ភ្នំពេញ: ឡាវទំនងជាប្រទេសទីមួយដែលនឹងចាប់ផ្តើមកសាងទំនប់វារីអគ្គីសនីនៅនឹងដងទន្លេ មេគង្គក្រោម។ នេះបើតាមការអះអាងរបស់អ្នកជំនាញការរបស់អង្គការទន្លេអន្តរជាតិ។
លោក ខាល មីឌលថុន អ្នកសំរបសំរួលនៃអង្គការទន្លេអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុងបាងកកបានប្រាប់អ្នកកាសែតតាមរយៈអ៊ីម៉ែលថា នៅក្នុងចំណោមគម្រោងកសាងទំនប់វារីអគ្គីសនីចំនួន១១កន្លែងដែលប្រទេសបីនៅអាងទន្លេមេគង្គក្រោមគ្រោងនឹងធ្វើការសាងសង់ នៅក្នុងតំបន់អាងទន្លេមេគង្គក្រោមនោះប្រទេសឡាវទំនងជានឹងចាប់ផ្តើមមុនគេ ។ លោក ខាល បានបញ្ជាក់ថា “ ហ្សាយ៉ាបូរី ដែលនៅភាគខាងជើងប្រទេសឡាវទំនងជានឹងក្លាយជាគម្រោងទំនប់វារីអគ្គីសនីទីមួយដែលនឹងស្នើសុំដើម្បីធ្វើការសាងសង់ជាផ្លូវការ”។
យោងទៅតាមការសិក្សារបស់អង្គការធៀរ៉ា បានឱ្យដឹងថា ទំនប់វារីអគ្គីសនីហ្សាយ៉ាបូរី នេះគឺជាទំនប់មួយដែលត្រូវបានរដ្ឋាភិបាលនៅក្នុងប្រទេសឡាវចុះអនុស្សារណៈយោគយល់គ្នា ជាមួយនឹងក្រុមហ៊ុនថៃមួយឈ្មោះ ថៃខន់ស្ត្រាក់សិន ឱ្យធ្វើការសិក្សារអំពីលទ្ធភាពនៃការកសាងទំនប់វារីអគ្គីសនីនេះកាលពីឆ្នាំ ២០០៧ ។ តាមការរំពឹងទុកទំនប់នេះនឹងអាចផ្តល់ថាមពលប្រមាណជា ១.២៦០ មេហ្គាវាត់ ហើយចំណាយទុនវិនិយោគប្រមាណជា ១,៧ពាន់លានដុល្លារ។ ប្រភពនោះបាន ឱ្យដឹងថា ទំនប់នេះអាចនឹងចាប់ផ្តើមធ្វើការសាងសង់ឡើងនៅក្នុងរង្វង់ឆ្នាំ ២០១១ ខាងមុខនេះ ។
ប្រភពដដែលនោះបានឱ្យដឹងថា ភ្លើងដែលប្រទេសឡាវផលិតចេញពីទំនប់វារីអគ្គីសនីនេះនឹងត្រូវបានរដ្ឋាភិបាលនៅក្នុងប្រទេសនេះលក់ចេញទៅកាន់ប្រទេសថៃទាំងអស់ ។
រហូតមកដល់ពេលនេះគេនៅមិនទាន់ដឹងច្បាស់ថា ផែនការកសាងទំនប់វារីអគ្គីសនីមួយនេះនឹងមានផលប៉ះពាល់យ៉ាងណាមួយពិតប្រាកដនៅឡើយទេ ក្រៅពីការសិក្សាមួយរបស់គណៈកម្មាធិការទន្លេមេគង្គ ដែលបានអះអាងថា ផែនការកសាងទំនប់នេះអាចនឹងបង្ករផលប៉ះពាល់ទៅដល់ត្រី និង ប៉ះពាល់ ទៅដល់ប្រជាពលរដ្ឋប្រមាណជា ១.៧២០ នាក់ ក្រៅពីនោះគេក៏បានព្រួយបារម្ភអំពីផលប៉ះពាល់បិរស្ថាន ផ្សេងៗទៀតដែលរួមមាន ទឹកជំនាន់ បំណាក់ច្រាំង អេកូឡូស៊ីរបស់ទន្លេ ជាដើម ៘
ក្រៅពីទំនប់នេះមួយនេះ ឡាវអាចនឹងលើកផែនការស្នើសុំកសាងទំនប់វារីអគ្គីសនីមួយទៀត គឺ ទំនប់វារីអគ្គីសនីដនសាហុង ។ នេះបើតាមការអះអាងរបស់តំណាងសង្គមស៊ីវិលដែលបានទៅចូលរួម វេទិកាពិភាក្សាមួយដែលរៀបចំឡើងដោយគណៈ កម្មាធិការទន្លេមេគង្គ នៅក្នុងទីក្រុងវៀងចាន់កាលពី ពេលថ្មីៗកន្លងទៅ ។
