Wednesday, June 9, 2010

ជ្រើសរើស​បានហើយ សមាជិក​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ចេញពី​ព្រឹទ្ធ​សភា​និង​រដ្ឋ​សភា

ដូច​ការ​គ្រោង​ទុក​នៅ​ថ្ងៃ​អង្គារ​នេះ​ ព្រឹទ្ធ​សភា​និង​រដ្ឋ​សភា​បាន​បោះ​ឆ្នោត​​ដាក់​ដោយ​ឡែក​ពី​គ្នា ​ដើម្បី​ជ្រើស​តាំង​បេក្ខជន​មួយ​រូប​រៀងៗ​ខ្លួន​ធ្វើ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ។ នៅ​រដ្ឋ​សភា​លោក តុ​ប សំ ​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​ជាប់​ឆ្នោត ក្នុង​ចំណោម​បេក្ខជន​៦​រូប​។​ ចំណែក​នៅ​ព្រឹទ្ធ​សភា​ លោក​ប្រាក់​ សុខ​ អតីត​សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ​ក៏​ត្រូវ​បាន​ជាប់​ឆ្នោត​ក្នុង​ចំណោម​បេក្ខជន​១០​រូប។

ការ​បោះ​ឆ្នោត​ផ្សេង​គ្នា ​នៅ​ព្រឹក​មិញ ​សមាជិក​រដ្ឋ​សភា​ចំនួន ​៨៣​រូប ក្នុង​ចំណោម​១០៦​រូប​ដែល​មាន​វត្តមាន​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​រដ្ឋ​សភា បាន​សម្រេច​យល់​ព្រម​បោះ​ឆ្នោត​ជ្រើស​រើស​លោក​ តុ​ប សំ​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ​សម្រាប់​ធ្វើ​ជា​តំណាង​របស់​ស្ថាប័ន​រដ្ឋ​សភា​នៅ​ក្នុង​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​។​ លោក តុ​ប សំ ត្រូវ​បាន​ជ្រើស​រើស​ចេញ​ពី​បេក្ខជន​ចំនួន​៦​រូប​ដែល​មិន​មែន​សមាជិក​រដ្ឋ​សភា​ទេ​។

ចំណែក​នៅ​ព្រឹទ្ធ​សភា​វិញ​ សមាជិក​ចំនួន​៤៥​រូប​ក្នុង​ចំណោម​៥៣​រូប​ដែល​ចូល​រួម​ប្រជុំ​បាន​គូស​លើ​បោះ​ឆ្នោត​ យល់​ព្រម​គាំ​ទ្រ​លោក​ ប្រាក់​ សុខ​ អតីត​សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដែល​ទើប​ផុត​អាណត្តិ ​ដើម្បី​ធ្វើ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​តំណាង​ឲ្យ​ស្ថាប័ន​ព្រឹទ្ធសភា។

