Friday, June 4, 2010

របៀប​ចិញ្ចឹម​គោ ក្របី

របៀប​ចិញ្ចឹម​គោ ក្របី


​I. ក្រោលគោ ក្របី :

​       ១. ទីកន្លែង : នៅលើ​ទីទួល មាន​ខ្យល់អាកាស​ចេញចូល និង​ស្រួល​បង្ហូរទឹក​ត្រូវ​នៅក្រោម​ខ្យល់​ ​ដើម្បី​កុំអោយ​ធុំក្លិន ។​
​       ២. ទិស : បណ្តោយ​ថ្ងៃ ឬ បញ្ឆៀង​ទៅ​ទិស​អាគ្នេយ៍ ។
​៣. របៀប​សង់ : កំរាល​ក្រោល​ត្រូវមាន​ចំណោទ ដើម្បី​បញ្ចេញ​ទឹក​

​ផ្ទៃក្រឡា :​

  • គោ ក្របី ឈ្មោល​ ​​: ៥ - ៦ ម​.​កា​រេ ក្នុង​មួយ​ក្បាល​ ​ ​

  • គោ ក្របី ញី​ ​ ​: ៤ ម​.​កា​រេ ក្នុង​មួយ​ក្បាល​ ​

  • មេ គោ ក្របី បំបៅកូន​ ​: ៤ - ៩ ម​.​កា​រេ ក្នុង​មួយ​ក្បាល​ ​

  • កូន គោ ក្របី​ ​ ​: ២ - ២.៥ ម​.​កា​រេ ក្នុង​មួយ​ក្បាល​


កំពស់​ក្រោល :​

  • គោ ក្របី ឈ្មោល​ ​: ១.៤០ ម - ១.៦០ ម​ ​ ​

  • ​គោ ក្របី ញី​ ​: ១.០០ ម - ១.២០ ម​ ​


​ត្រូវមាន​ទ្រុង​ដាក់​ស្មៅ ចំបើង ដើម្បី​ទុក​ឲ្យ​គោ ក្របី ស៊ី​បន្ថែម​ត្រូវ​មាន​អាង​ដាក់​លាមក សង់​ ​អោយ​ឆ្ងាយ​ពី​ក្រោល ។​

​II. ចំណី :​ ​

១. ប្រភេទ​ចំណី :​ ​

  • រុក្ខជាតិ​បៃតង : ស្មៅ​គ្រប់​ប្រភេទ ស្លឹក​ឈើ ដើម​ពោត ចុង​អំពៅ ទង​ដំឡូង ចំបើង ។​ល​។​​ ​

  • ប្រភេទ​មើម : ដំឡូងជ្វា ដំឡូង​មី​​ ​

  • ប្រភេទ​ផ្សេង​ទៀត : ចុង​អង្ករ ពោត កន្ទក់ កាក​សណ្តែក ម្សៅ​ត្រី ម្សៅ​ឆ្អឹង ម្សៅ​លាស​គ្រុំ​​អំបិល ។ ល ។​


​២. វិធានការ​ដោះស្រាយ​បញ្ហា​ចំណី :​

  • នៅ​រដូវប្រាំង និង រដូវ​លិច​ទឹក : ច្រើន​ខ្វះ​ស្មៅ ដូច្នេះ​អាច​អោយ​ស៊ី​ចំបើង ស្មៅ​ស្ងួត​..​។ ល​។​​ ​

  • រដូវ​ច្រូតកាត់ : ត្រូវ​ហាល​ចំបើង កញ្ជ្រាំង ធ្វើ​ជា​ស្នឹម រក្សាទុក​ឲ្យ​គោ ក្របី ស៊ី​បន្ថែម ។​​

  • ពេល​សំបូរ​ស្មៅ : ត្រូវ​កាត់​ស្មៅ​ខ្ចី ហាល​ឲ្យ​ស្ងួត ល្មម​ធ្វើជា​ស្នឹម ដូច​ចំបើង ដើម្បី​ទុក​ឲ្យ​វា​ស៊ី​​ ​ជ្រើស​យក​ស្មៅ​ដែល​ជិត​ចេញ​ផ្កា​ទើប​សំបូរ​ជីវជាតិ ។​



