
លោកម៉ាទីន រ៉ាម៉ា សេដ្ឋវិទូរបស់ធនាគារពិភពលោកប្រចាំប្រទេសវៀតណាមបានក្រើនរំលឹកពីបញ្ហានេះរយៈពេលប៉ុន្មានថ្ងៃ នៅមុនពេលកិច្ចប្រជុំប្រចាំឆ្នាំរវាងវៀត ណាម និងក្រុមបរិច្ចាគដែលចាប់ផ្ដើមឡើងក្នុងទីក្រុងរ៉េកជា ខេត្ដកៀនយ៉ាង នៅថ្ងៃទី៩ មិថុនា ខាងមុខ ។ លោករ៉ាម៉ា បានបង្ហាញពីក្ដីបារម្ភក្នុងរឿងនេះ ក្រោយពីឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសវៀតណាមបង្ហើបឱ្យដឹងថា អាចត្រូវរង់ចាំរហូតដល់ឆ្នាំ២០៣០ ឬ ២០ឆ្នាំខាងមុខទើបនៅវៀតណាមមានអ្នកដំណើរគ្រប់គ្រាន់ក្នុងការបំរើសេវាកម្មរថភ្លើងល្បឿនលឿន ប៉ុន្ដែជប៉ុនក៏យល់ព្រមក្នុងកិច្ចសហការជួយឧបត្ថម្ភក្នុងរឿងនេះ ។
សេដ្ឋវិទូធនាគារពិភពលោកបានលើកឡើងថា វៀតណាមគួរធ្វើការត្រិះរិះពិចារណាលើគំរោងការរថភ្លើងល្បឿនលឿនឱ្យបានល្អ ដោយយោងលើកត្ដាសំខាន់ចំនួន៤ យ៉ាង គឺអត្រារីកចំរើននៃសេដ្ឋកិច្ចនៅឆ្នាំ ក្រោយការត្រៀមបំរុងផ្នែកហិរញវត្ថុ នយោបាយទាក់ទិននឹងប្រាក់កំចីរបស់អ្នកគាំទ្រ គំរោងការ និងសំណង់ហេដ្ឋារចនាសម្ព័ន្ធ ។ ធនាគារពិភពលោកគ្មានការចូលរួមចំណែកណាមួយលើគំរោងរថភ្លើងល្បឿនលឿន ចំងាយ១.៥៧០គីឡូម៉ែត្ររបស់វៀតណាម ក្នុងការពិចារណាក្នុងរដ្ឋសភា និងគ្មានការពិភាក្សាជាផ្លូវការក្នុងកិច្ចប្រជុំ “ក្រុមទីប្រឹក្សា” ឬ Consultative Group (CG) នៅក្នុងខេត្ដគៀនយ៉ាងដែលចាប់ផ្ដើមឡើងនៅ ថ្ងៃទី៩ មិថុនា ខាងមុខទេ ។ ទោះជាយ៉ាងណាក៏ដោយសេដ្ឋវិទូធនាគារពិភពលោកបានថ្លែងទៀតថា វៀតណាមអាចលើកស្ទួយស្ថានភាពសេដ្ឋកិច្ចពិភពលោកបានល្អជាងប្រទេសជាច្រើនទៀត ដោយកើតឡើងពីការប្រើបទដ្ឋានជំរុញសេដ្ឋកិច្ចបានទាន់ពេលវេលា។
សេដ្ឋវិទូផ្នែកធនាគារពិភពលោកបន្ដទៀតថា ក្នុងឆ្នាំ២០១០ គឺជាឆ្នាំដែលសេដ្ឋកិច្ចវៀតណាមរីកចំរើនយ៉ាងខ្លាំងក្លា ដោយ GDP នឹងកើនឡើង៧% និងអតិផរណាសាច់ប្រាក់មិនលើសពី៩% ៕
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
No comments:
Post a Comment