លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយការពាររដ្ឋាភិបាលខ្លួនឯង និងបានឆ្លើយតបទៅនឹងការអត្ថាធិប្បាយនានាកន្លងមករបស់គណបក្សប្រឆាំងផង អង្គការក្រៅរដ្ឋាភិបាលផង ដែលពួកគេទាំងនេះបានសម្តែងការព្រួយបារម្ភអំពីការប្រើប្រាស់ជំនួយ ខ្លាចថាមិនមានប្រសិទ្ធភាព និងតម្លាភាព ឬក៏មានអំពើពុករលួយជាដើម។
នៅព្រឹកថ្ងៃពុធ ទី ៩ មិថុនា ក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិត លោកនាយករដ្ឋមន្ត្រីត្រូវឆ្លៀតនិយាយបកស្រាយបញ្ហានេះខ្លះ។ ក្នុងនោះ បើតាមលោកនាយករដ្ឋមន្ត្រី ជំនួយដែលកម្ពុជាបានទទួលជាការសន្យាកាលពីសប្តាហ៍កន្លងទៅ ជាង១ពាន់លានដុល្លារនោះ គឺមិនមែនកម្ពុជាទទួលបានជាលុយសុទ្ធទាំងដុំ ទាំងកញ្ចប់មកនោះទេ។ ជំនួយត្រូវបានផ្តល់អោយតាមគម្រោងអភិវឌ្ឍន៍ផ្សេងៗ ហើយដែលម្ចាស់ជំនួយនោះ គឺជាអ្នកកាន់លុយទៅទៀត។ លោក ហ៊ុន សែន បានស្រែកប្រាប់អោយអ្នករិះគន់ ទៅសួរដេញដោលដៃគូអភិវឌ្ឍន៍ផ្ទាល់ខ្លួនឯងទៀត បើមិនជឿ ឬក៏ចង់ដឹងអំពីរបៀបចំណាយនោះ។
លោក ហ៊ុន សែនមិនបាននិយាយលម្អិតអំពីជោគជ័យ ឬបរាជ័យរបស់គម្រោងអភិវឌ្ឍន៍នោះទេ។ ប៉ុន្តែវេទិកាចែកសញ្ញាប័ត្រ បានអនុញ្ញាតអោយលោកនាយករដ្ឋមន្ត្រីថ្លែងសរសើររដ្ឋាភិបាលខ្លួនឯងថា ព្រោះតែសហគមន៍អ្នកផ្តល់ជំនួយគេទុកចិត្តរដ្ឋាភិបាលហើយ បានជាគេនៅបន្តផ្តល់ជំនួយច្រើនអោយកម្ពុជា។ ហើយពាក្យនេះ លោកនាយករដ្ឋមន្ត្រីក៏បានថ្លែងផងដែរថា លោកបានទូលថ្វាយព្រះមហាក្សត្រព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ដូចគ្នា នៅក្នុងឱកាសដែលលោកដឹកនាំសមាជិកគណៈរដ្ឋមន្ត្រីចូលថ្វាយរបាយការណ៍ដល់ព្រះមហាក្សត្រកាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ។
លោកនាយករដ្ឋមន្ត្រីក៏ឆ្លៀតពេល ថ្លែងណែនាំអោយមន្ត្រីរដ្ឋាភិបាលអ្នកអនុវត្តន៍គម្រោងអភិវឌ្ឍន៍ ធ្វើការងារអោយម៉ត់ចត់ ដើម្បីកុំអោយម្ចាស់ជំនួយខកចិត្ត។
ទាក់ទងនឹងបញ្ហាទឹកដីកម្ពុជាក្រោម នៅថ្ងៃនេះជាថ្មីម្តងទៀតលោក ហ៊ុន សែន បានថ្លែងថា លោកមិនទៅស្រែកទាមទារយកទឹកដីនោះមកវិញទេ។ ហើយថា បើអ្នកណាចង់ទៅ គឺទៅម្នាក់ឯងចុះ។ នេះជាការឆ្លើយតបរបស់លោកនាយករដ្ឋមន្ត្រីទៅកាន់ក្រុមអ្នកដែលចង់ទាមទារ និងអ្នកនយោបាយខ្លះទៀតដែលថា នេះបើតាមការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី គឺថាពួកគេនឹងយកទឹកដីកម្ពុជាក្រោមមកវិញ ប្រសិនបើពួកគេបានក្លាយជាប្រមុខរដ្ឋាភិបាលខ្មែរនោះ។
ដោយនិយាយក្នុងន័យថា វាមិនអាចទាមទារយកទឹកដីកម្ពុជាមកវិញបាននោះ លោកនាយករដ្ឋមន្ត្រីបានរម្លឹកយ៉ាងខ្លីថា ផែនទីប្រទេសកម្ពុជាដែលទទួលស្គាល់ជាអន្តរជាតិ ហើយដែលសម្តេចឪ នរោត្តម សីហនុ បានយកទៅតម្កល់នៅអង្គការសហប្រជាជាតិនោះ គឺមិនមានភ្ជាប់ដែនដីខ្មែរកម្ពុជាក្រោមនោះឡើយ។ ហើយកុំថាឡើយដែនដីខាងកើត សូម្បីអតីតអាណាខេត្តរបស់ខ្មែរមួយចំនួនដែលកំពុងនៅក្នុងទឹកដីថៃបច្ចុប្បន្ននេះ ក៏មិនមានជាប់ក្នុងផែនទីដែលកម្ពុជាដាក់នៅអង្គការសហប្រជាជាតិនោះដែរ៕
(ដកស្រង់ចេញពីគេហទំព័រ RFI ខេមរភាសា)
No comments:
Post a Comment