​របៀប​ចិញ្ចឹម​គោ​​


I. ការជ្រើសរើស​ពូជ :​

​១. ការជ្រើសរើស​ពូជ​គោ : ជាទូទៅ​កសិករ​របស់​យើង​ចិញ្ចឹម​គោ​គឺ ដើម្បី​ទុក​ភ្ជួរ រា​ស់ និង​អូស​ ​ទាញ ដូច្នេះ​ការជ្រើសរើស​គឺ ត្រូវ​ផ្អែក​លើ​សមត្ថភាព​ភ្ជួរ​រាស់ អូសទាញ​នេះឯង ។​​

​ក​/ អំពី​រូបរាង :​ ​

  • គោ​ឈ្មោល : មាឌ​ធំ មាន​លំនឹង ខ្ពស់​មុខទាប​ក្រោយ រហ័សរ​ហួន ស្លូត ។​ ​

  • ​គោ​ញី : មាឌ​ល្មម រហ័សរ​ហួន ស្លូត ។​ ​


​ខ​/ ផ្នែក​ដទៃទៀត :​ ​

  • ក្បាល : ធំ​ល្មមតែ​វែង ថ្ងាស​ទូលាយ មាត់​ទូលាយ ច្រមុះ​សើម ស្លឹកត្រចៀក​ធំ​ល្មម ធ្មេញ​ស​ ​ស្មើ ជិត​គ្មាន​ប្រេះស្រាំ ស្នែង​ស្មើ ។​ ​

  • ​ក និង ដងខ្លួន : កវែង​ល្មម ទ្រូង​ទូលាយ ស្មា​ទូលាយ ខ្នង​វែង​ត្រង់ ឬ កោង​ឡើងលើ​បន្តិច ឆ្អឹង​ ​ជំនី​ធំមូល គូទ​ទូលាយ ។​ ​

  • ​ជើង : ជើង​ទាំង​បួន​ធំ​ត្រង់ ជើង​មុខ​ទាំង​ពីរ​ឃ្លាត​គ្នា​ត្រង់ បាតជើង​ត្រង់​ខ្លី ធំ​ល្មម ក្បាលជង្គង់​ ​មូល ភ្លៅ​ក្រោយ​ទាំង​ពីរ​ធំ​វែង ក្រចកជើង​ជិត​រ៉ឹង​មាំ ។

  • កន្ទុយ : ធំ ​

  • ​ស្បែក : រលោង ស្តើង​ល្មម រោម​រាប​ជាប់​ស្បែក ​

  • ​ប្រដាប់​បន្ត​ពូជ : ​ ​


​គោ​ឈ្មោល : ពង​ទាំងពីរ​ធំ​ស្មើ​ ​ ​
​គោ​ញី : ក្រ​សោម​ដោះ​ធំ សរសៃឈាម​លើ​ដោះ លេច​ចេញ​ច្បាស់ ក្បាល់ដោះ​ធំ​ស្មើ​ ​ឃ្លាត​ពីគ្នា រោម​ទន់ យោនី​រីក​ស្មើ ។​ ​

​គ​/ លទ្ធភាព​ធ្វើ​ការងារ :

​ ​ដើរ​មិន​ទង្គិច​ជង្គង់ មិន​ក្បៀស​ក្រចក បាតជើង​ក្រោយ​ទាំង​ពីរ​ដើរ​ចំ​បាតជើង​មុខ ឬក៏​ហួស​ទៅ​ ​មុខ​បន្តិច ។​ ​ ​
- សាកល្បង​យក​វា​ទៅ​ភ្ជួរ​រា​ស់ អូសរ​ទះ រើស​ទុក​តែ​គោ​ណា ដែល​ដើរ​លឿន​មិន​ងាយ​ហត់ ។​ ​

​២. របៀប​បង្កាត់​ពូជ :

