Monday, June 14, 2010

ខ្យល់ព្យុះ​បំផ្លាញ​ផ្ទះ​៣​ខ្នង ស្រុក​មោងឬស្សី

បាត់ដំបង: ផ្ទះ​ធ្វើ​ពី​ឈើ​ប្រក់​សង្ក័សី​ទំហំ ៥​ម៉ែត្រ​គុណ ៦​ម៉ែត្រ ចំនួន ៣​ខ្នង ត្រូវ​ខ្យល់ព្យុះ​បក់បោក​មក​ចំ​ភូមិ អូរ​គ្រៀត ឃុំ​គារ ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង បណ្តាល​ឱ្យ​រលំ​រាប​ដល់​ដី ១​ខ្នង​និង​ផ្ទះ ២​ខ្នង​ទៀត ធ្លាក់​ពីលើ​ជើងតាង របើក​ជញ្ជាំង​និងរ​បើក​ដំបូល​មួយចំនួន​។​

​    លោក​អនុសេនីយ៍ទោ តាំង សារ៉ាន់ នាយប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គារ បានឱ្យដឹងថា កាលពី​រសៀល​ម៉ោង​៤ ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១០ មាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាងខ្លាំង ព្រមទាំង​មាន​ខ្យល់ព្យុះ​បក់បោក មក​ចំ​ភូមិ​អូរ​គ្រៀត ឃុំ​គារ បណ្តាលឱ្យ​ផ្ទះ ១​ខ្នង ដួលរលំ​ទាំងស្រុង ។ ផ្ទះ​នេះ​ជា​កម្មសិទ្ធិ​របស់ ឈ្មោះ​គង់ ណ​យ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ។ ក្រៅពីនេះ​មាន​ផ្ទះ ២​ខ្នង ទៀត​សាងសង់​ពី​ឈើ​ប្រក់​ស័ង្កសី ទំហំ​ដូច​ផ្ទះ​ខាងលើ ជា​កម្មសិទ្ធិ​របស់​ឈ្មោះ​គា វណ្ណៈ ភេទ​ស្រី អាយុ ៣០​ឆ្នាំ និង​ឈ្មោះ​នួន នឿន ភេទ​ស្រី អាយុ ៥៦​ឆ្នាំ ត្រូវ​ខ្យល់កួច​ឱ្យរ​បើក​ដំបូល​របើក​ជញ្ជាំង​និង​ធ្លាក់​ពីលើ​ជើងតាង ធ្វើឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​មួយចំនួន​។​

​លោក​វរសេនីយ៍ត្រី គិត ហ៊ាង អធិការនគរបាល​ស្រុក​មោងឫស្សី បានបញ្ជាក់​ថា គ្រោះថ្នាក់​ធម្មជាតិ​នេះ​មិន​មាន​បណ្តាលឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​រងរបួស​ទេ ។ ហើយ​កន្លងមក​នៅ​ស្រុក​មោងឫស្សី​មាន​សំណាង​ល្អ​ជៀស​ផុត​ពី​ខ្យល់ព្យុះ​និង​រន្ទះបាញ់ ៕

(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៍)

No comments:

Post a Comment