ភ្នំពេញ: អង្គការសេដាកបានរៀបចំសិក្ខាសាលាសហព័ន្ឋសហគមន៍ អ្នកផលិតស្រូវសរីរាង្គថ្នាក់ជាតិ មួយនៅព្រឹកថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០១០នៅការិយាល័យ កណ្តាលរបស់ អង្គការសេដាក ក្រុងភ្នំពេញដែលមានតំនាងសហគមន៍ចំនួន ៥០នាក់ ចូលរួម ។
អ្នករៀបចំកម្មវិធីបាននិយាយថាដើម្បីរៀបចំសហគមន៍ផលិតស្រូវ សរីរាង្គឲ្យមានលក្ខណៈស្តង់ដាត្រឹមត្រូវ និងដើម្បីពង្រឹងគណៈកម្មការ ក៏ដូចជាក្រុមឲ្យមានសមត្ថភាព និងរៀនសូត្រពីបទពិសោធន៍ពីគ្នាទៅវិញទៅមកទើបមានការរៀបចំសិក្ខាសាលា នេះឡើង ។ សមាជសហព័ន្ឋសហគមន៍អ្នកផលិតស្រូវសរីរាង្គ ថ្នាក់ជាតិនេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗមួយចំនួនក្នុងនោះដូចជា ដើម្បីពង្រឹងនូវសមត្ថភាពនិងការយល់ដឹងបន្ថែមអំពីការបន្សុត ពូជស្រូវ, ការបង្ហាញរបាយការណ៏ ប្រមូលទិញស្រូវក្នុងឆ្នាំ ២០០៩-២០១០, ការបង្ហាញរបាយការណ៏ពង្រាងទិន្នន័យសំរាប់ឆ្នាំ ២០១០២០១១, ផ្សព្វផ្សាយរៀបចំយុទ្ឋសាស្ត្រការងារ សំរាប់នៅរដូវខាងមុខ និងការរៀបចំយុទ្ឋសាស្ត្រប្រមូលទុនភាគហ៊ុនរកស៊ីរួមគ្នារបស់សមាជិកសហព័ន្ឋថ្នាក់ជាតិ ។
អង្គការសេដាកបានអនុវត្តនូវកម្មវិធីអភិវឌ្ឍន៍មូលដ្ឋានចាប់តាំងពី ឆ្នាំ ១៩៩៩ ដែលបានចាប់ផ្តើមដំបូងនូវភូមិ ចំនួន ៣ នៅស្រុកបាភ្ម្នំ ខេត្តព្រៃវែង ។ រហូតមកដល់ ឆ្នាំ ២០១០នេះ កម្មវិធីអភិវឌ្ឍន៍មូលដ្ឋានបានគ្រប់ដណ្តប់នៅលើភូមិ ចំនួន ៣២០០ស្ថិត ក្នុងខេត្តចំនួន ២០នៅក្នុងប្រទេសកម្ពុជា ។ កសិករប្រមាណជា ១០០ ០០០ គ្រួសារ បានទទួល ផលប្រយោជន៍ពីកម្មវិធី ជាពិសេសបានកើននូវផលិតផលកសិកម្ម។ ដើម្បីឲ្យកសិករទទួលបាននូវផលចំនេញច្រើនពី ផលិតកម្មរបស់ខ្លួន ក៏ដូចជាបាននូវការអនុវត្តកម្មវិធីប្រកបដោយនិរត្តរភាព សេដាកបានផ្តួចផ្តើមគំនិតបង្កើតនូវទីផ្សារ អង្គការសេដាក ដើម្បីភ្ជាប់កសិករមកទីផ្សារ ជាពិសេសផលិតកម្មស្រូវ ។ ទីផ្សារអង្គការសេដាក បានទិញស្រូវពីក្រុមតាំងពីឆ្នាំ ២០០៣មកម្លេះ ។ ការទិញស្រូវរបស់ទីផ្សារ មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលឆ្នាំ ២០០៣ទីផ្សារបានទិញស្រូវចំនួន ១០តោនពីក្រុមផលិតចំនួន ១៨ក្រុម ហើយឆ្នាំ ២០០៩-២០១០នេះ ទីផ្សារបានទិញស្រូវបានចំនួនប្រមាណ១.៥០០ តោន ៕
(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៏)
No comments:
Post a Comment