លោក ឈិត សំអាត នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាបានមានប្រសាសន៍ថា ក្រៅពីទំនប់មួយនៅភាគខាងជើងប្រទេសឡាវ ដនសាហុងក៏អាចជាជំរើសមួយទៀតដែល រដ្ឋាភិបាលឡាវអាចនឹងធ្វើការស្នើសុំសាងសង់ផងដែរ ។ លោកបាននិយាយបន្តទៀតថា ទំនប់នេះអាច នឹងមានផលប៉ះ ពាល់ដល់ប្រទេសកម្ពុជាដោយសារតែទំនប់នេះមានទីតាំងជិតនឹងព្រំដែននៃប្រទេសកម្ពុជា ។
យោងទៅតាមឯកសាររបស់អង្គការសម្ព័ន្ធទន្លេកម្ពុជាបានឱ្យដឹងថា ទីតាំងកសាងទំនប់នេះមាន ចំងាយប្រមាណជា ២ គ.ម ប៉ុណ្ណោះពីព្រំដែននៃប្រទេសកម្ពុជានៅក្នុងខេត្តស្ទឹងត្រែង ។ វាមានទីតាំង នៅនឹងដងទន្លេមេគង្គក្រោមដោយអាចនឹងកសាងវារីអគ្គីសនីបានកំលាំងពី ២៤០ ទៅ ៣៦០ មេហ្គាវ៉ាត់។
យោងទៅតាមពង្រាងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដែលត្រូវបានគណៈកម្មាធិការ ទន្លេមេគង្គបានប្រកាសកាលពីថ្ងៃទី ១៤ខែឧសភា កន្លងទៅ ហើយបានឆ្លងយោបល់របស់អ្នកវិទ្យាសាស្ត្រសង្គមស៊ីវិល និង អ្នកបរិស្ថាន អ្នកវិនិយោគទុនកាលពីចុងខែឧសភា បានឱ្យដឹងថា នៅក្នុងចំណោម ទំនប់១១ កន្លែងដែលគេបានស្នើនោះទំនប់វារីអគ្គីសនី ហ្សាយ៉ាបូរី មកដល់ពេលនេះបានបញ្ចប់ការសិក្សា អំពីលទ្ធភាពកសាងទំនប់នោះរួចហើយ។ដោយឡែកសំរាប់ទំនប់ដនសាហុងវិញនោះគឺមិនគ្រាន់ តែបញ្ចប់ការសិក្សាអំពីលទ្ធភាពនៃការកសាងទំនប់ទេប៉ុន្តែឈានទៅដល់ការបញ្ចប់ការសិក្សាហេតុប៉ះពាល់បរិស្ថាន ថែមទៀតផង។ បច្ចុប្បន្ន ទំនប់ដនសាហុងនេះកំពុង តែស្ថិតនៅក្នុងដំណាក់កាលសិក្សាបន្ថែមមុន នឹងទទួលការយល់ព្រមឱ្យសាងសង់។
ទំនប់វារីអគ្គីសនីចំនួន ១១ កន្លែងដែលកំពុងតែស្នើដោយបណ្តាប្រទេសនៅអាងទន្លេមេគង្គ ក្រោម គឺមាន ទំនប់បាក់បេង អាចរំពឹងថា ទាញថាមពលបាន ១. ២៣០មេហ្គាវ៉ាត់, ទំនប់លួងប្រាបាងមានកំលាំងប្រម៉ាណជា១.៤០០មេហ្គាវ៉ាត់,ទំនបបាក់ឡាយអាចផលិតថាមពលបាន ១.៣០០ មេហ្គាវ៉ាត់ ,ទំនប់សាណាឃាំ មានកំលាំង ៧០០ មេហ្គាវ៉ាត់, ទំនប់ បានគូម កំលាំង១.៨០០ មេហ្គាវ៉ាត់ ,ទំនប់ ឡាតសួ ថាមពល៦៨០ មេហ្គាវ៉ាត់ និង ទំនប់វារីអគ្គីសនី ហ្សាយ៉ាបូរី និង ដនសាហុងខាងលើ កំពុងតែស្នើដោយ ឡាវ និង មានពីរ គឺរួមគ្នាធ្វើរវាងថៃ និង ឡាវ ។ សំរាប់កម្ពុជាគឺមានពីរដែរ គឺស្ទឹងត្រែងអាចផ្តល់ថាមពលប្រមាណជា៥៩០មេហ្គាវ៉ាត់តែមិនទាន់មានការសិក្សាប្ញចុះអនុស្សារណៈអ្វីនៅឡើយលើកលែង តែសំបូរដែលគេរំពឹងថា អាចមាន ថាមពល ប្រមាណជា ២.០០០មេហ្គាវ៉ាត់នោះ ។
