Thursday, June 3, 2010
កំណត់យកថ្ងៃទី២៤ មិថុនា ជាថ្ងៃសម្ពោធស្ពានអាកាសសមិទ្ធផលថ្មីទី១នៃហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍
រាជធានីភ្នំពេញ ៖ ស្ពានអាកាសក្បាលថ្នល់ដែលរាជរដ្ឋាភិបាលបានបើកការដ្ឋានស្ថាបនា កាលពីពាក់កណ្ដាលឆ្នាំ២០០៩ កន្លងមក ពេលនេះបានស្ថាបនារួចរាល់ហើយ នៅសល់ការងារសំអាត ការពង្រីកផ្លូវព្រះមុនីវង្ស ដាក់ភ្លើងស្ដុប និងការស្ថាបនាសួនច្បារក្រោមស្ពានដែលមន្ដ្រីជំនាញគ្រប់ផ្នែកកំពុងសំរុក ដើម្បីឱ្យរួចរាល់ទាំងស្រុង បន្ទាប់ពីមានការកំណត់យកថ្ងៃទី២៤ មិថុនា ឆ្នាំ ២០១០ ជាថ្ងៃសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ។ តាមការគ្រោងទុក ពិធីសម្ពោធដ៏មហោឡារិកស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ។
ដោយមានការកំណត់យកថ្ងៃទី២៤ មិថុនា ជាថ្ងៃសម្ពោធនោះ នៅព្រឹកថ្ងៃទី២ មិថុនា សាលារាជធានីភ្នំពេញបានបើកកិច្ច ប្រជុំបន្ទាន់មួយក្រោមអធិបតីភាពលោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ដ្រីពាក់ព័ន្ធគ្រប់ផ្នែក រួមទាំងផ្នែកអគ្គិសនីខ្សែកាប និងរដ្ឋាករទឹក ជាដើម ដើម្បីសហការសំរួលការងារ ជាពិសេសស្ថាបនាពង្រីកផ្លូវដែលមានការប៉ះពាល់ប្រព័ន្ធក្រោមដីដែលបង្កការយឺតយ៉ាវ ។
មន្ដ្រីជំនាញសាលារាជធានីភ្នំពេញបានលើកឡើងថា ចំពោះការងារស្ថាបនាស្ពានអាកាសនេះ អនុវត្ដន៍បានរួចរាល់ហើយរាប់ទាំងការបំពាក់ភ្លើងបំភ្លឺជាដើម តែការងារសេសសល់មានការស្ថាបនាសួនច្បារក្រោមស្ពាន ការស្ថាបនា ឬពង្រីកផ្លូវព្រះមុនីវង្ស និងការបំពាក់ភ្លើងស្ដុបនៅច្រមុះជ្រូកបំបែកមហាវិថីព្រះមុនីវង្ស និងវិថីលេខ២៧១ ។ ការងារនេះត្រូវចោទជាបញ្ហានៅត្រង់ប្រព័ន្ធខ្សែកាប ខ្សែភ្លើង និងប្រព័ន្ធខ្សែក្រោមដីផ្សេងៗទៀត ដែលបង្កការរាំងស្ទះដល់ការពង្រីកផ្លូវ ។
តំណាងក្រុមហ៊ុន O.C.I.C ដែលទទួលម៉ៅការស្ថាបនាស្ពានអាកាសក្បាលថ្នល់នេះបានអះអាងថា ក្រុមការងាររបស់លោករង់ចាំតែអនុវត្ដន៍នោះទេ នៅពេលអាជ្ញាធរមាន សមត្ថកិច្ចសំរួលការងារប៉ះពាល់រួចហើយការងារនេះនឹងសំរុកឱ្យរួចរាល់ទាន់ថ្ងៃសម្ពោធជាផ្លូវការ ។
នៅក្នុងកិច្ចប្រជុំនោះ លោកកែប ជុតិមា បានលើកឡើងនូវចំណុចកែលំអខ្លះទាក់ទិនទៅនឹងការតុបតែង ឬការស្ថាបនាសួនច្បារ និងណែនាំឱ្យមន្ដ្រីជំនាញរួសរាន់រៀបចំបំពាក់ភ្លើងស្ដុបឱ្យបានលឿន រួមទាំងការងារសេសសល់ផ្សេងៗធ្វើយ៉ាងណាឱ្យរួចរាល់មុនថ្ងៃសម្ពោធ ។ លោកកែប ជុតិមា បានដាក់ឱសានវាទដល់ក្រុមហ៊ុនឯកជន ក៏ដូចស្ថាប័នពាក់ព័ន្ធដែលមានប្រព័ន្ធខ្សែក្រោមដីពាក់ព័ន្ធផលប៉ះពាល់ទៅនឹងការពង្រីកផ្លូវ ដោយកំណត់ទុកពេល១០ថ្ងៃ ចាប់ពីពេលនេះ
តទៅ ។ បើមិនដូច្នេះទេ សាលារាជធានីភ្នំពេញនឹងមានវិធានការក្ដៅ ដោយធ្វើការកាយផ្ដាច់ចេញទាំងអស់ ដើម្បីសំរុកការងារនេះឱ្យបានទាន់មុនថ្ងៃសម្ពោធ ។
លោកកែប ជុតិមា ក៏បានបង្ហើបឱ្យដឹងផងដែរថា ដោយបានការអនុញាតពីរាជរដ្ឋាភិបាល សាលារាជធានីភ្នំពេញមានគំរោងស្ថាបនាស្ពានអាកាសចំនួនពីរទៀត បន្ទាប់ពីស្ពានអាកាសក្បាលថ្នល់ គឺមួយស្ពានអាកាសកាត់មហាវិថីសហព័ន្ធរុស្ស៊ីនៅតំបន់ក្ដាន់ពីរ និងមួយទៀតស្ពានអាកាសហោះស្របមហាវិថីសហព័ន្ធរុស្ស៊ី ហោះរំលងតំបន់ភ្លើងស្ដុបពេទ្យលោកសង្ឃ ។ ការងារនេះនឹងធ្វើឡើងបន្ដបន្ទាប់គ្នាបន្ទាប់ពីសម្ពោធស្ពានអាកាសក្បាលថ្នល់រួច ដែលការងានេះនឹងត្រូវបញ្ចប់មុនឆ្នាំ២០១៣ ។ ស្ពានអាកាសក្បាលថ្នល់នេះបានបើកការដ្ឋានស្របគ្នានឹងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានព្រះមុនីវង្សថ្មី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់នៃសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ។
គួរបញ្ជាក់ថា ស្ពានអាកាសក្បាលថ្នល់មានបណ្ដោយ៣០៨ម៉ែត្រ លាតសន្ធឹងលើកំណាត់ផ្លូវជាតិលេខ២ ចាប់ពីអតីតមន្ទីរពេទ្យការងាររហូតដល់អគ្គស្នងការដ្ឋាននគរ បាលជាតិ ដោយមានទទឹង១៤,២ម៉ែត្រ កំពស់ត្រង់ចំណុចកណ្ដាល៨ម៉ែត្រ ៕
(ដកស្រង់ចេញពីគេហទំព័រកាសែត កោះសន្តិភាព)
Labels:
កម្ពុជា,
ចំណេះដឹងទូទៅ,
ប្រវត្តិសាស្ត្រ,
ព័ត៌មាន
Subscribe to:
Post Comments (Atom)
No comments:
Post a Comment