Wednesday, June 9, 2010

ទ័ពសៀម រត់ចោលសាក់កាដូ និងសម្ភារៈសឹក ក្រោយបាញ់គ្នា១៥នាទី

ខេត្តឧត្តរមានជ័យ៖ សេចក្តីរាយការណ៍ពី តំបន់សមរភូមិជួរមុខ បានឱ្យដឹងកាលពីថ្ងៃ អង្គារ ថា នៅវេលា ម៉ោង ៩ និង ៥០នាទី ព្រឹកថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០១០ កងទ័ព កម្ពុជា-សៀម បានបើកការបាញ់ប្រហារគ្នា មួយប្រាវនៅចំណុចអូរចំបក់ក្បែរជប់រុនស្រុក ត្រពាំងប្រាសាទ ប៉ុន្តែពុំបណ្តាល ឱ្យកងទ័ព កម្ពុជាណាម្នាក់រងរបួសនោះទេ ចំណែកឯ ភាគីកងទ័ពសៀមវិញ បោះបង់ចោលទីតាំងភាគីកងទ័ពសៀមវិញ បោះបង់ចោលទីតាំង និង បន្សល់នូវសម្ភារៈសឹកជាច្រើន ហើយថា អាចមានអ្នកស្លាប់ផងដែរ ។

នាយឧត្តមសេនីយ៍ ជា តារា អគ្គ មេបញ្ជា ការរងនៃកងយោធពលខេមរភូមិន្ទ   និងជា មេបញ្ជាការសមរភូមិ ប្រាសាទព្រះវិហារ បានឱ្យមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ដឹង ថា ការផ្ទុះអាវុធបានកើតមានឡើងនៅខណៈ ដែលកងទ័ពកម្ពុជា ១៥ នាក់ បានដើរល្បាត នៅតាមខ្សែក្រវ៉ាត់ព្រំដែន ហើយ រំពេចនោះ ក៏មានការជួបគ្នាជាមួយកងទ័ពសៀម ស្រាប់ តែពួកគេបើកការបាញ់ប្រហារជាមុនមកលើកងទ័ពកម្ពុជា ដោយពួកងទ័ពសៀម បាន ប្រើប្រាស់អាវុធម៉ាក  M 16 និង M 79 បាញ់ យ៉ាងសន្ធាប់តែម្តង ។ ភ្លាមៗនោះកងទ័ពកម្ពុជា បានបាញ់តបតទៅលើទ័ពសៀមវិញ ដោយ ប្រើកាំភ្លើង  PKM។

នាយឧត្តមសេនីយ៍ ជា តារា បន្តថា “ក្រោយពីបានពើបប្រយុទ្ធគ្នា អស់រយៈកាលប្រមាណ ជា១៥នាទីនោះមក កងទ័ពឈ្លានពានសៀម បានរត់ចែក ជើងគ្នា ចូលទៅក្នុងទឹកដីរបស់ខ្លួនវិញ ។ ការរត់បាតជើងសព្រាតរបស់កង ទ័ពសៀមនេះ មិនមែនជាលើកទីមួយទេ គឺវាស្ទើរតែក្លាយជាទម្លាប់ទៅ ហើយ ឱ្យតែមានការបាញ់ប្រយុទ្ធគ្នាម្តងៗ កងទ័ពឈ្លានពានសៀម តែងតែរត់ខ្ចាត់ខ្ចាយចូលទៅក្នុងទឹកដីរបស់ខ្លួនវិញ ”។

ប្រភពព័ត៌មានពីមន្ត្រីជាន់ខ្ពស់ នៃខេត្តឧត្តរមានជ័យ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលផងដែរថា ក្រោយការផ្ទុះអាវុធនៅ ចំណុចជប់រុន ឃុំអូស្វាយ ស្រុកត្រពាំងប្រាសាទ នេះ កងទ័ពនៃប្រទេសទាំងពីរ បានកំពុងតែ ត្រៀមលក្ខណៈប្រុងជើងការ បង្កាក្រែងមាន ការផ្ទុះអាវុធជាថ្មីទៀត ។