ជុំវិញផែនការកសាងទំនប់វារីអគ្គីសនីទាំងអស់នោះគណៈកម្មាធិការទន្លេមេគង្គបានឱ្យដឹងថា ផែន ការកសាងទំនប់ទាំងអស់នេះអាចនឹងប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណជា ២,១លាននាក់ ។ ដោយនៅក្នុងនោះសំរាប់ប្រទេសកម្ពុជាគឺមានប្រមាណជា ២ សែននាក់ ។ ក្រៅពីនោះវានឹងធ្វើឱ្យមានបញ្ហាជាច្រើនទៀតដូចជា បញ្ហាពាណិជ្ជកម្មត្រី ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការបំផ្លាញបរិស្ថាន ការផ្លាស់ប្តូរនូវ អេកូឡូស៊ីរបស់ទន្លេ និង បំរែបំរួលអាកាសធាតុជាដើម ។ផល ប៉ះពាល់ទាំងអស់នេះអាចកើត មានឡើង ដោយប្រយោល និង ផ្ទាល់ ។ សំរាប់កម្ពុជាបើទោះបីជា មានប្រជាពលរដ្ឋប៉ះពាល់ដោយផ្ទាល់ត្រឹមតែប៉ុណ្ណោះ។តែកម្ពុជានឹងប្រឈមមុខនឹងផលប៉ះពាល់ដោយប្រយោលខ្ពស់។ ពង្រាងរបាយការណ៍នេះបានបញ្ជាក់ថា “ កម្ពុជានឹងក្លាយជាប្រទេសដែលរងផលប៉ះពាលដោយប្រយោលខ្ពស់ ជាពិសេសលើផ្នែកជលផល ។ គេបានប៉ាន់ប្រមាណថា កម្ពុជាប៉ះពាល់ប្រមាណជា ៤៣ ភាគរយ បន្ទាប់មកគឺវៀតណាមដែលមានប្រមាណជា ២៣ ភាគរយ ” ។
ប្រភពដដែលនោះបានឱ្យដឹងថា ផែនការកសាងទំនប់វារីអគ្គីសនីទាំងអស់នេះធ្វើ ឱ្យប៉ះពាល់ដល់ សកម្មភាពសេដ្ឋកិច្ចមានតម្លៃរហូតដល់ទៅជិត ១៩ ពាន់លានដុល្លារ ។
បើទោះបីគណៈកម្មាធិកាទន្លេមេគង្គបានរកឃើញអំពីផលប៉ះពាលនេះពីគម្រោងកសាងទំនប់ វារីអគ្គីសនីមានតម្លៃដ៏ធំធេងក៏ដោយក៏របាយការណ៍នេះនឹងមិនមានឥទ្ធិពលអ្វីទៅលើសេចក្តីសំរេចចិត្ត របស់រដ្ឋាភិបាលម្ចាស់គម្រោងទាំងនោះឡើយ ។
លោក ខាល បានឱ្យដឹងថា ការសិក្សារបស់គណកម្មាធិការទន្លេមេគង្គខាងលើនេះគឺគ្រាន់តែជា ការសិក្សាដែលគេរៀបចំឡើងដើម្បីបញ្ជក់អំពីផលប៉ះពាល់និង កាលានុវត្ត ភាពដែលពាក់ពាក់នឹងគម្រោង និង ដើម្បីបង្ហាញអំពីដំណើរការនៃការធ្វើសេចក្តីសំរេចចិត្តតែប៉ុណ្ណោះ ។
ចំពោះគម្រោងអភិវឌ្ឈន៍ទំនប់វារីអគ្គីសនីទាំងនេះ លោកបានឱ្យដឹងថា ការអភិវឌ្ឍន៍ដើម្បីទាំងអស់គ្នាគឺវាមានសារៈសំខាន់ណាស់ ។ លោកបានបន្ត ទៀតថា ទំនប់វារីអគ្គីសនីទាំងនេះអាចនឹងនាំផលប្រយោជន៍ និង តម្លៃជាច្រើនដល់អ្នកខ្លះ ប៉ុន្តែវាអាចនឹងផ្តល់ផលប៉ះពាល់ដល់សន្តិសុខស្បៀង បរិស្ថាន ហើយនិងមនុស្សដែលពឹងអាស្រ័យនៅលើទន្លេ។ លោកបានបន្តទៀតថា វាមានផ្លូវដែលប្រសើរច្រើន ជាជាងការ កសាងទំនប់នៅនឹងដងទន្លេ ដើម្បីនឹងបំពេញតំរូវការថាមពលនៅក្នុងតំបន់ ។ ការ ជ្រើសរើស នូវជំរើសផ្សេងៗ អាចនឹងឱ្យ ទន្លេមេគង្គបន្តចិញ្ចឹមប្រជាពលរដ្ឋតទៅទៀត ៕
(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូ)
No comments:
Post a Comment