្រជា​ពលរដ្ឋ ឈ្មោះ ភេត ចាន់ថន អាយុ​៥៣​ឆ្នាំ មក​ពី​ភូមិ​សោម​ចាន់ ឃុំ​គុំពាន់ ស្រុក​មេមត់ ខេត្ត​កំពង់ចាម បាន​ថ្លែង​ថា ប្រជា​ពលរដ្ឋ​រស់​នៅ​លើ​ដី​នោះ តាំង​ពី​ដូន​តា​មក និង​ឆ្នាំ​១៩៧៩​មក ប៉ុន្តែ​លោក ហែម ខន បាន​ប្ដឹង​រឹប​អូស​យក​ដីធ្លី​នោះ នៅ​ក្នុង​ឆ្នាំ​២០០៦ ហើយ​បាន​ឈ្នះ​ក្តី​ទៀត។

លោក​មាន​ប្រសាសន៍​បន្ត​ថា ៖ «ឲ្យ​សម្ដេច​ជួយ​ធ្វើ​ម៉េច ឲ្យ​បាន​ដី​ហ្នឹង ឲ្យ​កូន​ចៅ​ធ្វើ​វិញ ហើយ​កុំ​ឲ្យ​គេ​ប្ដឹង​ផ្ដល់ កុំ​ឲ្យ​គេ​ដេញ​ចាប់។ អ៊ីចឹង​រវល់​តែ​ភ័យ អត់​បាន​ធ្វើ​អី ផ្ទះ​ក៏​គេ​ឲ្យ​រុះ ដំណាំ​កៅស៊ូ​ស្វាយ​គេ​ឲ្យ​កាប់​ចេញ។ ហើយ​ប្រជា​ពលរដ្ឋ​មិន​ដឹង​ជា​មាន​អី»

ប្រជា​ពលរដ្ឋ​ចំនួន ៥​នាក់ ដែល​បាន​រង​ការ​ប្តឹង​ដោយ​ឈ្មោះ ហែម ខន កំពុង​តែ​រត់​លាក់​ខ្លួន​ពី​ផ្ទះ​សំបែង។

ប្រជា​ពលរដ្ឋ​ម្នាក់​ទៀត ឈ្មោះ ជ្រះ យ៉ោក អាយុ​៥២​ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ខែ​ឧសភា​ថ្មីៗ​នេះ ដាក់​ក្នុង​ពន្ធនាគារ។

ប្រជា​ពលរដ្ឋ ឈ្មោះ ចាប ថេន អាយុ​៣៥​ឆ្នាំ នៅ​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​មក​តវ៉ា​រឿង​ដីធ្លី​ខាង​លើ​នេះ បាន​ថ្លែង​ថា ៖ «ធ្លាប់​ប្ដឹង​ប្រជា​ពលរដ្ឋ ឈ្មោះ​គេ ហែម ខន តែ​មិន​ដឹង​មុខ​លោក ហែម ខន ហ្នឹង​ដូច​ម៉េច​ទេ មុខ​លោក ហែម ខន ហ្នឹង»

វិទ្យុ​អាស៊ី​សេរី បាន​ទាក់​ទង​ទៅ​លោក ប៊ុន សុខ មន្ត្រី​ខុទ្ទកាល័យ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​សាក​សួរ ថា​តើ​នឹង​មាន​ការ​ជួយ​ដោះ​ស្រាយ​បែប​ណា ដល់​គ្រួសារ​ប្រជា​ពលរដ្ឋ​ទាំង​នោះ ប៉ុន្តែ​លោក​មិន​បាន​ឆ្លើយ​នឹង​សំណួរ​នោះ​ទេ ហើយ​បិត​ទូរស័ព្ទ។

ឯកសារ​សាលក្រម ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន បាន​ឲ្យ​ដឹង​ថា កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០០៦​កន្លង​ទៅ តុលាការ​ខេត្ត​កំពង់ចាម បាន​កាត់​សេចក្ដី ឲ្យ​លោក ហែម ខន ឈ្នះ​ក្តី ក្នុង​នាម​ដើម​បន្តឹង ប្ដឹង​ប្រជា​ពលរដ្ឋ​ចំនួន ៦​នាក់ ដើម្បី​រឹប​យក​ដីធ្លី។ តុលាការ​បាន​បង្គាប់​ឲ្យ​ប្រជា​ពលរដ្ឋ​ចាញ់​ក្តី​ទាំង​នោះ រួម​គ្នា​សង​ជំងឺ​ចិត្ត​លោក ហែម ខន ចំនួន​១០​លាន​រៀល។

ប្រជា​ពលរដ្ឋ ដែល​មក​តវ៉ា បាន​ឲ្យ​ដឹង​ថា ពួក​គាត់​បាន​ប្ដឹង​តវ៉ា​ទៅ​អាជ្ញាធរ​មូលដ្ឋាន​នានា ប្ដឹង​មក​ខុទ្ទកាល័យ​របស់​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា លោក ហេង សំរិន ប្រធាន​សភាជាតិ ប៉ុន្តែ​គ្មាន​ដំណោះ​ស្រាយ​ទេ។ ប្រជា​ពលរដ្ឋ​មិន​ស្គាល់​ឈ្មោះ ហែម ខន នោះ​ជា​នរណា​ទេ ហើយ​មាន​ឋានៈ​ជា​អ្វី​ឡើយ។

ពួក​គាត់​បាន​ថ្លែង​ថា ការ​មក​តវ៉ា​សុំ​កិច្ច​អន្តរាគមន៍ ពី​មន្ត្រី​ខុទ្ទកាល័យ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ពេល​នេះ គឺ​ជា​ជម្រើស​ចុង​ក្រោយ​របស់​ពួក​គាត់៕

(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអាស៊ីសេរី)

No comments:

Post a Comment