Thursday, June 10, 2010

កសិផលសណ្តែកល្ងកម្ពុជា មានតម្លៃថ្លៃ ខណៈពេលតម្រូវការទីផ្សារខ្ពស់

ចម្ការល្ងនៅសំឡូត។ រូបភាពដោយសុខ សាវី៖ វិទ្យុអូស្ដ្រាលី


តម្លៃសណ្តែកល្ងនៅក្នុងរដូវប្រមូលផលឆ្នាំនេះនៅខេត្តបាត់ដំបងបានកើនឡើងគួរសម ខណៈពេលដែលឈ្មួញ វៀតណាម និងថៃទទួលទិញ ដើម្បីនាំចេញ។


លោកសុខ សាវីធ្វើសេចក្តីរាយការណ៍ពិស្តារ៖

ប្រជាកសិករបានសម្តែងក្តីរីករាយខណៈពេលដែលតម្លៃល្ងនិងសណ្តែក បានកើនតម្លៃខ្ពស់ក្នុងរដូវប្រមូលផលឆ្នាំនេះ ទោះបីជាដំណាំពួកគាត់ត្រូវខូច ខាតដោយសារភាពរាំងស្ងួតកាលពីដើមរដូវយ៉ាងណាក៏ដោយ។

ឈ្មួញកណ្តាលម្នាក់ឈ្មោះសុវណ្ណដែលទទួលទិញល្ង សណ្តែក ទៅអោយឈ្មួញនៅប្រទេសថៃនិងវៀតណាម បាននិយាយថា តម្លៃល្ង សណ្តែក បាន ហក់ឡើងខ្ពស់បើប្រៀបធៀបនិងឆ្នាំទៅនាពេលប្រមូលផលដូចគ្នានេះ។

(សំឡេង ឈ្មួញកណ្តាល)

ទោះបីយ៉ាងណាបើតាមឈ្មួញកណ្តាលខាងលើបាននិយាយថាតម្លៃល្ង សណ្តែកនេះវាមិននឹងននោះទេ គឺវាឡើងចុះទៅ តាមឈ្មួញថៃនិងវៀតណាម ដែលបានកំណត់ថ្លៃរាល់ថ្ងៃទៅអោយឈ្មួញកណ្តាលខ្មែរ ដោយលោកបញ្ជាក់ថា បើថៃឡើងថ្លៃ យើងទិញពីកសិករថ្លៃ បើគេទម្លាក់យើងទិញថោកទៅ តាមហ្នឹងដែរ។

(សំឡេង ឈ្មួញកណ្តាល)

កសិករម្នាក់ឈ្មោះរ៉ា ដែលដាំដំណាំល្ង នៅស្រុកសំឡូត បាននិយាយថាក្នុងល្ងពីរហិកតាររបស់គាត់នឹងអាចប្រមូល ផលជិតពីរតោនដែរ ដែលមួយ តោន លក់បានរហូតដល់ជាង៦លានរៀល ។កសិករនេះបានសម្តែងក្តីរីករាយខណៈពេល ដែលល្ងលក់បានថ្លៃដូច្នេះ គាត់និយាយថានឹងទិញគោយន្ត មួយគ្រឿងដើម្បីបង្កើនការដាំដុះរដូវបន្ទាប់។

ថ្វីត្បិតកសិករខាងលើសប្បាយចិត្ត ក៏មានកសិករខ្លះទៀត ក្រៀមក្រំទៅវិញបើទោះជាតម្លៃល្ង សណ្តែកថ្លៃក៏ដោយ។ ក្រៀមក្រំដោយសារដំណាំល្ង សណ្តែក គាត់ខូចអស់នៅដើមរដូវដោយសារការអូសបន្លាយនៃទឹកភ្លៀង។

លោក ហែន សុផល អភិបាលស្រុក សំឡូត មានប្រសាសន៍ថាដំណាំកសិកម្មនៅក្នុងមូលដ្ឋានស្រុករបស់លោក ដូចជា ល្ង ពោត សណ្តែក ខូចខាត ប្រមាណ៦០ ភាគរយដោយសារគ្មានភ្លៀងធ្លាក់នៅដើមរដូវ ។ លោកបានថ្លែងថាតម្លៃកសិផលឆ្នាំនេះមានតម្លៃថ្លៃ ទំនងបណ្តាលមកពី ទិន្នផលធ្លាក់ចុះ ហើយតម្រូវការទីផ្សារច្រើន។

(សំឡេងលោក ហែន សុផល)

សូមបញ្ជាក់ថាបើតាមរបាយការណ៍របស់បូកសរុបប្រចាំឆ្នាំ នៅឆ្នាំ២០០៩ ខេត្ត បាត់ដំបងមានដាំដំណាំពោតជាង មួយសែន ២ម៉ឺនហិកតារ សណ្តែក បាយ ជាងមួយម៉ឺន៣ពាន់ហិកតារសណ្តែកសៀងជិត៥ម៉ឺនហិកតារ និងល្ងជាង១ម៉ឺន១ពាន់ហិកតារ ៕

(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្ត្រាលី)

No comments:

Post a Comment