នាយក្រុមអធិការកិច្ច នៃសាលាខេត្តឧត្តរ មានជ័យ លោក ឈឹម ស៊ីវុទ្ធ បានឱ្យដឹងថា  “កងទ័ពទាំងពីរភាគី បានបង្កើនកម្លាំងរៀងៗ ខ្លួន ។ រហូតមក ដល់ល្ងាចថ្ងៃទី ០៨ ខែមិថុនា នេះ សភាពការណ៍កងទ័ពស្ថិតនៅក្នុងលក្ខណៈ ប្រុងជើងការនៅឡើយ ”។

មន្ត្រីសាលាខេត្តឧត្តរមានជ័យ លោក ឈិន ស៊ីវុធ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលឱ្យដឹងនៅល្ងាចថ្ងៃ អង្គារ នេះថា ក្រោយពីកងទ័ពទាំងពីរ បានពើបប្រយុទ្ធគ្នាមួយប្រាវនៅចំណុចជប់រុន ស្រុកត្រពាំងប្រាសាទ កងទ័ពកម្ពុជាបានប្រទះឃើញសម្ភារៈសឹក មួយចំនួនរបស់កងទ័ពសៀម ដែល បានបន្សល់ ទុកនៅកន្លែងប៉ះគ្នា ក្រោយពេលដែលពួកទាហានសៀម ត្រូវបានរត់ផាស់ក្រញាំ។

សម្ភារៈសឹកទាំងនោះ ត្រូវបានលោក ឈិន ស៊ីវុធ បញ្ជាក់ថា មានសាក់កាដូចំនួន២ មួកដែកមួយ គ្រាប់អឹម១៦ពីរបង់ មាន ៤០ គ្រាប់ និង សំបកការទូស អឹម ៧៩ ចំនួន ៣ គ្រាប់។

លោក ឈិន ស៊ីវុធ បានបន្តថា នាពេល នេះកងទ័ពកម្ពុជានៅខ្សែត្រៀមជួរក្រោយ បានផ្លាស់ទៅខ្សែត្រៀមជួរមុខ ដើម្បីកាន់ កាប់ទីតាំងនោះឱ្យកាន់ តែរឹងមាំថែមទៀត គឺ ស្ថិតនៅតំបន់អូរចំបក់ ។

បើតាមការអះអាងរបស់លោក កងទ័ព សៀមរហូតមដល់ល្ងាចថ្ងៃអង្គារនេះ បាន ដកចេញពីទឹកដីកម្ពុជាអស់ហើយ ប៉ុន្តែ កង ទ័ពកម្ពុជាយើងកំពុងតែ ប្រុងជើងការជានិច្ច។

គួរបញ្ជាក់ថា សភាពការណ៍នៅតាមព្រំ ដែនកម្ពុជា-សៀម បានចាប់ផ្តើមតានតឹង និង ធ្លាប់បានពើបប្រយុទ្ធគ្នាជាច្រើនលើកច្រើនសាមកហើយ ចាប់ តាំងពីប្រាសាទព្រះវិហារ ជាទីសក្ការៈរបស់ខ្មែរ ត្រូវបានចុះបញ្ជីជា សម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០០៨ នៅក្នុងកិច្ចប្រជុំ លើក ទី៣២ របស់គណៈកម្មការបេតិកភណ្ឌ នៃអង្គ ការយូណេស្កូ នៅទីក្រុងកេប៊ិកប្រទេសកាណា ដា។ លទ្ធផលនៃជ័យជំនះក្នុងការចុះបញ្ជីនេះ គឺជា ទីអំណរសាទររបស់ប្រជាជនកម្ពុជា ប៉ុន្តែ វាបានក្លាយជាព្រឹត្តិការណ៍ដ៏ឈឺចាប់បំផុត សម្រាប់ប្រទេសសៀម នៅពេលដែលពួក គេបរាជ័យក្នុងការ រារាំងកម្ពុជា។ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ សៀមបានបញ្ជូនកងទ័ព ឈុតខ្មៅរបស់ខ្លួន  មកឈរជើងនៅវត្តកែវសិក្ខា គីរីស្វារៈ ហៅវត្តប្រាសាទ ព្រះវិហាររបស់ខ្មែរ។ ការឈ្លានពាននេះបានញ៉ាំងឱ្យកម្ពុជាបញ្ជូន ទ័ពទៅឈរជើងត្រៀមទប់ទល់វិញ ។ លុះដល់ ថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០០៨ មានការ ផ្ទុះ អាវុធដាក់គ្នាមួយប្រាវ នៅចំណុចវាលឥន្ទ្រីយ៍ នៅចំពីមុខឈាងខាងលិចប្រាសាទព្រះវិហារ។

