
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា ដំណើរបេសកកម្មរបស់លោកស៊ូយ៉ា ស៊ូប៊ឺឌី នៅក្នុងប្រទេសកម្ពុជា លើកទី៣នេះ គឺផ្តោតលើដំណើរការវិស័យយុត្តិធម៌។ អ្នករាយការណ៍ពិសេស ស្តីពីសិទ្ធិមនុស្សនៅកម្ពុជាគូសបញ្ជាក់ថា វិស័យយុត្តិធម៌ គឺស្ថាប័នដ៏សំខាន់ ដែលលោកនឹងបន្តវាយតម្លៃ ដើម្បីចូលរួមលើកស្ទូយ និងការពារសិទ្ធិមនុស្ស ពោលគឺ ដើម្បីឲ្យមានការចូលរួមពីមនុស្សទូទៅ ដើម្បីធ្វើឲ្យមានប្រព័ន្ធយុត្តិធម៌មួយល្អ និងត្រឹមត្រូវ។ គួរបញ្ជាក់ថា នៅក្នុងបេសកកម្មលើកទី១ កាលពីឆ្នាំ ២០០៩ អ្នករាយការណ៍ពិសេសរូបនេះបានផ្តោតជាសំខាន់ លើការស្វែងយល់ពីស្ថានការណ៍សិទ្ធិមនុស្សទូទៅនៅកម្ពុជា ក្រោយពីលោកត្រូវបានក្រុមប្រឹក្សាសិទ្ធិមនុស្សជ្រើសតាំងឲ្យធ្វើជាអ្នករាយការណ៍ពិសេស ជំនួសតំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ យ៉ាស្ហ ហ្គាយ ហើយបេសកកម្មលើកទី២របស់លោក នៅខែមករា ឆ្នាំ ២០១០ គឺតាមដាន និងពិនិត្យមើលប្រសិទ្ធភាពការងាររបស់ស្ថាប័នរដ្ឋទាំងឡាយ ដែលទទួលខុសត្រូវក្នុងការលើកស្ទួយ និងការពារនីតិរដ្ឋ និងដោះស្រាយ បញ្ហាសិទ្ធិមនុស្សរបស់ប្រជាជនកម្ពុជា។
អ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រខ្មែរ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ តាមការគ្រោងទុក លោកនឹងជួបពិភាក្សាជាមួយនឹងមន្ត្រីរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រុមមន្ត្រីតំណាងឲ្យស្ថាប័ន ដែលមានការពាក់ព័ន្ធនឹងកំណែទម្រង់ច្បាប់និងយុត្តិធម៌ និងមន្ត្រីនៅក្រសួងយុត្តិធម៌ ក៏ដូចជាប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ប្រព័ន្ធតុលាការ សង្គមស៊ីវិលព្រមទាំងដៃគូអភិវឌ្ឍន៍នានា ដែលបានចូលរួមនៅក្នុងវិស័យយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា។ មន្ត្រីគណបក្សប្រឆាំងនៅកម្ពុជាក៏ត្រូវគេរំពឹងថានឹងមានការជួបពិភាក្សាជាមួយនឹងអ្នករាយការណ៍ពិសេស ស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដែរ។ បញ្ហាជាច្រើន ជាពិសេសទាក់ទងនឹងប្រព័ន្ធយុត្តិធម៌កម្ពុជាបច្ចុប្បន្ននឹងត្រូវបានគេលើកឡើងនៅក្នុងដំណើរទស្សនកិច្ចរបស់ លោកស៊ូយ៉ា ស៊ូប៊ឺឌី នៅកម្ពុជាលើកនេះ។
