
ពិធីរម្លឹកថ្ងៃបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម គម្រប់ខួប ៦១ ឆ្នាំ នៅព្រឹកមិញ បានធ្វើឡើងក្រោមអធិបតីភាពនៃព្រះរាជតំណាងព្រះមហាក្សត្រ និងមានព្រះសង្ឃខ្មែរកម្ពុជាក្រោម ថ្នាក់ដឹកនាំអង្គការ សមាគមខ្មែរកម្ពុជាក្រោម សមាជិកសភាគណបក្សសមរង្ស៊ី និងប្រជាពលរដ្ឋខ្មែរក្រោមជាច្រើនសិបនាក់ផ្សេងទៀត ។
លោក សឺន ស៊ូប៊ែរ្តិ៍ កូនប្រុសរបស់សម្តេច សឺន សាន ដែលមានដើមកំណើតនៅទឹកដីខ្មែរកម្ពុជាក្រោម បានលើកឡើងថា ការបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម មានរយៈពេល ៦១ ឆ្នាំ កន្លងមកហើយ ។ ខ្មែរកម្ពុជាក្រោម តែងតែរម្លឹកឡើងវិញនូវភាពអយុត្តិធម៌ ដែលអាណានិគមបារាំង បានកាត់ទឹកដីខ្មែរកម្ពុជាក្រោម ប្រគល់ទៅឲ្យវៀតណាម ដោយពុំបានសួរពលរដ្ឋខ្មែរ ដែលជាម្ចាស់ទឹកដីទេ ។ ការដែលបារាំង ប្រគល់ទឹកដីខ្មែរកម្ពុជាក្រោម ឲ្យអធិរាជវៀតណាម បៅដាយ គឺជាទង្វើខុសច្បាប់ តែទោះជាយ៉ាងណាក៏ដោយ យើងមិនត្រូវអស់សង្ឃឹមទេ ក្នុងការទាមទារទឹកដីខ្មែរកម្ពុជាក្រោមមកវិញ ។
ចំណែកសម្តេច ស៊ីសុវត្ថិពង្សនារី មុនីពង្ស ព្រះរាជតំណាងរបស់ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បាននាំនូវការសួរសុខទុក្ខ របស់ព្រះមហាក្សត្រជូនពលរដ្ឋខ្មែរកម្ពុជាក្រោម និងនាំនូវព្រះរាជអំណោយជាថវិការបស់ព្រះមហាក្សត្រ មកឧត្ថម្ភដល់សហគមខ្មែរកម្ពុជាក្រោមចំនួន ២០០០ ដុល្លារ សម្រាប់រៀបចំពិធីជួបជុំនោះ ។
ជាមួយគ្នានោះ លោក ថាច់ សេដ្ឋា នាយកប្រតិបត្តិសហគមន៍ខ្មែរកម្ពុជាក្រោម ក៏បានរម្លឹកពីព្រះរាជសាររបស់ព្រះករុណា ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ដែលមានខ្លឹមសារថា ការកាត់ទឹកដីខ្មែរកម្ពុជាក្រោម ទៅឲ្យប្រទេសវៀតណាម នៅឆ្នាំ១៩៤៩នោះ ជាការខុសច្បាប់ និងអយុត្តិធម៌បំផុត ។ យ៉ាងហោចណាស់ ក៏អាណានិគមបារាំង ត្រូវប្រគល់ទឹកដីកម្ពុជាក្រោម ៥០% មកឲ្យព្រះរាជាណាចក្រកម្ពុជាវិញដែរ ។
នៅក្នុងពិធីជួបជុំនៅព្រឹកមិញ លោក គង់ គាំ សមាជិកព្រឹទ្ធសភា និងជាប្រធានស្តីទីគណបក្សសមរង្ស៊ី បានលើកឡើងថា ខ្មែរ គឺជាម្ចាស់នៃទឹកដីខ្មែរកម្ពុជាក្រោម ហើយខ្មែរទាំងអស់គ្នា មានការសោកស្តាយខ្លាំងណាស់ចំពោះអាណានិគមបារាំង ដែលបានកាត់ទឹកដីខ្មែរកម្ពុជាក្រោម ប្រគល់ទៅឲ្យវៀតណាម ដែលជាអំពើខុសច្បាប់ ។
លោក គង់ គាំ បានអំពាវនាវដល់អង្គការសមាគមខ្មែរកម្ពុជាក្រោមទាំងអស់ឲ្យរួបរួមគ្នា ធ្វើញ្ញត្តិជូនសភាជាតិ ដើម្បីសុំអនុម័តយកថ្ងៃទី៤ ខែមិថុនា ជាទិវានៃការបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម ចូលទៅក្នុងថ្ងៃបុណ្យជាតិ ដើម្បីឈប់សម្រាក និងចូលរួមកាន់ទុក្ខការបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម ។
អាណានិគមបារាំង បានកាត់ទឹកដីកម្ពុជាក្រោមទំហំ ៦៨,៩៦៥ គីឡូម៉ែត្រក្រឡា មាន ២១ ខេត្ត របស់ប្រទេសកម្ពុជា ទៅឲ្យប្រទេសវៀតណាមត្រួតត្រា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ ។
ក្រុមសហគមន៍ខ្មែរកម្ពុជាក្រោមបានអះអាងថា ពលរដ្ឋខ្មែរក្រោម ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាម ក្នុងរយៈពេល ៦១ ឆ្នាំមកនេះ ត្រូវទទួលរងនូវការគាបសង្កត់សិទ្ធិសេរីភាពគ្រប់បែបយ៉ាង ។ អាជ្ញាធរវៀតណាម បានប្រើនយោបាយរំលាយពូជសាសន៍ខ្មែរ ដោយការលុបបំបាត់ជំនឿសាសនា អក្សរសាស្ត្រ ប្រពៃណីទំនៀមទម្លាប់ខ្មែរ និងបង្ខំឲ្យខ្មែរកម្ពុជាក្រោម ស្លៀកសម្លៀកបំពាក់វៀតណាម ពាក់ដួន ព្រមទាំងរឹបអូសយកដីធ្លីជាដើម ។ អាជ្ញាធរវៀតណាម នៅពេលខ្លះ បានបង្ក្រាបលើចលនាតស៊ូ រើបំរាស់របស់ពលរដ្ឋខ្មែរកម្ពុជាក្រោម ដោយការសម្លាប់ និងចាប់ដាក់ពន្ធនាគារជាដើម ។
ក៏ប៉ុន្តែក្នុងពេលកន្លងមក រដ្ឋាភិបាលវៀតណាម តែងតែធ្វើការបដិសេធ នូវរាល់សេចក្តីរាយការណ៍ និងការលើកឡើងពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ លើពលរដ្ឋខ្មែរកម្ពុជាក្រោម ។
រដ្ឋាភិបាលវៀតណាម បានអះអាងថា ខ្លួនបានចាត់ទុកពលរដ្ឋខ្មែរក្រោម ជាជនជាតិភាគតិចមួយក្រុម ក្នុងចំណោមជនជាតិភាគតិចជាង ៥០ ដែលកំពុងរស់នៅលើទឹកដី ក្រោមការគ្រប់គ្រងរបស់វៀតណាម ហើយថា រដ្ឋាភិបាលក្រុងហាណូយ បានយកចិត្តទុកដាក់ទំនុកបម្រុង ដូចពលរដ្ឋវៀតណាមអីចឹងដែរ ៕
(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៏)
No comments:
Post a Comment