​ ​ត្រូវ​ជ្រើសរើស​រក​បា​ល្អ ដែល​នៅក្នុង​ភូមិ ឬ ក្នុង​ឃុំ​យើង​មាន​កាលណា មេគោ​រក​ឈ្មោល​យើង​ ​យក​បា​ណា​ដែល​យើង​ពេញចិត្ត ដែល​ក្នុង​តំបន់​ជិត​នោះ​មាន ឬ​ក៏​ប្រើ​វិធី​បង្កាត់​ដោយ​សិប្ប​និមិត្ត ជ្រើស​យក​ ​ទឹកកាម​បា​ដែល​យើង​ស្រឡាញ់​ចូលចិត្ត​មក​បង្កាត់ នោះ​នឹង​បាន​កូន​ល្អ តាម​ការចង់បាន ។​ ​

II. ការផ្តល់​ចំណីអាហារ និង ការ​ថែ​រទាំ :​ ​

១. ចិញ្ចឹម​គោ​ឈ្មោល :​

​ក​/ ការផ្តល់​ចំណី : រដូវរ​កញី ឈ្មោល ត្រូវ​បង្កើន​ចំណី​ពី ១០-២០% ក្នុង ១ ថ្ងៃ ប្រៀប​នឹង​​របប​ធម្មតា ។​​ ​

  • អោយ​ស៊ី​បន្ថែម​កន្ទក់ ពន្លក​ស្រូវ អំបិល (៣​គ​ក្រ ចំបើង + ០.៥ គ​ក្រ ពន្លក ស្រូវ +១.៥០ ​គ​ក្រ កន្ទក់​ម៉ត់ + ៦០​ក្រាម​អំបិល ក្នុង​គោ ១ ក្បាល ) ។​ ​


​ខ​/ ការ​ថែ​រទាំ :​

  • ​ខែ​ក្តៅ​ត្រូវ​ឧស្សាហ៍​មុជទឹក និង​លែង​ឲ្យ​វា​ដើរ​រកស៊ី​ដោយ​សេរី​ ​

  • ​ខែ​ភ្លៀង​បន្ថយ​ពេលវេលា​លែង​ឲ្យ​វា​ដើរ​រកស៊ី​ ​

  • ​ត្រូវ​ពិនិត្យមើល​ក្រចកជើង​វា​រាល់ថ្ងៃ ក្នុង​១​ឆ្នាំ ត្រូវ​ចិត​ក្រចក ២-៣ ដង ​

  • ​ចាប់ពី​អាយុ ៨ - ១០ ខែ ត្រូវ​ខ្លុះ​ច្រមុះ ដើម្បី​ងាយស្រួល​ដឹក​វា ។​ ​


​ចំពោះ​គោ​ឈ្មោ​អាច​ឲ្យ​ពាក់​ញី​ក្នុង​អាយុ ១៨ - ២៤ ខែ ។ ប្រើប្រាស់​មាន​ប្រសិទ្ធិភាព​ល្អ គឺ​ក្នុង​ ​ចន្លោះ​ពី ២-៦ ឆ្នាំ ។​ ​

​២. ចិញ្ចឹម​គោ​ញី :​

​ចំពោះ​គោ​ញី​ចាប់ផ្តើម​រក​ឈ្មោល​លើកដំបូង​អាយុ ១៨-២៤ ខែ​ ​

  • ​រដូវ : ២១ ថ្ងៃ​ ​

  • ​រយៈពេល​ផើម : ២៨០ - ២៨៥ ថ្ងៃ​ ​ ​


ក​/ ការផ្តល់​ចំណី :

ត្រូវ​ថែទាំ​មេគោ​ផើម​ឲ្យបាន​ហ្មត់ចត់ មិន​ត្រូវឲ្យ វា​ធ្វើការ​ហួសកម្លាំង​ទេ​។​ ​ពេល​កើតកូន​ត្រូវ​ឲ្យ​ស៊ី​ស្មៅ​ខ្ចី បន្ថែម​កន្ទក់ ម្សៅ​ត្រី អំបិល (៥០​ក្រាម​ក្នុង​គោ ១​ក្បាល ក្នុង​មួយ​ថ្ងៃ ) ។​ ​ ​

