Wednesday, June 2, 2010

មន្រ្តី​ជាន់​ខ្ពស់​កម្ពុជា​និយាយ​ពី​បញ្ហា​នាំ​ចេញ​ផលិត​ផល​កសិកម្ម

មន្រ្តីជាន់ខ្ពស់ម្នាក់របស់ក្រសួងពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជានិយាយថា កង្វះ
ខាតរោងចក្រកែឆ្នៃវត្ថុធាតុដើម គឺធ្វើឲ្យមានការខាតបង់ដល់ប្រទេសជាតិនៅពេល ដែលមានការធ្វើពាណិជ្ជកម្មផលិតផលកសិកម្មកើតឡើង។

កាសែតភ្នំពេញប៉ុស្តិ៍បានរាយការណ៍ថា លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជ
កម្មនិយាយថា ប្រទេសថៃ និងវៀតណាមគឺកំពុងស្រូបយកផលប្រយោជន៍ពីប្រទេស
កម្ពុជានៅរដូវប្រមូលផលកសិកម្ម ជាពិសេសនៅក្នុងវិស័យឧស្សាហកម្មគ្រាប់ស្វាយ
ចន្ទី និងដំឡូងមី។

ការអធិប្បាយទាំងអស់នេះគឺបានធ្វើឡើង ២ថ្ងៃមុនសិក្ខាសាលាស្តីអំពីការសម្រប
សម្រួលពាណិជ្ជកម្ម។

លោករដ្ឋលេខាធិការនិយាយទៀតថា ប្រទេសវៀតណាមបាននាំចេញគ្រាប់ស្វាយ
ចន្ទីរបស់កម្ពុជាចំនួន ១ម៉ឺន៦ពាន់តោន ហើយសម្រាប់ការកែឆ្នៃដំឡូងមីនោះ បាន
ធ្វើឲ្យប្រទេសថៃនិងវៀតណាម បង្កើននូវតម្លៃបានរហូតដល់ទៅមួយជាពីរ នៅពេល ដែលគេលក់ផលិតផលសម្រេចនោះទៅកាន់ប្រទេសចិន ក៏ដូចជាបណ្តាប្រទេសដ៏ទៃ
ទៀតផងដែរ។

លោក ម៉ៅ ថូរ៉ា ក៏បានបន្ថែមទៀតថា ប្រទេសកម្ពុជាបាននាំចេញស្រូវបរិមាណ ១ម៉ឺន
៥ពាន់តោនកាលពីឆ្នាំមុន នៅពេលដែលខ្លួនមានលទ្ធភាពសម្រាប់ធ្វើការនាំចេញ
រហូតដល់ទៅ ២លាន២សែន៥ម៉ឺនតោនឯណោះ ប្រសិនបើកម្ពុជាមានបរិក្ខារគ្រប់​គ្រាន់នៅក្នុងការកែឆ្នៃផលិតផលដើមឲ្យស្របទៅតាមស្តង់ដារអន្តរជាតិនោះ៕

(ដកស្រង់ពីគេហទំព័រ វិទ្យុអូស្រ្ដាលី​)

No comments:

Post a Comment