Tuesday, June 1, 2010

សម្ពោធ​ស្ពាន​មិត្ដភាព​កម្ពុជា​-​ចិន​និង​បើក​ការដ្ឋាន​ស្ដារ​ផ្លូវជាតិ​លេខ​៦១

ស្ពានព្រែកក្តាមដែលទើបសាងសង់រួចខេត្ដកណ្ដាល ៖ ស្ពាន​មិត្ដភាព​កម្ពុជា​-​ចិនឆ្លងកាត់​ទន្លេសាប​ព្រែក​ក្ដាម និង​ការដ្ឋានស្ដារ​ឡើង​វិញ​ផ្លូវជាតិ​លេខ​៦១ ពី​គល់​ស្ពានព្រែក​ក្ដាម​ត្រើយ​ខាងកើត​ដល់​ផ្លូវជាតិ​លេខ៦​A ប្រវែង​១៦​គីឡូម៉ែត្រ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ឧសភា ឆ្នាំ​២០១០ បាន​ប្រារឰ​ពិធី​សម្ពោធបើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ និង​បើក​ការដ្ឋានស្ដារ​ឡើង​វិញ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មានការ​អញ្ជើញ​ចូលរួម​ជា​កិត្ដិយស​ផង ដែរ​ពី​លោក​ផា​ន គង​ស៊ា (PAN GUANG XUE) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​។ ពិធី​សម្ពោធ និង​បើក​ការដ្ឋាន​នេះ​បាន​ប្រារឰធ្វើ​ឡើង​នៅ​ស្រុក​ពញាឮ ខេត្ដកណ្ដាល ។ លោក​ត្រាំ អ៊ី​វ​តឹក រដ្ឋមន្ដ្រីក្រសួង​សា​ធារណការ និង​ដឹក​ជញ្ជូនបានឱ្យ​ដឹង​ថា ស្ពានព្រែក​ក្ដាម​ដែល​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រីអញ្ជើញ​សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការនៅ​ពេល​នេះ​មាន​បណ្ដោយ​ប្រវែង​៩៨១ម៉ែត្រ ទទឹង​ប្រវែង​១៣,៥​ម៉ែត្រ មានប្រឡោះ​ស្ពាន​សរុប​ចំនួន​១៩ និង​ផ្លូវ​ភ្ជាប់ក្បាលស្ពាន​ប្រវែង​សរុប​៤១៩​ម៉ែត្រ សាងសង់​ដោយ​ក្រុមហ៊ុន​សៀងហៃ ត្រួតពិនិត្យ បច្ចេកទេស​ដោយ​ក្រុមហ៊ុន Guangzhou Wanan Consthuctron Supervision របស់សា​ធា​ណ​រដ្ឋ​ចិន សាងសង់​តាម​លក្ខណៈ​បច្ចេកទេស​ស្ថិត​ក្នុង​ស្ដង់ដា​ហា​យ​វ៉េ​ចិន​កំរិត​១ មានគន្លង​នាវាចរណ៍​កំពស់​១០,៨​ម៉ែត្រ ធៀប​នឹងកំពស់​ទឹក​ខ្ពស់​បំផុត​នៅ​ឆ្នាំ​២០០០ ។ លោក​រដ្ឋមន្ដ្រី​បន្ដ​ថា ស្ពាន​នេះ​ជា​ប្រភេទស្ពានបេតុង​សរសៃដែក និង​ទាញ​ខ្សែកាបពង្រឹង​ដោយ​ចាក់​បេតុង​ផ្ទាល់​លើ​ពុម្ព​តែ​ម្ដង​។ ធ្នឹម​ស្ពាន​មានកំ​ពស់​ផ្សេង​ៗ​ពី​គ្នាខ្ពស់​បំផុតប្រវែង​៨,៧​ម៉ែត្រ និង​ទាប​បំផុត​ប្រវែង​១,៨ ម៉ែត្រ ។ កំរាល​ស្ពាន និង​ផ្លូវ​ភ្ជាប់​ក្បាលស្ពានត្រូវ​បាន​អ៊ុត​បេតុង​កៅស៊ូ AC កំរាស់​១១សង្ទីម៉ែត្រ ។ ស្ពាន​នេះ​ត្រូវ​បាន​សាងសង់​អស់រយៈពេល​៣៤​ខែ គិត​ចាប់ពី​ថ្ងៃ​ទី​១១ ខែ មិថុនា ឆ្នាំ​២០០៧ ក្នុង​តំលៃ​សាងសង់​ចំនួន ២៨.