ខ​/ ការថែទាំ : ​ ​

* មុនពេល​កើត :​ ​ - ឲ្យ​មេគោ​សំរាក​ពី​ការងារ ១- ២ ខែ​មុន​ពេល​កើត​ ​ ​

  • អោយ​ស៊ី​ស្មៅ​ខ្ចី​ ​ ​

  • ក្រោល​ត្រូវ​ស្អាតបាត ស្ងៀមស្ងាត់​ ​


​* ពេល​កើត : ​ ​ជាទូទៅ​ការបង្កើត​កូន​របស់​មេ​គោ មិនសូវ​មាន​បញ្ហា​ទេ លើកលែងតែ​ក្នុង​ករណី​ដែល​មេ​ពិបាក​ ​កើត​ដោយ​សារ​កូនភ្លោះ ឬក៏​កូន​ក្នុង​ពោះ​ឋិត​ក្នុង​ស​ភាពមិនធម្មតា ។ ពេល​កើត​ភ្លាម​ត្រូវយក​ចំបើង​ជូត​ទឹក​ ​រំអិល​ឲ្យ​កូនគោ​ឲ្យបាន​ស្អាត រួច​ហើយ​ទុក​ឲ្យ​មេ​វាលិត ។ ឲ្យ​មេគោ​ផឹក​ទឹកអំបិល ឬ ក៏​ទឹកតែ​លាយ​ស្រា​ ( ទឹកតែ ១​លីត្រ + ស្រា ១០ សា្លប​ព្រាបា​យ ) តាម​ធម្មតា​សុក​ធ្លាក់​អស់​ក្នុង​ចន្លោះ​ពេល​ពី ៤-៦ ម៉ោង ។​ ​


* ក្រោយពេល​កើត : ​ ​យក​ទឹក​ក្តៅ​អ៊ុនៗ លាយ​អំបិល​លាង​ទឹក​សំអាត​ដោះ យោ​នី និង​ម្តុំ​គូទ ខាងក្រោយ ។​ ​

  • ​កើត​បាន ១ ម៉ោង​ត្រូវ​ឲ្យ​កូនគោ​បៅដោះ​ ​

  • ​ឲ្យ​មេគោ​ស៊ី​ស្មៅ​ខ្ចី ស៊ី​បបរ ឬក៏​ចំណី​ណា​ដែល​ស្រួល​រំលាយ​ ​

  • ​ឲ្យ​មេគោ​សំរាក ១​ខែ ក្រោយពេល​បង្កើតកូន រួច​ហើយ​ឲ្យធ្វើ​ការស្រាលៗ ជា​បណ្តើរៗ ។​ ​


​៣. ការ​ចិញ្ចឹម​កូន​គោ :

  • ​ឲ្យ​កូន​គោបៅ​ទឹកដោះ​ដំបូង​ភ្លាម ក្រោយពេល​វា​អាច​ងើបឈរ​បាន ។​ ​

  • ​ក្នុង ១០ ថ្ងៃ​ដំបូង​ត្រូវ​ឲ្យ​កូន​គោបៅ​ឲ្យបាន​ឆ្អែត​គ្រប់គ្រាន់​ ​ ​

  • មិន​ត្រូវ​លែង​កូន​គោ ឲ្យ​ដើរ​តាម​មេ​វា​ទេ​ ​ ​

  • ចាប់ពី​អាយុ ១ ខែ​ត្រូវ​បង្កាត់កូន​គោ​ឲ្យ​ចេះ​ស៊ី​ស្មៅ​ខ្ចី​ ​

  • ​អាច​ផ្តាច់ដោះ​កូន គោ​ក្នុង​អាយុ ៥- ៦ ខែ​


​៤. ចិញ្ចឹម​គោ​ភ្ជួរ​រាស់ អូសទាញ :​ ​

ក​/ ការផ្តល់​ចំណី :