សភាពការណ៍តានតឹង បានបន្តខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ រហូតធ្វើឱ្យមានការផ្ទុះ អាវុធជាថ្មីទៀត នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០០៨ គឺជាការផ្ទុះ អាវុធទ្រង់ទ្រាយធំគួរ សម ។ ពេលនោះកងទ័ពសៀមត្រូវបានគេ រាយការណ៍ថា បានស្លាប់នៅក្នុងសមរភូមិ ច្រើនជាង ៥០នាក់។  ប៉ុន្មានថ្ងៃក្រោយព្រឹត្តិ ការណ៍កងទ័ពកម្ពុជាបានប្រាប់អ្នកយកព័ត៌មានថា កាលណោះខ្មោចទ័ពសៀមស្លាប់រេល ហើយ មេទ័ពសៀមបានមកអង្វរសុំយកខ្មោច របស់ពួកគេ ទៅធ្វើបុណ្យ ហើយមានខ្មោចខ្លះនៅ សល់ស្អុយរលួយពេញព្រៃ។ ព្រឹត្តិការណ៍ថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០០៨នេះ បានធ្វើឱ្យកង ទ័ពកម្ពុជា៣រូបផងដែរ បានពលិជីវិតដ៏គួរឱ្យ សោកស្តាយបំផុត ។ បន្ទាប់មកនៅមានការ ពើបប្រយុទ្ធគ្នាដ៏ធំគួរសមមួយលើកទៀត នៅ ថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០០៩ ។ នៅគ្រា នោះកងទ័ពសៀម ត្រូវបានគេរាយការណ៍ថា មានស្លាប់រាប់សិបនាក់ ប៉ុន្តែ កងទ័ពកម្ពុជាមិន មានស្លាប់ និងរបួសទេ ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាង នៅស្រុកឈូក ខេត្តកំពតមួយថ្ងៃក្រោយការ ផ្ទុះអាវុធនោះថា បាញ់គ្នាមួយប្រាវនៅព្រះ វិហារនោះ កងទ័ពកម្ពុជា សូម្បីតែរលាត់ស្បែក ម្នាក់ក៏គ្មានផង កុំថាឡើយនិយាយដល់ស្លាប់ និងរបួសនោះ ។

អ្នកឃ្លាំមើលសភាពការណ៍ និយាយថា ការពើបប្រយុទ្ធគ្នានៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០១០នេះ វាគ្រាន់តែជាការស្តារកាណុង តែប៉ុណ្ណោះ។

(ដកស្រង់ចេញពីគេហទំព័ ដើមអំពិល)

3 comments:

  1. ចឹងយើងគិតនាំគ្នាស្តាកាណុងទៀតមើល ខ្ញុំចង់សាកដែរ តើគេឱ្យទៅឬអត់?

    ReplyDelete
  2. ពិតជាបានប្រសិនគ្រប់អាយុ មានសមត្ថភាពគ្រប់គ្រាន់ ហើយមានគោលបំណងពិតប្រាកដក្នុង ការចូលរូម។

    ReplyDelete
  3. ពិតជាបានប្រសិនគ្រប់អាយុ មានសមត្ថភាពគ្រប់គ្រាន់ ហើយមានគោលបំណងពិតប្រាកដក្នុង ការចូលរូម។

    ReplyDelete