ប្រធានាធិបតីកូរ៉េខាងត្បូង លោកលី ម្យុងបាក់ ប្រកាសថា ប្រទេសរបស់លោកប្ដឹងតវ៉ាទៅក្រុមប្រឹក្សាសន្ដិសុខ អ.ស.ប ចំពោះការបាញ់លិចនាវាចម្បាំងមួយគ្រឿងរបស់កូរ៉េខាងត្បូងដោយកូរ៉េខាងជើង ។ កាលពីថ្ងៃទី៤ មិថុនា កន្លងមកនេះប្រមុខរដ្ឋកូរ៉េខាងត្បូងមានប្រសាសន៍ថា កូរ៉េខាងជើងត្រូវទទួលស្គាល់អំពើរបស់ខ្លួន ហើយត្រូវសន្យាកុំឱ្យអំពើបែបនេះកើតមានទៀតដាច់ខាត ។ នេះគឺក្នុងផលប្រយោជន៍នៃសន្ដិភាព និងក្នុងផលប្រយោជន៍របស់កូរ៉េខាងជើង ។ ការស៊ើបអង្កេតជាអន្ដរជាតិលើមូលហេតុនៃការលិចនាវាចម្បាំងកូរ៉េខាងត្បូងនេះ ដែលបណ្ដាលឱ្យទាហានម៉ារីនស្លាប់៤៦នាក់ កាលពីថ្ងៃទី២៦ មីនា កន្លងមកនេះ ក្នុងដែនទឹកនៃកោះ BEANGNYEONG ជិតព្រំដែនទឹកជាមួយកូរ៉េខាងជើងសន្និដ្ឋានថា នាវានេះផ្ទុះលិចដោយសារគ្រាប់បែកបុកមួយបាញ់ចេញពីនាវាមុជទឹកមួយគ្រឿងរបស់កូរ៉េខាងជើង ។ ចំណែកកូរ៉េខាងជើងវិញបានចោទប្រកាន់កូរ៉េខាងត្បូងថា បានផលិតភស្ដុតាង ហើយអះអាងថា កូរ៉េទាំង២ពេលនេះកំពុងតែស្ថិត ក្នុងគ្រោះថ្នាក់នៃការផ្ទុះសង្គ្រាមមួយ ។ ក្រុងព្យុងយ៉ាងកាលពីថ្ងៃទី៤ មិថុនា បានធ្វើការគំរាមសងសឹកក្នុងករណីដែលមានការថ្កោលទោសរបស់ អ.ស.ប ក្រោយការលិចនាវានោះ ៕(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
No comments:
Post a Comment