បើ​ឲ្យ​គោ​ធ្វើការ​ពេញ ១ ថ្ងៃ​ត្រូវ​ឲ្យ​វា​ស៊ី ៣ ពេលព្រឹក ថ្ងៃត្រង់ និង​យប់ ។​ ​ត្រឡប់មក​ពី​ធ្វើការ មិន​ត្រូវ​ឲ្យ​ស៊ី​ភ្លាម​ទេ​ត្រូវ​ឲ្យ​វា​សំរាក លាង​ទឹក​សំអាត​ខ្លួនប្រាណ​ឲ្យ​វា រួចហើយ ៣០ ​នាទី​ក្រោយ​ឲ្យ​ផឹកទឹក លាយ​អំបិល (១០​ក្រាម​ក្នុង​ទំងន់ ១០០ គ​ក្រ​) រួច​ហើយ​សឹម​ឲ្យ​ស៊ី ។ ខែ​ក្តៅ ធ្វើការ​ ​ហើយ​មិន​ត្រូវ​ឲ្យ​គោ​ផឹកទឹក​ភ្លាម​ទេ ត្រូវ​ឲ្យ​វា​សំរាក ១៥-២០ នាទី សិន​សឹម​ឲ្យ​វា​ផឹកទឹក ។ ត្រូវ​ឲ្យ​គោ​ផឹក​ ​ទឹកស្អាត ២០ - ៣០ លីត្រ ។​ ​ ​

ខ​/ ការថែទាំ :

  • ក្រោយពេល​ភ្ជួរ​រាស់​រួច​ត្រូវ​ច្របាច់​ស្មា​ឲ្យ​វា​ ​

  • ​លាង​ទឹក​ឲ្យ​វា​រាល់ថ្ងៃ ក្រោយ​សំរាក​ពី​ការងារ ៣០ នាទី​ ​

  • ​បើ​ភ្ជួរ​ពេញ​មួយ​ព្រឹក ត្រូវ​ឲ្យ​សំរាក​ពី​រដង​ម្តង​ពី ២០-៣០ នាទី​ ​

  • ​បើ​ភ្ជួរ​រាស់​ជាប់​គ្នា ៥-៦ ថ្ងៃ គួរ​ឲ្យ​សំរាក ១ ថ្ងៃ​ ​

  • ​ក្នុង​រដូវ​ភ្ជួរ​រាស់​ខ្លាំង បើ​ឃើញ​សុខភាព​វា​ទ្រុឌទ្រោម​ត្រូវ​ឲ្យ​សំរាក ៣-៤​ថ្ងៃ បំប៉ន​ស្មៅ​ខ្ចី​ ​កន្ទក់ បបរ ។ ល​។​ ​ ​


៥. ចិញ្ចឹម​គោ​សាច់ :

ចែកជា ៣ តំណាក់កាល :

ក​/ តំណាក់កាល​បៅដោះ : គឺ​ចាប់ពី​ពេល​កើត​រហូតដល់​អាយុ ៦ ខែ​​

  • ​ក្រោយពេល​កើត គប្បី​ជូត​សំអាត​កូន​ឲ្យ​ស្អាត រួច​ហើយ​ឲ្យ​បៅ​ទឹកដោះ​ដំបូង​ ​ ​

  • អាយុ ២ ខែ ឲ្យ​ស៊ី​ស្មៅ​ខ្ចី​ ​ ​- អាយុ ៤ ខែ ឲ្យ​ស៊ី កន្ទក់ ចុង​អង្ករ កាក​សណ្តែក ម្សៅ​ត្រី ​


​ខ​/ ពី​អាយុ ៧ - ២១ ខែ :

​ ​អោយ​ស៊ី​បន្ថែម​ជាតិ​អុយ​រ៉េ (​តែ​មិនឲ្យ​លើស​ពី ២៥​ក្រាម ក្នុង​ទំងន់​សត្វ ១០០​គ​ក្រ​ក្នុង ១​ថ្ងៃ​) ​ហើយ​ត្រូវ​ចែក​ជា​ពីរ​ពេល ។ ដើម្បី​កុំ​ឲ្យ​ពិបាក ត្រូវ​គ្រៀវ​កូន គោ​ក្នុង​អាយុ ១ ឆ្នាំ ។​ ​

