ភ្នំពេញ: សមាជិកព្រឹទ្ធសភា ចំនួន ៤៥ រូប ក្នុងចំណោម ៥៣ រូប ដែលមានវត្តមានក្នុងអង្គប្រជុំ នាព្រឹកថ្ងៃទី៨ ខែមិថុនានេះ បានបោះឆ្នោតយល់ព្រម គាំទ្រលោក ប្រាក់ សុខ អតីតសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីបញ្ចូលក្នុងសមាសភាពក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដែលត្រូវបានជ្រើសតាំងពីព្រឹទ្ធសភា។
លោក ប្រាក់ សុខ ត្រូវបានសមាជិកព្រឹទ្ធសភា បោះឆ្នោតជ្រើសរើសចេញពីបេក្ខជនចំនួន ១០ រូប ដើម្បីធ្វើជាសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ តំណាងឲ្យស្ថាប័នព្រឹទ្ធសភា។
ការបោះឆ្នោតជ្រើសតាំងនេះ បានធ្វើឡើង ស្របពេលជាមួយនឹងកិច្ចប្រជុំរដ្ឋសភា ដែលមានការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ តំណាងឲ្យស្ថាប័នរដ្ឋសភាផងដែរ។
សូមបញ្ជាក់ថា បេក្ខជនសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ តំណាងព្រឹទ្ធសភា និងរដ្ឋសភា មិនមែនជាសមាជិកព្រឹទ្ធសភា និងរដ្ឋសភាទេ។
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដែលកំណត់ក្នុងច្បាប់ប្រឆាំងអំពើពុករលួយ ត្រូវមាន សមាសភាពចំនួន ១១ រូប ដែលជាតំណាងព្រះមហាក្សត្រ, ព្រឹទ្ធសភា, រដ្ឋសភា, រដ្ឋាភិបាល, អាជ្ញាធរសវនកម្មជាតិ, ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច, ក្រុមប្រឹក្សាអ្នកច្បាប់, ក្រុមប្រឹក្សាកំណែទម្រង់ច្បាប់ និងប្រព័ន្ធតុលាការ, ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។
សមាសភាពក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយនេះ នឹងត្រូវព្រះមហាក្សត្រ ឡាយព្រះហត្ថលេខា តាមការស្នើសុំរបស់សម្តេចនាយករដ្ឋមន្ត្រី ដើម្បីតែងតាំងជាផ្លូវការ។
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយនេះ មានភារកិច្ចកសាងយុទ្ធសាស្ត្រ និងនយោបាយ ដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ ពិគ្រោះយោបល់ និងផ្តល់អនុសាសន៍ ដល់អង្គភាពប្រឆាំងអំពើពុករលួយ ឃ្លាំមើលដំណើរការការងារនៃអង្គភាពប្រឆាំងអំពើពុករលួយ និងធ្វើរបាយការណ៍ប្រចាំឆមាស និងប្រចាំឆ្នាំ ជូនសម្តេចនាយករដ្ឋមន្ត្រី។
ច្បាប់ប្រឆាំងអំពើពុករលួយ ត្រូវបានអនុម័តដោយរដ្ឋសភា និងព្រឹទ្ធសភា ហើយត្រូវបានព្រះមហាក្សត្រ ឡាយព្រះហត្ថលេខា នៅក្នុងខែមេសា ឆ្នាំ២០១០។ ក៏ប៉ុន្តែច្បាប់ប្រឆាំងអំពើពុករលួយនេះ នឹងចូលជាធរមាន នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១០៕
(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៏)
No comments:
Post a Comment