៧៨៣.៦៦៤​ដុល្លារ​អា​មេ​រិ​កតំលៃ ទីប្រឹក្សាបច្ចេកទេស​៦១៣.០៩២​ដុល្លារអា​មេ​រិ​ក ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល១.៤៦៩.៨៣៨​ដុល្លារ​អា​មេ​រិ​កសំរាប់​សំណង ផល​ប៉ះពាល់​ពី​គំរោង ដោយ​មិន​ទាន់​បញ្ចូលការ​ទទួល​បន្ទុក​បង់ពន្ធ​លើ​ការ​នាំ​ចូល​សំភារបរិក្ខារ​សំរាប់​ការ​សាងសង់​មួយ​ចំនួន​ទៀត​។ សរុប​ការ​ចំណាយ​ថវិកា​សំណង់​ស្ពាន​ព្រែកក្ដាម​មាន​ចំនួន​៣០.៨៦៦.៥៩៤​ដុល្លារ​អា​មេរិ​ក ។ ការ​សាងសង់​នេះ​ត្រូវ​បាន​បញ្ចប់​មុន ផែនការ​កំណត់​១៥​ខែ ។ ដោយឡែក​ផ្លូវជាតិ​លេខ​៦១ ដែល​ត្រូវបើក​ការដ្ឋាន​នេះ​ប្រវែង​១៦​គីឡូម៉ែត្រ ត្រូវសាងសង់​ដោយ​ក្រាល​កៅស៊ូ​បេតុង​(​AC) មាន​ទទឹង​១០​ម៉ែត្រ ក្នុង​តំលៃ​៩.៧៦០.០០០ដុល្លារ​អា​មេ​រិ​ក ដោយ​ប្រើប្រាស់​ថវិកា​សន្សំ ឬ​ហៅ​ថា សមតុល្យ​ឥណទាន​កម្ចី​ដែល​សល់​ពីការ​សាងសង់​ស្ពាន​ព្រែក​ក្ដាម និង​ស្ពាន​ព្រែកតា​មា​ក់ សាងសង់ និង​ត្រួតពិនិត្យ​បច្ចេកទេសដោយ​ក្រុមហ៊ុន​សំណង់​សៀងហៃរបស់សាធារណរដ្ឋ​ប្រជាមានិត​ចិន ។ លោក​ផា​ន គង​ស៊ា ឯកអគ្គរដ្ឋទូត​សា​ធារណ​រដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា បានថ្លែង​ថា ស្ពាន​មិត្ដភាព​កម្ពុជា​-​ចិន​ព្រែក​ក្ដាម នេះ​គឺជា​ការ​បញ្ជាក់​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​អំពីការ​យកចិត្ដទុកដាក់ និង​ការ​គាំទ្រ​ដ៏​ល្អ​ប្រសើរពី​រាជរដ្ឋាភិបាល​កម្ពុជា ។ ស្ពាន​ព្រែក​ក្ដាមជាស្ពាន​ឆ្លងកាត់​ទន្លេសាប ហើយដោយ​មានការ យកចិត្ដទុកដាក់​គាំទ្រ​ពី​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ហ៊ុន សែន ស្ពាន​ព្រែក​ក្ដាម​បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ ។ ផ្លូវជាតិ​លេខ​៦A ត្រូវសាងសង់​ផ្សារ​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥ ទៅ​ផ្លូវជាតិ​លេខ​៦​A ជា​ផ្លូវ​សេដ្ឋកិច្ច​ដ៏​ល្អ​សំរាប់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​នេះ ហើយនឹង​ក្លាយទៅ​ជា​ផ្លូវ​សំខាន់​មួយ​ក្នុង​តំបន់​ដែល​នឹង​ជួយជំ​រុ​ញុ​យ៉ាង​សកម្ម​ដល់​កិច្ច​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម ហើយ​និង​ជា​បណ្ដាញ​ដឹក​ជញ្ជូន​យ៉ាងសំខាន់​សំរាប់​ប្រទេស​កម្ពុជា ។ លោក​ផា​ន គង​ស៊ា បន្ដ​ថា