ការ​បោះ​ឆ្នោត​នៅ​ព្រឹក​មិញ ​គណបក្ស​សមរង្ស៊ី​និង​គណបក្ស​សិទ្ធិ​មនុស្ស​​មិន​បាន​គាំ​ទ្រ​ទេ​ ដោយ​សំអាង​ថា​ គណបក្ស​ប្រឆាំង​នេះ​មិន​បាន​គាំទ្រ​លើ​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ តាំង​ពី​រដ្ឋ​សភា ​ពិភាក្សា​កាល​ពី​ដើម​ទី​មក​ម្លេះ។​ ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋ​សភា​និង​ព្រឹទ្ធ​សភា ​ហើយ​ត្រូវ​បាន​ព្រះ​មហាក្សត្រ​ឡាយ​ព្រះ​ហស្ថលេខា ​នៅ​ក្នុង​ខែ​មេសា​កន្លង​មក​បាន​កំណត់​ថា ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ត្រូវ​មាន​ភារកិច្ច ​កសាង​យុទ្ធសាស្ត្រ និង​នយោបាយ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​, ពិគ្រោះ​យោបល់ និង​ផ្តល់​អនុសាសន៍​ដល់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​, ឃ្លាំ​មើល​ដំ​ណើរ​​ការ​ការងារ​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​, ស្នើ​អង្គភាព​ប្រឆាំង​អំពើ​​ពុក​រលួយ​ឲ្យ​រាយ​ការណ៍ ​ឬ​បំភ្លឺ​, ធ្វើ​របាយការណ៍​ប្រចាំ​ឆមាស និង​ប្រចាំ​ឆ្នាំ​ជូន​នាយក​រដ្ឋមន្ត្រី​។​ ពោល​គឺ​ស្ថាប័ន​កំពូល​នេះ មាន​តួ​នាទី​ពិ​គ្រោះ​​យោបល់​និង​ផ្តល់​អនុសាសន៍​លើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​។ ​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ហ្នឹង​ ជា​ស្ថាប័ន​ឯករាជ្យ ​និង​មាន​សមាសភាព​១១​រូប​ដែល​ត្រូវ​ជ្រើស​តាំង​ពី​ស្ថាប័ន​ជាតិ​កំពូលៗ​ រួម​ទាំង​ឥស្សរជន​ដែល​តែង​តាំង​ដោយ​ព្រះមហាក្សត្រ។

មក​ដល់​ថ្ងៃ​នេះ ​ក្នុង​ចំណោម​សមាសភាព​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ទាំង​១១​រូប​ហ្នឹង​ យើង​អាច​ដឹង​ជា​សាធារណៈ​នូវ​អត្ត​សញ្ញាណ​​​ឥស្សរជន​៣​រូប​ហើយ​គឺ​លោក​ ឱម យិនទៀង​ ប្រធាន​អង្គ​ភាព​​ប្រឆាំង​អំពើ​ពុក​រលួយ​និង​ជា​ទីប្រឹក្សា​លោកនាយក​មន្ត្រី​ហ៊ុនសែន​, លោក ប្រាក់ សុខ និង​លោក តុ​ប សំ ដែល​ជា​អតីត​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​និង​ទើប​ជាប់​ឆ្នោត​នៅ​ថ្ងៃ​នេះ។​ សមាសភាព​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​នេះ ​ត្រូវ​បាន​សកម្មជន​សិទ្ធិមនុស្ស​អង្គការ អាដហុក លោក​ ចាន់ សា​វ៉េត ​ហាក់​ដូច​ជា​មិន​មាន​ជំនឿ​លើ​ប្រសិទ្ធិភាព​របស់​ស្ថាប័ន​កំពូល​នេះ ​ក្នុង​ការ​ចាត់​វិធានការ​ប្រឆាំង​នឹង​បទ​ល្មើស​ពុក​រលួយ​ប៉ុន្មាន​ទេ។
​តាម​សកម្មជន​សិទ្ធិមនុស្ស​រូបនេះ សមាសភាព​ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​ត្រូវបាន​ជ្រើសតាំង ចេញពី​គណបក្ស​នយោបាយ និង​រដ្ឋា​ភិបាល មិន​អាច​ឯករាជ្យ​បានទេ​។ អ្នក​ទាំងនោះ ត្រូវ​ធ្វើការ​ស្ថិតនៅក្រោម​អំណាច​រដ្ឋាភិបាល និង​អំណាច​គណបក្ស ហើយ​មិន​អាច​ឯករាជ្យ​បាន​ទេ​។