នៅពេលទាក់ទង នៅថ្ងៃអាទិត្យនេះ ទាំងមន្ត្រីរដ្ឋាភិបាលកម្ពុជា និងមន្ត្រីគណបក្សប្រឆាំងបានស្វាគមន៍ ចំពោះបេសកកម្មនេះ ដោយរំពឹងថានឹងទទួលបានកិច្ចសហប្រតិបត្តិការផ្លែផ្កា និងអាចកែប្រែប្រព័ន្ធយុត្តិធម៌ នៅកម្ពុជា។ ប្រព័ន្ធយុត្តិធម៌ និងសិទ្ធិមនុស្សកម្ពុជា ដែលតាមការកត់សម្គាល់របស់លោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស គឺមិនទាន់បានឆ្លើយតបនៅឡើយ ចំពោះអ្វីដែលរដ្ឋាភិបាលបានសន្យា។ ដូច្នេះការចុះមកត្រួតពិនិត្យរបស់មន្ត្រីអង្គការសហប្រជាជាតិនេះ គឺជាការល្អ ដើម្បីកែប្រែចំណុចអវិជ្ជមាន។ លោកកឹម សុខា បានថ្លែងថា ដំណើរការប្រព័ន្ធយុត្តិធម៌ ដែលជាប្រធានបទសំខាន់នៃដំណើរទស្សនកិច្ចរបស់លោកស៊ូប៊ឺឌីលើក នេះ គឺជាប្រធានបទសំខាន់ ខណៈដែលប្រជាជនខ្មែរកំពុងតែជួបប្រទះនូវភាពអយុត្តិធម៌ និងក្នុងពេលដែលរដ្ឋាភិបាលបានប្រើប្រាស់ឥទ្ធិពលតុលាការមកគាបសង្កត់លើប្រជាពលរដ្ឋ ដែលបានសម្តែងមតិរបស់ខ្លួន និងកំពុងតែធ្វើការទាមទារដីធ្លីរបស់ខ្លួនជាដើម។ បើតាមលោកកឹម សុខា ប្រជាពលរដ្ឋខ្មែរកំពុងតែអស់សង្ឃឹមលើប្រព័ន្ធយុត្តិធម៌កម្ពុជា។ ដូច្នេះវត្តមានរបស់លោកស៊ូយ៉ា ស៊ូប៊ឺឌី គឺនឹងមានសារៈសំខាន់ក្នុងការកែប្រែបញ្ហាទាំងនេះ។
ក៏ប៉ុន្តែការលើកឡើងថា ប្រព័ន្ធយុត្តិធម៌កម្ពុជាមិនដំណើរការល្អ មានភាពអយុត្តិធម៌នេះត្រូវបានច្រានចោលដោយមន្ត្រីរដ្ឋាភិបាលកម្ពុជា។ លោកទិត សុធា មន្ត្រីអ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្ត្រីបានថ្លែងថា អ្វីដែលលើកឡើងដោយមន្ត្រីគណបក្សប្រឆាំងគ្រាន់តែជាមតិរិះគន់តែប៉ុណ្ណោះ ប៉ុន្តែមិនបានស្តែងពីការពិតនៅកម្ពុជាឡើយ។ លោកទិត សុធា បានអះអាងថា កម្ពុជាមានប្រព័ន្ធតុលាការមួយ ដែលកំពុងតែដើរលើផ្លូវត្រូវក្នុងការផ្តល់យុត្តិធម៌ជួនដល់ពលរដ្ឋខ្មែរ។
មន្ត្រីរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់នៅថ្ងៃនេះថា ទំនាក់ទំនងរវាងរដ្ឋាភិបាលកម្ពុជា និងលោកស៊ូយ៉ា ស៊ូប៊ឺឌី គឺមានលក្ខណៈល្អបំផុត និងមានភាពខុសប្លែកគ្នាពីទំនាក់ទំនងជាមួយនឹងលោកយ៉ាស្ហ ហ្គាយ។ ខុសគ្នានៅត្រង់ថា អ្នករាយការណ៍ពិសេសថ្មីនេះបានស្គាល់ពីស្ថានការណ៍គោរពសិទ្ធិមនុស្សជាក់ស្តែងនៅកម្ពុជា និងបានសរសេររបាយការណ៍ដោយឈរនៅលើការពិត ស្តាប់ទាំងគ្រប់ភាគីទាំងអស់មិនថា រដ្ឋាភិបាល ឬបក្សប្រឆាំង និងសង្គមស៊ីវិលទេ ពោលគឺលោកស៊ូយ៉ា ស៊ូប៊ឺឌី បានធ្វើសំយោគរបាយការណ៍ ស្តីពីសិទ្ធិមនុស្សរបស់ លោកបានល្អ។ លោកទិត សុធា បានបន្តថា រដ្ឋាភិបាលរំពឹងថា របាយការណ៍របស់លោកស៊ូយ៉ា ស៊ូប៊ឺឌី នឹងផ្តល់យុត្តិធម៌ សម្រាប់ការគោរពសិទ្ធិមនុស្សនៅកម្ពុជា និងស្វាគមន៍ចំពោះអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សនៅកម្ពុជា៕
(ដកស្រង់ចេញពីគេហទំព័រ RFI-ខេមរភាសា)
No comments:
Post a Comment