Tuesday, June 15, 2010

កម្ពុជា អំពាវនាវ​ឲ្យ​ថៃ គោរព​ការសម្រេច​ក្តី​របស់ តុ​លាកា​រ​យុត្តិធម៌​អន្តរជាតិ លើ​សំណុំរឿង​ប្រាសាទ ព្រះវិហារ

ភ្នំពេញ: ថ្ងៃ​១៥ មិថុនា ឆ្នាំ​១៩៦២-​ថ្ងៃ​១៥ មិថុនា ឆ្នាំ​២០១០ គឺជា​ខួប​លើក​ទី​៤៨ ឆ្នាំ ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ ទី​ក្រុងឡាអេ បាន​សម្រេច​លើ​សំណុំរឿង​ប្រាសាទព្រះវិហារ ដោយ​សម្លេង ៩ ទល់នឹង ៣​ ។ សេចក្តីសម្រេច​នេះ បានដាក់​ប្រាសាទព្រះវិហារ និង​តំបន់​នៅ​ជុំវិញ​ប្រាសាទបុរាណ​នោះ ស្ថិត​នៅក្នុង​ទឹកដី ក្រោម​អធិបតេយ្យ បូរណភាព​ដែនដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា ​។​
​    ​សម្រាប់​ខួប​លើក​ទី​៤៨ ឆ្នាំ នៅពេលនេះ មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​អំពាវនាវ​ជាថ្មី​ម្តងទៀត ឲ្យ​រដ្ឋាភិបាល​ថៃ ដែល​ចាញ់ក្តី ក្នុង​សំណុំរឿង​ប្រាសាទ​ព្រះវិហារ ត្រូវ​គោរព​នូវ​សាលក្រម របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ទី​ក្រុងឡាអេ ​។​

​     ​ថ្ងៃទី​១៥ មិថុនា គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ ដែល​កម្ពុជា បាន​ឈ្នះក្តី​លើ​ប្រទេស​ថៃ តាមរយៈ​សាលក្រម​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ទី​ក្រុងឡាអេ​។ សាលក្រម ៣ ចំនុច របស់​តុលាការ​អន្តរជាតិ ដែល​បាន​សម្រេច គឺ​ទី​១-​ប្រាសាទ​ព្រះវិហារ និង​ដី​នៅ​ជុំវិញ​តំបន់​ប្រាសាទ​ប្រាសាទ​ព្រះវិហារ គឺ​ស្ថិតនៅក្នុង​អធិបតេយ្យ បូរណភាព​ទឹកដី​កម្ពុជា​ ។ ទី​២ -​តុលាការ​យុត្តិធម៌​អន្តរជាតិ បាន​បង្គាប់​ឲ្យ​ថៃ ដកចេញ​នូវ​ទាហាន​ឆ្មាំ​ពី​ប្រាសាទ​ព្រះវិហារ ដែល​ថៃ​បាន​ចូល​ទន្ទ្រាន​កាន់កាប់​ទាំង​ខុសច្បាប់ និង​ទី​៣-​ថៃ​ត្រូវ​ប្រគល់​វត្ថុ​បូរាណ ដែល​ខ្លួន​បាន​ឆក់​ប្លន់ រឹបអូស មក​ឲ្យ​កម្ពុជា​វិញ ​។​

​    ​សម្រាប់​ថ្ងៃ​ជា​ប្រវត្តិសាស្ត្រ​នេះ លោក ទិត សុធា អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការគណៈរដ្ឋមន្ត្រី នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​លើកឡើង​ថា ថ្ងៃ​១៥ ខែ​មិថុនា​នេះ យើង​នឹកឃើញ​នូវ​ស្នាម​ព្រហស្ថ​របស់​អតីតព្រះមហាក្សត្រ ព្រះវររាជបិតា សម្តេចព្រះ នរោត្តម សីហនុ ដែល​ព្រះអង្គ​បាន​ពុះពារ​នៅ​ក្នុង​កិច្ចការពារ​អធិបតេយ្យ ដោយ​មាន​ភស្ថុតាង ឯកសារ និង​ទិដ្ឋភាព​ច្បាប់​ច្បាស់លាស់ ដើម្បី​តវ៉ា​ប្រឆាំង​ចំពោះ​មហិច្ឆតា​ឈ្លានពាន​របស់​ថៃ មកលើ​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា​ ។​

​    ​នៅ​ឱកាស​ខួប​លើក​ទី​៤៨ ឆ្នាំ នៃ​ការសម្រេច​ក្តី​របស់តុ​លាកា​រ​យុត្តិធម៌​អន្តរជាតិ ដែល​បាន​ប្រគល់​ប្រាសាទ​ព្រះវិហារ ឲ្យ​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​កម្ពុជា​ឡើង​វិញ លោក ទិត សុធា បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន គួរ​គប្បី​គោរព​ច្បាប់​អន្តរជាតិ ដោយ​មិន​គួរ​មានគំនិត​មហិច្ឆតា ឈ្លានពាន​មកលើ​តំបន់​ប្រាសាទ​ព្រះវិហារ​ទៀត​នោះ​ទេ ពីព្រោះ​យើង​មាន​ច្បាប់​អន្តរជាតិ ដែល​បាន​សម្រេច​ឲ្យ​កម្ពុជា ឈ្នះ​ហើយ​ ។​

​     ​សំអាង​លើ​សេចក្តីសម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ កាលពី ៤៨ ឆ្នាំមុន មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា លោក ទិត សុធា បានបញ្ជាក់​ថា រាល់​ព្រឹត្តិការណ៍​ណាមួយ ដែល​កើតមាន​ដោយ​ការប៉ះទង្គិច ដោយ​អាវុធ រហូតដល់​កើត​មាន​ការចូល​ទន្ទ្រាន​លើ​អធិបតេយ្យ​កម្ពុជា គឺជា​ចេតនា​មួយ​បង្កហេតុ​ពី​សំណាក់​ថៃ ដែល​កម្ពុជា​បាន​ប្រកាន់​យក​ការដោះស្រាយ ដោយ​សន្តិវិធី​ ។ រដ្ឋាភិបាល​ថៃ ដែល​ធ្លាប់​ជា​ប្រទេស​ស៊ីវិល័យ គួរតែ​គោរព​ច្បាប់​អន្តរជាតិ ដើម្បី​កុំឲ្យ​កេរ្តិ៍ឈ្មោះ​របស់ខ្លួន ( ថៃ ) កាន់តែ​អាម៉ាស់​ថែម​ទៀត​នៅ​លើ​ឆាក​អន្តរជាតិ ​។​

​    ​សូមបញ្ជាក់​ថា សម្រាប់​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ ថ្ងៃទី​១៥ ខែមិថុនា ស្អែក​នេះ រាជរដ្ឋាភិបាល​កម្ពុជា មិន​មាន​រៀបចំ​ពិធី​ជួបជុំ​សាទរ​អ្វី​ធំដុំ​ទេ​ ។ ក៏​ប៉ុន្តែ​នៅ​ថ្ងៃ​ជ័យជម្នះ​នៃ​ការទាមទារ​ប្រាសាទ​ព្រះវិហារ ពី​ប្រទេស​ថៃ មក​វិញ​នេះ នឹង​មាន​ជា​សេចក្តីថ្លែងការណ៍ និង​ការជួបជុំ​សាទរ​ពី​សំណាក់​អ្នកស្នេហាជាតិ​មួយចំនួន ​៕

(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៍)

No comments:

Post a Comment