សម្ដេច​តេ​ជោនាយក​រដ្ឋមន្ដ្រី​តែង​មាន​ប្រសាសន៍​ថា មាន​ផ្លូវគឺ​មាន​សង្ឃឹមមាន​ផ្លូវ​គឺ​មានការ​អភិវឌ្ឍន៍​។ ប្រទេស​ចិន​ក៏​មាន​សុភាសិត​មួយ​មាន​ន័យ​ដូច​គ្នា​ដែរ​គឺ បើ​ចង់​មាន​ត្រូវ​កសាង​ផ្លូវ ។ រ​ដ្ឋាភិ​បាលនិង​ប្រជាជន​ចិន​បាន​យល់​ច្បាស់​អំពីសេចក្ដី​តំរូវការ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ហើយ​ក៏​បាន​ផ្ដល់​នូវ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹងឆ្លើយ​តប​ចំពោះ​កា​ខិតខំ​ប្រឹងប្រែងរបស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​កាត់​បន្ថយភាព​ក្រីក្រ និង​ការ​កសាង​សមត្ថភាព ។ ជាក់ស្ដែង​នៅ​ឆ្នាំ​នេះ បាន​បញ្ចប់​នូវ​គំរោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ដែល​ជា​កិច្ចសហប្រតិបត្ដិការ​រវាង​ចិន និង​កម្ពុជា​រួម​មានផ្លូវជាតិ​លេខ​៧៦ លេខ​៨ ពី​ព្រែក​តា​មា​ក់ឆ្លងកាត់​ទន្លេមេគង្គ​ផ្លូវជាតិ​លេខ​៥៧ និង​ផ្លូវជាតិលេខ​៦២ ។ លោក​សង្ឃឹមថា គំរោង​ទាំងនេះមិន​គ្រាន់តែ​ដើរតួ​នាទី​ជា​វិជ្ជមាន​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម និង​ការ​លើក​ស្ទួយ​កំរិតជីវភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ពង្រឹង​កិច្ច​សហប្រតិបត្ដិការ​រវាងចិន​និង​កម្ពុជា​សំរាប់​ការ​អភិវឌ្ឍន៍​ជាមួយ​គ្នា​។ មាន​ប្រសាសន៍​សំណេះសំណាល​ក្នុងឱកាស​នោះ សម្ដេច​អគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន បាន​សំដែង​នូវ​សេចក្ដី​រីករាយ​ដែល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ផ្ដល់នូវ​ជំនួយ​ក៏​ដូច​ជា​ឥណទាន​យ៉ាង​សន្ធឹកសន្ធាប់​សំរាប់​បំរើ​ឱ្យ​ការ​អភិវឌ្ឍន៍​វិស័យ​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​នៅ​កម្ពុជា ។ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​មាន​ប្រសាសន៍​ថា តាំងពី​កកើត​ទឹកដីកម្ពុជា​មកនេះ គឺជា​លើក​ដំបូង​ដែល​យើងមាន​ស្ពាន​ព្រែក​ក្ដាម​មួយ​នេះ​សំរាប់​ប្រើប្រាស់​ជំនួស​ឱ្យ​ការ​ឆ្លងសាឡា​ង ។ ចិន​បាន​ជួយ​កម្ពុជា​លើ​វិស័យ​អាទិភាពទាំង​៤​ដែល​បាន​ដាក់​តាំងពី​២០​ឆ្នាំ​មុន គឺ​ទឹកសំរាប់​វិស័យ​កសិកម្ម ផ្លូវ ភ្លើង និង​មនុស្សនៅ​តែ​ត្រូវ ហើយ​អាច​នឹង​ត្រូវ​សំរាប់​រយៈពេល​២០​ឆ្នាំ​ទៀត ។ ចិន​ចាប់ផ្ដើម​ការដ្ឋាន ធារាសាស្ដ្រ​នៅ​បាត់ដំបង​មុនគេ ហើយ​ឥឡូវកម្ពុជា​កំពុង​ចរចា​នៅ​កំពង់ត្របែក និង​បណ្ដាការដ្ឋាន​មួយ​ចំនួន​ទៀត​កំពុង​តែ​អនុវត្ដ​នូវគំរោងការ​ឥណទាន​របស់​ចិនចំពោះ​វា​រី​អគ្គិ ស​នី​ចិន​បាន​ជំរុញ​អ្នក​វិនិយោគ​ដូច​ជា​វា​រី អគ្គិសនី​កំចាយ គិរី​រម្យ អា​តៃ អា​រ៉ៃ ឫស្សីជ្រំ និង​ការ​ចែកចាយ និង​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ដែល​មាន​សាលា​កសិកម្ម​ព្រែកលៀប បូក​ជាមួយនឹង​ការ​ជួយ​បណ្ដុះបណ្ដាលធនធានមនុស្ស​ដែល​បាន​បញ្ជូន​ទៅ​រៀន​នៅប្រទេស​ចិន​ផង​ដែរ ។ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​បាន​លើកឡើង​ថា ឥឡូវ​ប្រជាពលរដ្ឋ​លែង​មានការលំបាក​ទៀត​ហើយ កាលពីមុន​ប្រជាពលរដ្ឋតែងតែ​រង់ចាំ និង​មានការ​លំបាក​រហូត​មានទំនាស់​គ្នា​ទៀត ។ ស្ពាន​ព្រែក​ក្ដាម​បាន​បង្ក លក្ខណៈ​ងាយស្រួល​កាត់​បន្ថយ​ការ​លំបាករបស់​ប្រជាពលរដ្ឋ​ហើយ ដូច្នេះ​បើកបរ​ឱ្យ​តែត្រូវ​ច្បាប់​ចរាចរណ៍​បាន​ហើយ ។ សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​ថា ខ្ញុំ​ឯកភាព​ជាមួយនឹង​ឯកអគ្គរដ្ឋទូត​ចិន ដោយនៅថ្ងៃ​ទី​១ មិថុនា ជា​ទិវា​កុមារ​អន្ដរជាតិ ខ្ញុំឧទ្ទិស​ស្ពាន​នេះ សំរាប់​កុមារ​របស់​យើង យើងធ្វើ​សព្វថ្ងៃ គ្មាន​អ្វី​ក្រៅ​តែ​ដើម្បី​ទុក​ឱ្យ​អ្នកជំនាន់​ក្រោយ គឺ​កុមារ​របស់​យើងដែល​គេ​នឹងទទួលផល​ពី​អ្វី​ដែល​យើង​បាន​និង​កំពុង​ខិតខំ ។ ប្រហែលជា​ពួក​គេ​មិន​ស្ដីបន្ទោស​យើងនោះ​ទេ និយាយ​ដូច្នេះ​មិន​មាន​ន័យ​ថា យើងចង់​បន្ទោស​ដល់​អ្នក​ជាន់មុន​ទេ ក៏​ប៉ុន្ដែដំណាក់​កាលណា​ក៏​ដោយ វា​មាន​ចំណុចពិសេស​របស់​វា ។ ជួនកាល​ចង់​អភិវឌ្ឍន៍ លុះ​អភិវឌ្ឍន៍​បាន​ហើយ​ត្រូវ​ផ្ដាច់​ទៅ​វិញ​ក៏មាន​ដែរ ដូច​ជា​ស្ពាន​ជ្រោយចង្វា​ជាដើមត្រូវដាក់​មីន​កំទេច​ដើម្បី​ផ្ដាច់ ។ ស្ពាន​ជា​ច្រើនត្រូវ​បាន​សង្គ្រាម​បំផ្លិចបំផ្លាញ ហើយ​យើងធ្លាក់​ទៅ​ក្នុង​ស្ថានភាព​មួយ​ដែល​បាត់បង់​ពេលវេលា​យ៉ាងច្រើន តែ​ឥឡូវ​ពេលវេលា​បាន​មកដល់​ហើយ​សំរាប់​ការ​កសាង​របស់​យើង ។ ក្នុង​ឱកាស​នោះ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​បាន​ស្នើ​សុំ​កុំឱ្យ​បើក​លឿនផ្ទុកទំនិញ ហួស​ចំណុះ​កំណត់​ដែល​ធ្វើ​ឱ្យ​ឆាប់​ខូច​ផ្លូវនិង​ស្ពាន ហើយ​បើ​មាន​គ្រោះថ្នាក់​សូមកុំបន្ទោស​អ្នក​ធ្វើ​ផ្លូវ ៕

(ដកស្រង់ពីគេហទំព័រកាសែតកោះសន្តិភាព)

No comments:

Post a Comment