Thursday, June 3, 2010
កម្មការិនីរោងចក្រស្បែកជើង ដួលសន្លប់បន្ដបន្ទាប់៣៥នាក់ ផ្អើលកម្មករផ្សេងទៀតឈប់ធ្វើការ
ខេត្ដកណ្ដាល ៖ កម្មការិនីរោងចក្រ ផលិតស្បែកជើងយីហោថៃហ្គើរវីងចំនួន ៣៥នាក់បានដួលសន្លប់ជាបន្ដបន្ទាប់ត្រូវបាន ដឹកតាមរថយន្ដខ្លះ និងម៉ូតូខ្លះទៅសង្គ្រោះ នៅមន្ទីរពេទ្យឯកជនជាបន្ដបន្ទាប់ ។ ចំណែកឯកម្មករ-កម្មការិនីដែលមិនដួល សន្លប់រាប់រយនាក់ទៀត នាំគ្នាឈប់ធ្វើការ រត់ចេញទៅផ្ទះរៀងៗខ្លួន ។ ហេតុការណ៍នោះកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១០ ដែលរោងចក្រនោះស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ភូមិត្រញំងឈូក ឃុំកន្ទោក ស្រុកអង្គស្នួល ខេត្ដកណ្ដាល ។តាមប្រភពព័ត៌មានឱ្យដឹងថា កម្មករចាប់ផ្ដើមមានអាការមិនស្រួលខ្លួន និងដួលសន្លប់២ទៅ៣នាក់តាំងពីវេលាម៉ោង៧ព្រឹកមកម្ល៉េះ ប៉ុន្ដែមិនទាន់មានការភ្ញាក់ផ្អើលប៉ុន្មានទេ ហើយខាងរដ្ឋបាលរោងចក្របានអះអាងថា កម្មការិនីដែលដួលសន្លប់នោះ គឺដោយសារពួកគេខ្សោយ និងគិតច្រើន ព្រោះមាន វិបត្ដិក្នុងគ្រួសារ ។
លុះដល់វេលាម៉ោង១១ ព្រឹកថ្ងៃដដែល ស្រាប់តែមានអ្នកដួលសន្លប់ ជាបន្ដបន្ទាប់ទៀត ធ្វើឱ្យមានការជ្រួល ច្របល់ពេញក្នុងរោងចក្រ ។ ឃើញបែបនេះកម្មកររាប់រយនាក់ទៀតបាននាំគ្នារត់ចេញពីរោងចក្រក្នុងសភាពភ័យបារម្ភ ។ ប្រភពដដែលបន្ដទៀតថា កម្មករនៅក្នុងរោងចក្រនោះសរុបចំនួន៤២០នាក់ ហើយកម្មករដែលដួលសន្លប់មានចំនួនជិត៥០នាក់ ត្រូវគេដឹកទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យ ឯកជនមួយចំនួននៅក្នុងភូមិសាស្ដ្រស្រុក អង្គស្នួល និងសង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ការដួលសន្លប់នោះ គឺបណ្ដាលមកពីពួកគេធ្វើការហួសកំលាំង និងពុលក្លិនគីមីស្បែកជើង ។ បុគ្គលិករដ្ឋបាលរោងចក្រនិយាយឱ្យ ដឹងថាកម្មការិនីដែលដួលសន្លប់នោះ គឺ មានចំនួនតែ៣៥នាក់ប៉ុណ្ណោះ មិនមានច្រើនទេ ហើយត្រូវគ្រូពេទ្យប្រាប់ថា ពួកគេមានសុខភាពខ្សោយ ខ្វះជាតិកាល់ស្យូម ។ ក្រោយពេលគ្រូពេទ្យដាក់សេរ៉ូម និងចាក់ ថ្នាំព្យាបាលរួចមក ពួកគេមួយចំនួនបានដឹងខ្លួន ត្រឡប់ទៅផ្ទះវិញ ។
ក្នុងចំណោមអ្នក ទាំងនោះគឺមួយចំនួនដួលសន្លប់ និងមួយចំនួនទៀតគ្រាន់តែទន់ដៃ ទន់ជើង ឬងងឹត មុខប៉ុណ្ណោះ ។ប្រភពដដែលបន្ដថា សព្វថ្ងៃនេះរោង ចក្រមិនមានធ្វើការថែមម៉ោងទេ ព្រោះមិនសូវមានការងារច្រើន ខណៈតំរូវការនាំចេញ តិច ដូច្នេះកម្មករមិនមានអ្វីដែលត្រូវធ្វើការ ហួសកំលាំងទេ ។ ម្យ៉ាងទៀតមុនពេលដួល សន្លប់នោះ មានកម្មការិនីផ្នែកអនាម័យម្នាក់ ត្រូវបានខ្មោចចូល ហើយនិយាយឱ្យមានការ សែនព្រេន និងរៀបចំឱ្យមានទឹកជាដើមនៅ ទីនោះ ។ ព្រលឹងខ្មោចនោះបានគំរាមថា បើមិនរៀបចំទេ នឹងមិនធ្វើឱ្យទីនោះបានសុខ ឡើយ។ ដោយសារតែកម្មការិនីម្នាក់នោះ ត្រូវខ្មោចចូលនិយាយបែបនេះហើយ ទើបធ្វើឱ្យកម្មការិនីទាំងអស់មានអារម្មណ៍ភ័យខ្លាចហើយគួបផ្សំនឹងពួកគេមានសុខភាព ខ្សោយ ខ្វះជាតិកាល់ស្យូមផង ទើបដួលសន្លប់ជាបន្ដបន្ទាប់តែម្ដង ។
(ដកស្រង់ចេញពីគេហទំព័រកាសែត កោះសន្តិភាព)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment