Tuesday, June 8, 2010

អ្ន​ក​ប្រើប្រា​ស់​ទឹ​ក​ស្អាត​នៅ​ស្រុ​ក​ពួ​ក រិះ​គ​ន់​ថាជា​ទឹ​ក​គ្មាន​អ​នា​ម័យ

អង្គភាពផលិតទឹកស្អាតនៅស្រុកពួក ត្រូវបានអ្នកប្រើប្រាស់មួយចំនួនរិះគន់ថា ការ
ផលិតទឹកស្អាតនារយៈកាលកន្លងគឺគ្មានគុណភាព និងគ្មានអនាម័យ។

លោកលីវ សាន្ត ធ្វើសេចក្តីរាយការណ៍ពិស្តារពីខេត្តសៀមរាប។

អ្នកប្រើប្រាស់ទឹកស្អាតមួយចំនួន នៅក្នុងទីរួមស្រុកពួក ខេត្តសៀមរាប បានប្រាប់
វិទ្យុអូស្ត្រាលីថា នារយៈកាលកន្លងមកនេះ អង្គភាពនេះ មិនបានយកចិត្តទុកដាក់
ក្នុងការពិនិត្យទៅលើគុណភាពទឹករបស់ខ្លួនទេ បានធ្វើឲ្យទឹកនេះ គ្មានអនាម័យ។

បងប្រុសម្នាក់ ដែលជាអ្នកប្រើប្រាស់ទឹកស្អាតនេះ ហើយសុំមិនបញ្ចេញឈ្មោះ
បាននិយាយថា កន្លងមកថ្មីៗនេះ នៅពេលដែលគាត់បានបើកទឹកយកមកប្រើ
ប្រាស់នោះ ពិនិត្យឃើញថាទឹកនេះគ្មានអនាម័យទេ ព្រោះវាជាទឹកល្អក់ មើល
ទៅហាក់បីដូចជាទឹក ដែលទើបតែនឹងបូមយកមកពីស្ទឹង ហើយបានបញ្ចេញ
ចែកចាយឲ្យប្រើតែម្តងទៅ ហើយមានថ្ងៃខ្លះ នៅពេលដែលបានមុជទឹកនេះរួច
ភ្លាម ក៏កើតមានអាការៈរមាស់ពេញខ្លួនទៀតផង ។

គាត់បាននិយាយទៀតថា ចំពោះតម្លៃវិញ គឺមិនសូវជាមានបញ្ហាទេ ប៉ុន្តែគាត់ចង់
បានតែទឹកស្អាត ហើយមានអនាម័យល្អប៉ុណ្ណោះសម្រាប់ប្រើប្រាស់ ព្រោះថាបើ
ទឹកវាមិនស្អាត ហើយគ្មានអនាម័យទៀតនោះ នឹងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់
សុខភាពរបស់គាត់ ក្រុមគ្រួសារគាត់ និង អ្នកប្រើប្រាស់ទឹកស្អាតទាំងអស់ជាមិន
ខានឡើយ ។

ម្ចាស់អង្គភាពផលិតទឹកស្អាតស្រុកពួក លោក អ៊ុក ថា ក៏បានទទួលស្គាល់ផងដែរ
ថា ពិតជាមានទឹកល្អក់បានចេញពីបំពង់ទឹកស្អាតរបស់លោកប្រាកដមែន ប៉ុន្តែ
បញ្ហានេះមិនមែនមកពីការធ្វេសប្រហែស ឬក៏មិនយកចិត្តទុកដាក់ពិនិត្យលើផ្នែក
អនាម័យនោះទេ តែនេះបណ្តាលមកពីការរៀបចំបណ្តាញផ្លូវកន្លងមក ហើយ
កាប់ត្រូវចំបំពង់ទឹកស្អាត បណ្តាយឲ្យមានការខូចខាតតែម្តង ។
( សម្លេង លោក អ៊ុក ថា )

លោកក៏បានឲ្យដឹងទៀតថា លោកក៏មានបំណងរៀបចំបណ្តាញទឹកស្អាតនេះ
សាជាថ្មីទៀតដែរ ប៉ុន្តែដោយសារគ្មានថវិកាគ្រប់គ្រាន់ ដូច្នេះបច្ចុប្បន្ននេះ គ្រាន់តែ
ធ្វើការជួសជុល ដើម្បីបានទឹកប្រើប្រាស់តែប៉ុណ្ណោះ ។
( សម្លេង លោក អ៊ុក ថា )

ពាក់ព័ន្ធនឹងបញ្ហានេះ វិទ្យុអូស្រ្តាលី មិនអាចសុំការស្រាយបំភ្លឺពីអភិបាលស្រុកពួក
បានទេ ប៉ុន្តែ មន្ត្រីសាលាស្រុកពួក បានឲ្យដឹងថា ចំពោះបញ្ហានេះ លោកអភិបាល
ស្រុក បានដឹងឮហើយ ហើយក៏ធ្លាប់បានធ្វើការណែនាំ ឲ្យម្ចាស់អង្គភាពផលិត
ទឹកស្អាតនេះ យកចិត្តទុកដាក់ពិនិត្យឲ្យបានហ្មត់ចត់ ទៅលើបញ្ហាគុណភាព
និង អនាម័យរបស់ទឹក ទៀតផង ។

(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្រា្តលី)

No comments:

Post a Comment