ចំណែក​គណបក្ស​ប្រឆាំង​ដែល​បាន​ធ្វើ​ពហិការ​មិន​គាំ​ទ្រ​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​និង​មិន​បោះ​ឆ្នោត​គាំទ្រ​បេក្ខជន​តំណាង​រដ្ឋ​សភា ​ដើម្បី​ធ្វើ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​តាមរយៈ​លោក​តំណាង​រាស្ត្រ​ សុន ឆ័យ ​ក៏​គ្មាន​ជំនឿ​ថា​ យន្តការ ដើម្បី​ប្រឆាំង​អំពើ​ពុក​រលួយ​នេះ ​អាច​ធ្វើ​ទៅ​កើត​នោះ​ទេ។ ​​លោក សុន ឆ័យ ​បាន​លើក​បញ្ជាក់​​ថា ​កន្លង​មក​មន្ត្រី​រដ្ឋាភិបាល​ ពិសេស​លោក ឱម យិនទៀង ដែល​កាន់​តួនាទី​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ មិន​មាន​សកម្មភាព​ប្រឆាំង​នឹង​បញ្ហា​ពុក​រលួយ​អ្វី​សោះ​។ ដូច្នេះ​ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ​ថ្មី​នេះ ​នឹង​មិន​មាន​អ្វី​ប្លែក​ដើម្បី​ទប់​ស្កាត់​និង​កាត់​បន្ថយ​សកម្មភាព​ពុក​រលួយ​នៅ​កម្ពុជា​បាន​ទេ​។​ ផ្ទុយ​ទៅ​វិញ​​ សមាជិក​សភា​គណបក្ស​ប្រឆាំង​រូប​នេះ ​សម្តែង​ក្តី​បារម្ភ​ទៅ​វិញ​ថា ​អាច​នឹង​មាន​ការ​ប្រើ​យន្តការ​និង​ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ​នេះ​ ដើម្បី​គាប​សង្កត់​នូវ​វិស័យ​នយោបាយ​និង​វិស័យ​ជំនួញ​សម្រាប់​បម្រើ​ផល​ប្រយោជន៍​ដល់​រដ្ឋាភិបាល​។

យ៉ាងណា​ដ៏​ដោយ​ មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល ​លោក ទិត សុធា ​ដែល​ជា​អ្នក​នាំពាក្យ​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​របស់​ទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ បាន​អះអាង​ថា ការ​ជ្រើស​រើស​បេក្ខជន​ដែល​ព្រឹទ្ធ​សភា និង​រដ្ឋ​សភា​បាន​បោះ​ឆ្នោត​នៅ​ថ្ងៃ​នេះ ​បាន​ធ្វើ​ដោយ​បើក​ទូលាយ​មិន​ដូច​គណបក្ស​ប្រឆាំង​ថា ​ជា​ការ​រៀបចំ​របស់​រដ្ឋាភិបាល​ហើយ​មិន​តម្លាភាព​នោះ​ទេ​។

លោក ទិត សុធា បាន​បញ្ជាក់​ថា ​បេក្ខភាព​ដែល​បាន​ជ្រើស​រើស​ដើម្បី​ធ្វើ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​នេះ​ មាន​សមត្ថភាព​​គ្រប់​គ្រាន់​និង​ជា​អ្នក​មាន​ជំនាញ​ឯកទេស​ច្បាប់​ដែល​ជា​ឥស្សរជន​ដ៏​សំខាន់​និង​មាន​ប្រសិទ្ធិភាព​លើ​ការងារ​ប្រឆាំង​អំពើ​ពុក​រលួយ​។ ​ផ្ទុយ​ទៅវិញ​ គណបក្ស​ប្រឆាំង​ដែល​ធ្វើ​ពហិការ ​មិន​មាន​ឆន្ទះ​នយោបាយ​ដើម្បី​ចូលរួម​បង្ការ​ទប់​ស្កាត់​និង​កាត់​បន្ថយ​អំពើ​ពុក​រលួយ ដូច​អ្វី​ដែល​គណបក្ស​ប្រឆាំង ​បាន​ជម្រុញ​ឲ្យ​មាន​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​នោះទេ​៕

(ដកស្រង់ចេញពីគេហទំព័រ RFI ខេមរភាសា)

No comments:

Post a Comment