​គ​/ ពី​អាយុ ២២-២៤ ខែ :​ ​

  • រដូវក្តៅ លែង​ឲ្យ​ស៊ី​សេរី​លើ​វាលស្មៅ យប់​ឲ្យ​ស៊ី​បន្ថែម​ស្មៅ​ខ្ចី ចំបើង ស្មៅ​ស្ងួត ។​ ​

  • ​រដូវភ្លៀង មិន​ត្រូវ​ឲ្យ​គោ​នៅ​កណា្ត​ល​ភ្លៀង​យូរពេក​ទេ ត្រូវមាន​ស្មៅ ចំបើង បង្ការ​ទុក​ឲ្យ​គោ​ ​ស៊ី ។ ឲ្យ​ស៊ី​បន្ថែម កន្ទក់ កាក​សណ្តែក ម្សៅ​ត្រី ។​


របៀប​ចិញ្ចឹម​ក្របី​​


I. ការជ្រើសរើស​ពូជ :

​បើ​យើង​ជ្រើសរើស​ក្របី​សំរាប់​ភ្ជួរ​រា​ស់ អូសទាញ នោះ​ការជ្រើសរើស​គឺ ដូចគ្នា​នឹង​គោ​ដែរ ។​​

​II. របៀប​បង្កាត់​ពូជ :

​ ​អោយ​ពាក់​ផ្ទាល់ លែង​ក្របី​ញី និង ក្របី​ឈ្មោល ជាមួយគ្នា​ក្នុង ហ្វូង​នោះ​អត្រា​បង្ក​កំណើត​ខ្ពស់​ ​មិន​ចុះសោហ៊ុយ តែ​ក្របី ឆាប់​ចុះខ្សោយ ។​ ​ ​អោយ​ពាក់​តាម​ការកំណត់ : ចិញ្ចឹម​ក្របី​ញី​ដោយឡែក​ពី​ក្របី​ឈ្មោល ។ កាលណា​ក្របី​ញី​រក​ ​ឈ្មោល ទើប​យក​បា​ដែល​យើង​ពេញចិត្ត​មក​ឲ្យ​ពាក់ របៀប​នេះ​យើង​អាច​ដឹង ថ្ងៃ​ដាក់​ឈ្មោល និង​ថ្ងៃ​កើត​ ​ហើយ​អាច​ជ្រើសរើស ក្របី​ឈ្មោល​ល្អ​ទុក​ធ្វើ​ពូជ ។​ ​

III. ការផ្តល់​ចំណី និង ថែទាំ :​

​ក្របី​ឈ្មោល : អាយុ​ពី ២-២.៥​ឆ្នាំ ចាប់ផ្តើម​ហិត​ញី តែ​គប្បី​អោយ​វា​ពាក់​ញី​ក្នុង​អាយុ ៣-៤​ឆ្នាំ​ ​ហើយ​គ្រៀវ​ក្នុង​អាយុ ១០​ឆ្នាំ ។ ចំ​ពោះ​ក្របី​ឈ្មោល​ដែល​មិន​ទុក​ធ្វើ​ពូជ ត្រូវ​គ្រៀវ​ក្នុង​អាយុ ៥-៦ ឆ្នាំ ។​ ​

​ក្របី​ញី : អាយុ​ដាក់​ឈ្មោល​ជា​លើកដំបូង គឺ ២-៣ ឆ្នាំ ។​ ​

  • ​រយៈពេល​រក ឈ្មោល​ជា​មធ្យម​គឺ ៤ ថ្ងៃ (២-៩ ថ្ងៃ​) ។​ ​

  • ​រដូវ : ២៨ ថ្ងៃ​ ​

  • រយៈពេល​ផើម​ជា​មធ្យម ៣០៧ ថ្ងៃ (៣០០-៣១៥ ថ្ងៃ​) ​ ​ចំពោះ​ការថែទាំ និង ផ្តល់​ចំណី គឺ​ដូចគ្នា​នឹង​ការចិញ្ចឹម​គោ​ដែរ ។


(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៏)

No comments:

Post a Comment