តាមពត៌មានក្នុងស្រុករាយការណ៍នាថ្ងៃពុធនេះ ដោយក្រុមមន្ត្រីសុខាភិបាល ឲ្យដឹងថា ករណីជម្ងឺគ្រុនឈាមក្នុងឆ្នាំនេះ មានច្រើនជាងពាក់កណ្តាល ប្រៀបធៀបទៅនឹងរយៈពេល ៦ខែដំបូង ក្នុងឆ្នាំ២០០៩។ទោះបីជាយ៉ាងណាក៏ដោយ ក្រុមមន្ត្រីសុខាភិបាល បានប្រកាសប្រាប់ជាមុនថា ភាគច្រើននៃការឆ្លងជម្ងឺគ្រុនឈាម កើតឡើងពេលដែលរដូវវស្សាឈានចូលមកដល់។
តាមការដកស្រង់សំដីលោក ញាន ចាន់ថា ប្រធាននៃកម្មវិធីការពារជម្ងឺគ្រុនចាញ់នៃក្រសួងសុខាភិបាល ដោយកាសែតខេបូឌា ដេលី បានឲ្យដឹងថា "មនុស្សចំនួន ៧នាក់ ត្រូវបានស្លាប់ក្នុងពាក់កណ្ដាលខែទី៥ដំបូងក្នុងឆ្នាំនេះ ចំនួនស្លាប់នេះស្មើនឹងចំនួនស្លាប់កាលពីឆ្នាំមុន ប៉ុន្តែការឆ្លងជម្ងឺគ្រុនឈានបានធ្លាក់ចុះក្នុងរយៈពេលដូចគ្នានេះ ចាប់ពី ២.៤៣១នាក់ មក ១.១១១នាក់"។ លោក ញាន ចាន់ថា និយាយថា "ចំនួននេះធ្លាក់ចុះ ដោយសារតែ យើងបានកំពុងធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យបន្តរក្សាការការពារលើសត្វមូសដែលបឺតឈាម នារដូវវស្សានេះ"។
លោកបាននិយាយបន្តថា "ចាប់ពីសប្តាហ៍ទី២១ ដល់សប្តាហ៍ទី២២ ករណីជម្ងឺគ្រុនឈាមកើនឡើងយ៉ាងឆាប់រហ័ស រហូតមានដល់ទៅ ២៤២ករណី។ យើងគួរតែធ្វើការប្រុងប្រយ័ត្ន ដោយសារតែក្នុងខែកក្កដា ជាខែមួយដែលងាយនឹងរងគ្រោះដោយសារជម្ងឺនេះជាទីបំផុត" ។
លោក ហៃ រ៉ា ប្រធាននាយកដ្ឋានសុខាភិបាលខេត្តកំពង់ចាម លើការការពារជម្ងឺគ្រុនឈាម និយាយថា "ជម្ងឺគ្រុនឈាមមានការថយចុះដោយសារតែរដូវវស្សាក្នុងឆ្នាំនេះ ភ្លៀងធ្លាក់មកយឺតជាងឆ្នាំមុន ហើយយើងបានបង្កើនការផ្សព្វផ្សាយជាសាធារណៈ និងពង្រឹងប្រព័ន្ធសុខាភិបាល"។ លោកបានបន្តទៀតថា នៅក្នុងសប្តាហ៍ទី២១ក្នុងឆ្នាំនេះ ករណីជម្ងឺគ្រុនឈាម ១២២ករណី ហើយមានមនុស្សស្លាប់ ២នាក់ ក្នុងខេត្តកំពង់ចាម ធ្លាក់ចុះជាងកាលពីឆ្នាំមុន មាន៣១៥ករណី ហើយមនុស្សស្លាប់ ៣នាក់។
ខេត្តកំពង់ចាម ជាខេត្តមួយដែលជាប់ចំណាត់ថ្នាក់លេខ២ ខាងមានជម្ងឺគ្រុនឈាមច្រើន បន្ទាប់ពីរាជធានីភ្នំពេញ ហើយបន្ទាប់មកទៀតគឺខេត្តកណ្តាល និងខេត្តសៀមរាប៕
(ដកស្រង់ចេញពីគេហទំព័រ នគរវត្ត)
No comments:
Post a Comment