
កាលបរិច្ឆេទនៃព្រះរាជដំណើរទស្សនកិច្ចរបស់សម្តេចឪនរោត្តមសីហនុទៅកាន់ប្រទេសវៀតណាមនៅមិនទាន់កំណត់ច្បាស់លាស់នៅឡើយទេ ប៉ុន្តែព្រះអង្គនឹងយាងទៅបំពេញព្រះរាជទស្សនកិច្ចនៅទីក្រុងហាណូយនៅចុងខែមិថុនានេះ។ នេះបើយោងតាមបន្ទូលរបស់អ្នកអង្គម្ចាស់ស៊ីសុវត្ថិធម្មិកោមន្ត្រីជំនួយការផ្ទាល់របស់សម្តេចឪដែលបានឲ្យដឹងនៅថ្ងៃសៅរ៍នេះ។
ព័ត៌មានស្តីពីព្រះរាជដំណើរទស្សនកិច្ចរបស់អតីតព្រះមហាក្សត្រខ្មែរទៅកាន់ប្រទេសវៀតណាមបានលេចលឺជាច្រើនថ្ងៃមកហើយ។ ព្រះរាជដំណើរទស្សនកិច្ចដ៏កម្រនេះបានធ្វើឲ្យមហាជនជាទូទៅចាប់អារម្មណ៍និងចោទសួរអំពីខ្លឹមសារនៃព្រឹត្តិការណ៍នេះ។អ្នកអង្គម្ចាស់ស៊ីសុវត្ថិធម្មិកោបានពន្យល់ថានេះគឺជាព្រះរាជដំណើរទស្សនកិច្ចជាមិត្តភាពនិងជាការឆ្លើយតបទៅនឹងការអញ្ជើញរបស់ប្រធានាធិបតីវៀតណាមលោកNguyên Minh Triêt កាលពីខែកុម្ភៈកន្លងទៅ។បើយោងតាមប្រភពដដែលអតីតព្រះមហាក្សត្រគ្រោងនឹងបំពេញព្រះរាជទស្សនកិច្ចរយៈពេលបីឬបួនថ្ងៃនៅលើទឹកដីវៀតណាម។
ព្រះរាជទស្សនកិច្ចរបស់ព្រះមហាវរក្សត្រខ្មែរបានធ្វើឡើងជួនចំពេលដែលគណបក្សប្រឆាំងកើតទុក្ខមិនសុខចិត្តចំពោះការបោះបង្គោលព្រំដែនរវាងប្រទេសកម្ពុជានិងវៀតណាម។តំណាងរាស្រ្តគណបក្សសមរង្ស៊ីបានឆ្លៀតឱកាសនេះដើម្បីសរសេរលិខិតមួយច្បាប់ទូលស្នើសម្តេចឪឲ្យលើកឡើងពីបញ្ហាព្រំដែនជាមួយមេដឹកនាំទីក្រុងហាណូយ។
ប៉ុន្តែសំណើនេះមិនត្រូវបានស្វាគមន៍ដោយមន្រ្តីព្រះបរមរាជវាំងឡើយ។អ្នកអង្គម្ចាស់ស៊ីសុវត្ថិធម្មិកោបានមានបន្ទូលដោយមិនសប្បាយព្រះទ័យថាគណបក្សសមរង្ស៊ីគួរមើលរដ្ឋធម្មនុញ្ញសិនមុននឹងធ្វើសំណើបែបនេះ។ជំនួយការរបស់សម្តេចឪទ្រង់ពន្យល់ថាព្រះមហាក្សត្រមិនអាចលូកលាន់ចូលក្នុងកិច្ចការនយោបាយបានឡើយ។ ម្យ៉ាងទៀតសម្តេចឪទ្រង់ចូលនិវត្តន៍ទៅហើយតាំងពីឆ្នាំ២០០៤មកម៉្លេះ។ ដូច្នេះព្រះអង្គរឹតតែមិនអាចពិភាក្សាអំពីបញ្ហាព្រំដែនបានឡើយ៕
(ដកស្រង់ចេញពីគេហទំព័រ RFI-ខេមរភាសា)
No comments:
Post a Comment