Saturday, June 5, 2010

គណៈ​រដ្ឋមន្ត្រី​ប្រជុំ​សំរេច​រៀបចំ​សមាសភាព​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ

ភ្នំពេញ: កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ថ្ងៃ​ទី​៤ ខែ​ឧសភា ដែល​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​សម្តេច​តេជោ ហ៊ុន សែន បាន​ពិនិត្យ​ទៅ​លើ​ខ្លឹមសារ​អនុក្រឹត​សំខាន់ៗ​មួយចំនួន ។​

​កិច្ចប្រជុំ​ក៏​បាន​លើក​យក​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ការបង្កើត​ប្រៃសណីយ៍​កម្ពុជា ជា​សហគ្រាស​សាធារណៈ ដែល​អនុក្រឹត្យ​នេះ មាន​គោលបំណង ធ្វើ​កំណែ​ទំរង់​ប្រព័ន្ធគ្រប់គ្រង​ប្រៃសណីយ៍​បច្ចុប្បន្ន ឲ្យទៅ​ជា​សហគ្រាស​សាធារណៈ​ស្រប តាម​ទិសដៅ​គម្រោង​ផែនការអភិវឌ្ឍន៍​ជាតិ ២០០៦.២០១០ ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង ផែនការ​របស់​ប្រៃសណីយ៍ ទូរគមនាគមន៍ ។ ធ្វើ​ទំនើប​ភាវូបនីយកម្ម វិស័យ​ប្រៃសណីយ៍ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា សម្រាប់​តាមដាន​បញ្ញើ​ប្រៃសណីយ៍ និង ពង្រីក បណ្តាញ​ប្រៃសណីយ៍ ដល់​ទី​ជនបទ​ដាច់​ស្រ​យ៉ាល ដើម្បី​បំរើ​ប្រជាពលរដ្ឋ ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ។​

​គណៈរដ្ឋមន្ត្រី​ក៏បាន​អនុម័ត​លើ​សេចក្តីព្រាង​អនុក្រឹត្យ ស្តីពី​ការរៀបចំ​សមាសភាព និង ការប្រព្រឹត្តទៅ​នៃ​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ ដើម្បី​ធ្វើ​ជា​យន្តការ​ពិគ្រោះ​យោបល់ ពហុភាគី​រវាង ក្រសួង ស្ថាប័នរដ្ឋ តំណាង​អង្គការ​ជនពិការ តំណាង​អង្គការ​មិនមែន រដ្ឋាភិបាល ដែល​មាន​កម្មវិធី​ជួយ​ជនពិការ​ក្នុង​ការធានា និង ជម្រុញ​ការអនុវត្ត​ច្បាប់​ស្តីពី កិច្ចការពារ និង លើក​កំពស់​សិទ្ធ​ជនពិការ ដែល​ជា​ជន​ងាយ​រងគ្រោះ ហើយ​ភាគច្រើន​ក្រីក្រ លំបាក ។​


​អង្គប្រជុំ​ក៏បាន​ឆ្លង​សេចក្តីព្រាង​អនុក្រឹត្យ ស្តីពី​ការអនុវត្ត​ច្បាប់​ស្តីពី ជីវ​សុ​វត្តិភាព ដែល​រៀបចំឡើង​ដោយ​ក្រសួង​បរិស្ថាន ក្នុង​គោលបំណង ដើម្បី​កំណត់​អំពី យន្តការ និង និតិ​វិធី អនុវត្ត​ច្បាប់​ស្តីពី​ជីវ​សុ​វត្តិភាព ក្នុងនោះ​រួមមាន​និតិ​វិធី​ស្តីពី​ការគ្រប់គ្រង និង ត្រួតពិនិត្យ​ចលនា​ឆ្លងដែន ការអភិរក្ស ការលើកដាក់ ការផ្ទេរ ការប្រើប្រាស់ ការ​ស្តុក​ទុក និង ការបញ្ចេញ​សារពាង្គកាយ​កែច្នៃ​រស់ ដែល​បង្កើតឡើង​ដោយ​ជីវ​បច្ចេកវិទ្យា​ទំនើប អាច នាំមក​នូវ​ផលប៉ះពាល់​អវិជ្ជមាន ដល់​ការអភិរក្ស និង ការប្រើប្រាស់​ដោយ​និរន្ត​ភាព នូវ​ធនធាន​ជីវចំរុះ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

​អនុក្រឹត្យ​នេះ​ក្នុង​គោលបំណង​ទប់ស្កាត់​ផលប៉ះពាល់​អវិជ្ជមាន លើ​ការអភិរក្ស​ជីវចំរុះ បរិស្ថាន និង សុខភាព​មនុស្ស ។ ធានា​ប្រសិទ្ធភាព​នៃ​ការអភិរក្ស និង​ការប្រើប្រាស់​ជីវចំរុះ ដោយ​និរន្តរភាព ។ លើក​កំពស់​ការយល់ដឹង​អំពី ជីវ​បច្ចេកវិទ្យា​ទំនើប និង ទប់ស្កាត់​ហានិភ័យ បណ្តាលមកពី​សារពាង្គ​កាយ​កែច្នៃ​រស់ ការពារ​បរិស្ថាន និង សុខភាព​មនុស្ស ៕

(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៏)

No comments:

Post a Comment