Monday, June 7, 2010

សិង្ហ​បុរី​ជា​ប្រទេស​ដែល​គួរ​ឱ្យ​ចង់​ប្រកប​មុខ​ជំនួញ​បំផុត​លើ​លោក

ប្រទេសសិង្ហ​បុរី​លទ្ធផល​ស្រាវជ្រាវ​នៃ​កិច្ចប្រជុំ​សេដ្ឋកិច្ចពិភពលោក(​WEF​) រក​ឃើញ​ថា ប្រទេសសិង្ហ​បុរី​នៅ​តែ​គ្រប់គ្រង​តំណែង​ជា​ប្រទេស ដែល​គួរ​ឱ្យ​ចង់​ប្រកប​មុខ​ជំនួញ​បំផុត​នៅ​លើពិភពលោក​តាម​រយៈ​ការ​រៀបចំ​លំដាប់ថ្នាក់​សរុប​ចំនួន​១២៥​ប្រទេស ដោយ​ស្ទាបស្ទង់លើក​ត្ដា​ចំនួន​៤ រួម​មានការ​បើក​ទីផ្សារ ការគ្រប់គ្រង​ច្រកចេញ​ចូល​តាម​ព្រំដែន គំរោងសាងសង់​ផ្នែក​គមនាគមន៍ និង​ស្ថានភាព​បរិ ស្ថាន​ទូទៅ​ក្នុង​ការ​ធ្វើ​ជំនួញ​។ ចំណែកប្រទេស​ថៃ​ត្រូវ​បាន​ចាត់​នៅ​លំដាប់ថ្នាក់​ទី ៦០ រំកិល​ធ្លាក់​កាលពី​ឆ្នាំ​មុន​ដែល​ស្ថិត​ក្នុងលំដាប់​ទី​៥០ ។

ដោយឡែក​ការ​ស្រាវជ្រាវ​របស់​ក្រុមហ៊ុនទីប្រឹក្សា​ភាព​ប្រថុយប្រថាន​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច (​PERC​) ដោយ​យោង​លើប្រទេស​ទាំង​១២ និង​ដែនដី​សំខាន់​របស់​អាស៊ី ឃើញ​ថា ប្រទេស​ឥណ្ឌា ឥណ្ឌូ​ណេ​ស៊ី និង​ហ្វ៉ី លី​ពី​ន គឺ​មាន​ប្រព័ន្ធ​ផ្នែក​ស្ថាប័នរដ្ឋ​គ្មានប្រសិទ្ធភាព​ច្រើន​បំផុត​នៅ​អាស៊ី ព្រោះ​មាន ស្ថានភាព​ស្មុគស្មាញ និង​បង្កើត​ផលវិបាក​ដល់ប្រជាជន រួម​ទាំង​រារាំង​លើ​ការ​វិនិយោគទុនបរទេស ។ ក្រុមហ៊ុន PERC បាន​កំណត់​ការស្ទាបស្ទង់​ពី​ពិន្ទុ​១​ដល់​១០ ឬ​ជា​ការ​ស្ទាបស្ទង់ចាប់ពី​ប្រទេស​ដែល​មាន​លក្ខណៈ​គ្រប់គ្រង​ល្អ រហូត​ដល់​ប្រព័ន្ធ​គ្រប់គ្រង​ដ៏​យ៉ាប់យ៉ឺន​នៅអាស៊ី ក្នុង​នោះ​រួម​មាន​ប្រទេស​សិង្ហ​បុរី​ស្ថិតនៅ​លំដាប់​ទី​១ ដែល​មាន​ប្រព័ន្ធ​គ្រប់គ្រងរដ្ឋបាល​ល្អ​បំផុត​នៅ​អាស៊ី ដោយ​មាន​២,៥៣ ពិន្ទុ និង​លំដាប់​ទី​២នៅ​អាស៊ី គឺ​ហុងកុង​មាន ៣,៤៩​ពិន្ទុ និង​ស្ថិត​នៅ​លំដាប់​ទី​៣​នៅ​លើពិភពលោក​។

ចំណែក​ប្រទេស​ដែល​មានការ​គ្រប់គ្រងរដ្ឋបាល​យ៉ាប់យ៉ឺន​បំផុត​នៅ​តំបន់​អាស៊ី ដោយគិត​តាម​លំដាប់​ពិន្ទុ​ពី​ខ្ពស់​ទៅ​ទាប គឺ​ប្រទេសឥណ្ឌា​ជា​ប្រទេស​ដែល​មាន​ប្រព័ន្ធ​គ្រប់គ្រងលើ​មុខ​ជំនួញ​ទាប​បំផុត​មាន​៩,៤១​ពិន្ទុ ខណៈ ពេល​លំដាប់​ទី​២​ជា​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី មាន ៨,៥៩​ពិន្ទុ លំដាប់​ទី​៣ គឺ​ហ្វ៉ី​លី​ពី​ន​មាន ៨,៣៧​ពិន្ទុ ។ សំរាប់​លំដាប់​ទី​៤ គឺ​វៀតណាម មាន​៨,១៣​ពិន្ទុ លំដាប់​ទី​៥ ប្រទេស​ចិន​មាន ៧,៩៣​ពិន្ទុ និង​ទី​៦ គឺ​ប្រទេស​ម៉ា​ឡេ​ស៊ី​មាន ៦,៩​ពិន្ទុ​។

ក្រៅពី​នេះ​តៃវ៉ាន់​ជា​ដែនដី​មួយ​ស្ថិត​ក្នុងលំដាប់​ទី​៧​មាន​៦,៦០​ពិន្ទុ លំដាប់​ទី​៨ គឺ ប្រទេស​ជប៉ុន​មាន​៦,៥៧​ពិន្ទុ លំដាប់​ទី​៩ កូរ៉េខាងត្បូង​មាន​៦,១៣​ពិន្ទុ និង​លំដាប់​ទី​១០ គឺ ប្រទេស​ថៃ​មាន​៥,៥៣​ពិន្ទុ និង​ស្ថិត​នៅ​លំដាប់ទី​៦០​នៅ​លើ​ពិភពលោក ៕

(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)

No comments:

Post a Comment