ភ្នំពេញ: លោកប្រមុខការទូតកម្ពុជា ហោ ណាំហុង នឹងធ្វើជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមក្នុងសន្និសីទកំពូលលើកទី៣ ស្តីពី អន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ( CICA ) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង អ៊ីស្តង់ប៊ូល ប្រទេសទួរគី ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១០។ នេះបើតាមសេចក្តីជូនព័ត៌មាន របស់នាយកដ្ឋានព័ត៌មាន ក្រសួងការបរទេស ។
សេចក្តីជូនព័ត៌មាន របស់ក្រសួងការបរទេស នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែមិថុនានេះ បានបញ្ជាក់ថា សន្និសីទកំពូល រយៈពេល ៣ ថ្ងៃនេះ គឺជាវេទិកាសម្រាប់សហប្រតិបត្តិការចម្រុះ កិច្ចសន្ទនានយោបាយ និងការកសាងទំនុកចិត្ត ដើម្បីធានាសន្តិសុខ សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ី ។
លោកប្រមុខការទូត ហោ ណាំហុង ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមសន្និសីទកំពូលនេះ តបតាមការអញ្ជើញរបស់លោក ណីស៊ុលតង់ ណាហ្សាបេយូ ( Nursultan Nazarbayev ) ប្រធានាធិបតី នៃប្រទេសកាហ្សាកស្តង់ និងលោក អាប់ឌុលឡា ហ្គូល ( Abdulalah Gul ) ប្រធានាធិបតី នៃប្រទេសទួរគី ៕
(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៏)
No comments:
Post a Comment