ភ្នំពេញ: ពលករខ្មែរ ៨ រូប ដែលបានចាញ់បោកមេខ្យល់ យកទៅជួញដូរ នៅប្រទេសឥណ្ឌា មានគម្រោងធ្វើដំណើរមកកាន់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១០ ក៏ប៉ុន្តែត្រូវបានពន្យារពេល លើកទៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១០វិញ។ នេះបើតាមការបញ្ជាក់របស់សកម្មជនសិទ្ធិមនុស្ស។
លោក ចាន់ សាវ៉េត អ្នកស៊ើបអង្កេតជាន់ខ្ពស់របស់សមាគមសិទ្ធិមនុស្ស អាដហុក បានលើកឡើងថា ការពន្យារពេលនេះ ដោយសារតែបញ្ហាបច្ចេកទេស ក្នុងការផ្តល់លុយទិញសំបុត្រយន្តហោះ ពីប្រទេសឥណ្ឌា មកកាន់ប្រទេសកម្ពុជា។ នោះគឺអង្គការអន្តោប្រវេសន៍អន្តរជាតិ IOM និងអង្គការដៃគូ នៅប្រទេសឥណ្ឌា កំពុងមានបញ្ហាបច្ចេកទេសខ្លះ ក្នុងការដកលុយទិញសំបុត្រយន្តហោះ សម្រាប់បុរសពលករខ្មែរទាំង ៨ រូបនោះ។
លោក ចាន់ សាវ៉េត បានបន្ថែមថា ការបញ្ជូនត្រឡប់នូវពលករខ្មែរ ដែលត្រូវគេជួញដូរពលកម្ម នៅប្រទេសឥណ្ឌានេះ គឺជាកិច្ចប្រឹងប្រែងរបស់អង្គការអាដហុក និងអង្គការដៃគូ សហការជាមួយនឹងក្រសួងការបរទេស ក្រសួងមហាផ្ទៃ និងស្ថានទូតខ្មែរ ប្រចាំប្រទេសឥណ្ឌា ព្រមទាំងរដ្ឋាភិបាលឥណ្ឌាផងដែរ។
សូមរម្លឹកថា បុរសពលករខ្មែរទាំង ៨ រូបនោះ បានចាញ់បោកមេខ្យល់ នាំទៅរកការងារ នៅប្រទេសថៃ ដោយខុសច្បាប់ ហើយពួកគេត្រូវបានជួញដូរបន្ត ទៅធើ្វការជាកម្មករនេសាទ នៅសមុទ្រក្នុងប្រទេសឥណ្ឌា។ ពលករទាំងនេះ ត្រូវបានទាហានជើងទឹកប្រទេសឥណ្ឌា ចាប់ខ្លួន៕
(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៏)
No comments:
Post a Comment