Thursday, June 10, 2010

យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​នៅ​កម្ពុជា​កំពុង​ដំណើរ​ការ

តាម​ពត៌មាន​ក្នុងស្រុក​ដក​ស្រង់​ចេញ​​ពី​ក្រុម​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​ និង​សំណង់​ រាយការណ៍​​មក​ឲ្យ​​ដឹង​ថា​ កម្ពុជា​បាន​ចាប់​ផ្ដើម​អនុវត្ត​លើ​យុទ្ធសាស្ត្រ​មេ​របស់​ខ្លួន ដើម្បី​ទាក់​ទាញ​ការ​អភិវឌ្ឍន៍​​​ខេត្ត​តំបន់​ឆ្នេរ​ទាំង​៤​ ក្នុង រយៈ​​ពេល​ ២០​ឆ្នាំ​ខាង​មុខ​ទៀត​។​​

តាម​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ ដកស្រង់​សំដី​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី លោក អ៊ឹម ឈុនលីម ​នៅ​ក្នុង​សន្និសីទ​មួយ​ទាក់​ទង​នឹង​គម្រោង​នេះ​ កាលពី​ថ្ងៃ​ព្រហស្បត្តិ៍​ ដោយ​និយាយ​ថា "​នេះ​ជា​គម្រោងការ​ដ៏​ល្អ​មួយ ហើយ​ជា​មធ្យោបាយ​​មួយ​​ ក្នុង​ការអភិវឌ្ឍន៍​កម្ពុជា​នា​ពេល​អនាគត​"​។

រដ្ឋមន្ត្រី អ៊ឹម ឈុនលីម​ ហៅ​ខេត្ត​ព្រះសីហនុ​ថា ជា​តំបន់​ក្បាល​នាគ លោក​បាន​​និយាយ​ថា គម្រោង​នេះ​ផ្ដល់​លទ្ធភាព​ដល់​ការ​អភិវឌ្ឍន៍​នៅ​ខេត្ត​ព្រះសីហនុ កំពត កែប និង​ខេត្ត​កោះកុង​ ក្នុងទិសដៅ​បង្កើត​សកម្ម​ភាព​សេដ្ឋកិច្ច​ និង​ការងារ​។​

រដ្ឋមន្ត្រី អ៊ឹម ឈុនលីម​​ និយាយ​នៅ​ក្នុង​សន្និសីទ​ថា "​យើង​កំពុង​ធានា​ឲ្យ​មាន​តុល្យភាព​រវាង​ ការ​ការពារ​​បរិស្ថាន​នៅ​តំបន់​ឆ្នេរ​​ ជាមួយ​នឹង​ ការ​ទាក់ទាញ​អ្នក​វិនិយោគ​ទាំង​ក្នុង​ស្រុក​ និង​នៅ​បរទេស​​"។

តាម​សំដី​របស់ លោក ផេន សុផល ប្រធាន​នាយកដ្ឋាន​នៃ​ក្រសួង​​​រៀបចំ​​ដែនដី នគរូបនីយកម្ម​ និង​សំណង់​​ បាន​និយាយ​ថា យុទ្ធសាស្ត្រ​នេះ នឹង​ផ្ដោត​ទៅ​លើ​ការ​ទាក់​ទាញ​​វិនិយោគិន​ក្នុងស្រុក និង​បរទេស​ នៅ​ក្នុង​តំបន់​ ហើយ​ត្រួតពិនិត្យ​លើ​ការ​ពង្រឹង​​ឧស្សាហកម្ម​នាំចេញ​​។

លោក ផេន សុផល ​និយាយ​​ក្រៅ​ផ្លូវ​ការណ៍​​នៅ​ក្នុង​សន្និសីទ​ស្តី​ពី​សេចក្ដីព្រាង​យុទ្ធសាស្ត្រចុង​ក្រោយ​នៃ (ជាតិ​ធ្វើ​សមាហ័រណ​​តំបន់​ឆ្នេរ​)​ ថា "​រដ្ឋាភិបាល​ប្រកាន់​ខ្ជាប់​នូវ​ការ​អភិវឌ្ឍន៍​​​ក្នុង​តំបន់​ឆ្នេរ​ដើម្បី​ទាក់​​ទាញ​វិនិយោគិន​​"​។​ ​លោក​បាន​បន្ថែម​ទៀត​ថា​ គម្រោង​នេះ​ត្រូវ​បាន​រំពឹង​ទុក​ថា​ នឹង​ដំណើរ​ការ​ដល់​ឆ្នាំ​ ២០៣០​។

គម្រោង​នេះ​​ឲ្យ​ឈ្មោះថា ការ​សិក្សា​លើ​យុទ្ធសាស្ត្រ​​ជាតិ​ធ្វើ​សមាហ័រណ​​តំបន់​ឆ្នេរ​ និង​គម្រោង​មេ​លើ​ការអភិវឌ្ឍន៍​ទ្រទ្រង់​ខេត្ត​សីហនុ ដោយ​ផ្តោត​ទៅ​លើ​ ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​​ បំរើ​ការ​នៅ​កំពង់​ផែ​សីហនុ​។​​

លោក ផេន សុផល ​​បាន​បន្ត​ទៀត​ថា "​យើង​ផ្ដោត​ទៅ​លើ​ខេត្ត​ព្រះសីហនុ​ ដោយសារ​តែ​ខេត្ត​នេះ​មាន​សក្តានុពល​​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ ផ្អែក​លើ​កំពង់​ផែ​អន្តរជាតិ​នៅ​ក្បែរ​នេះ​ជា​សំរាប់​វិស័យ​ឧស្សាហកម្ម​ កសិកម្ម និង​សេវាកម្ម​​"​៕​​

(ដកស្រង់ចេញពីគេហទំព័រ នគរវត្ត)

No comments:

Post a Comment