ទីក្រុងផ្សេងៗរបស់ចិនបានបន្ដដំឡើងប្រាក់ខែថ្នាក់ទាបសំរាប់កាត់បន្ថយគម្លាតនៃប្រាក់ចំណូល ។ បណ្ដាញផ្សព្វផ្សាយរបស់ចិនបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១ កក្កដា ឆ្នាំ ២០១០ តទៅប្រាក់ខែកំរិតទាបនៅទីក្រុងប៉េកាំងនឹងកើនឡើង២០% ដោយមានចំនួន៩៦០យាន់ ឬ១៤១ដុល្លារចាត់ទុកថា ជាការកើនឡើងទ្វេដងនៃការដំឡើងប្រាក់ខែក្នុងមួយឆ្នាំៗដែលមានអត្រាមធ្យម ១០,០២% ចាប់តាំងពីមានការប្រើប្រាស់ប្រព័ន្ធប្រាក់ខែថ្នាក់ទាបក្នុងឆ្នាំ១៩៩៤ មក។ ក្រុងប៉េកាំង គឺជាផ្នែកមួយក្នុងចំណោម៣០តំបន់របស់ចិនដែលដំឡើងប្រាក់ខែថ្នាក់ទាបក្នុងឆ្នាំនេះ។តាមនិន្នាការដំឡើងប្រាក់ខែកាលពីពេលថ្មីៗកន្លងមក ធ្វើឱ្យបច្ចុប្បន្នក្រុងសៀងហៃ គឺជាទីក្រុងមានប្រាក់ខែថ្នាក់ទាបខ្ពស់បំផុតនៅក្នុងប្រទេសចិនគឺ១.១២០យាន់ក្នុងមួយខែ ។ ការដំឡើងប្រាក់ខែនៅក្នុងប្រទេសចិនក្នុងឆ្នាំនេះបានបង្ហាញឡើងក្នុងកិច្ចពិភាក្សានៃការរីកចំរើនយ៉ាងឆាប់រហ័សរបស់សេដ្ឋកិច្ចចិន និងការចំណាយប្រាក់ខែដ៏តិចតួច ដែលឆ្លុះបញ្ចាំងឱ្យឃើញពីតំលៃពលកម្មថោករបស់មនុស្សជាច្រើនលាននាក់នៅក្នុងប្រទេសក្លាយជាមូលហេតុមួយនៃការស្លាប់
របស់កម្មករដូចជាការធ្វើអត្ដឃាតរបស់កម្មករនៅក្រុងសឺនជើន និងការធ្វើបាតុកម្មរបស់កម្មករក្នុងក្រុមហ៊ុនហុងដាប្រទសចិន ដើម្បីសុំដំឡើងប្រាក់ឈ្នួលកាលពីថ្ងៃអាទិត្យកន្លងទៅជាដើម ។
តាមតួលេខរបស់អង្គភាពរដ្ឋបានបង្ហាញ ឱ្យឃើញពីប្រាក់ខែ និងការរីកចំរើនសេដ្ឋកិច្ចរបស់ចិនដែលធ្លាក់ចុះជារឿយៗក្នុងអំឡុងពេល២២ឆ្នាំកន្លងមក ស្ថិតក្នុងកំរិត៣៦,៧% នៅក្នុងឆ្នាំ២០០៥ ក្រោយពីធ្លាក់នៅក្នុងកំរិត ៥៦,៥% ក្នុងឆ្នាំ១៩៨៣ ៕
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
No comments:
Post a Comment