រាជធានីភ្នំពេញ ៖ មន្ដ្រីជាង៧០នាក់ មកពីបណ្ដាអង្គការមិនមែនរដ្ឋាភិបាល និងក្រសួងមន្ទីររបស់រដ្ឋាភិបាលដែលពាក់ព័ន្ធបានចូលរួមក្នុងសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីគោលនយោបាយឆ្លើយតបទៅនឹងបញ្ហាបំរែបំរួលអាកាសធាតុក្នុងប្រទេសកម្ពុជា ដែលប្រព្រឹត្ដធ្វើរយៈពេល២ថ្ងៃ គឺថ្ងៃទី២៧ និង ២៨ ឧសភា នៅសណ្ឋាគារអ៊ីមភើរៀ ។ សិក្ខាសាលានោះសហការរៀបចំដោយ បណ្ដាញកាត់បន្ថយថ្នាំកសិកម្មបណ្ដាញ វេទិកាបរិស្ថាន បណ្ដាញជីវភាពអាស្រ័យ ព្រៃឈើនិងចំការឈើដាំ ក្រោមការឧបត្ថម្ភ ពីវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា ។ លោកឈិត សំអាត នាយកប្រតិបត្ដិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជាបានថ្លែងថា សិក្ខាសាលាដែលមាន រយៈពេលពីរថ្ងៃនេះ មានសារសំខាន់ណាស់ក្នុងការបង្កើនការយល់ដឹងអំពីបញ្ហាបំរែបំរួលអាកាសធាតុដល់អង្គការជាសមាជិកបណ្ដាញ ធ្វើការសិក្សាទៅលើច្បាប់នានាដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងលើក ទឹកចិត្ដក្នុងការដាក់បញ្ចូលទស្សនៈនៃការប្រែប្រួលអាកាសធាតុទៅក្នុងផែនការយុទ្ធ សាស្ដ្ររបស់ខ្លួនជាពិសេសដើម្បីពង្រឹង ទំនាក់ទំនងល្អរវាងអង្គការសមាជិកបណ្ដាញ និងស្ថាប័នរាជរដ្ឋាភិបាលដែលបាននិងកំពុង ធ្វើការពាក់ព័ន្ធនឹងបញ្ហាបំរែបំរួលអាកាសធាតុនៅកម្ពុជា ។វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្ដីពីកម្ពុជា (NGO Forum on Cambodia) គឺជាអង្គការសមាជិកភាព សំរាប់អង្គការជាតិ និងអន្ដរជាតិដែលមាននៅក្នុងប្រទេសកម្ពុជា ដើម្បីផ្លាស់ប្ដូរ និងចែកចាយព័ត៌មានគ្នាទៅវិញទៅមកពិភាក្សានិងធ្វើការតស៊ូមតិលើបញ្ហាចំបងៗដែលជះឥទ្ធិពលដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា ។ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា មានជំនឿក្នុងការធ្វើការរួមគ្នាដើម្បីសេដ្ឋកិច្ច និងយុត្ដិធម៌សង្គម ការពារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ សមភាពយេនឌ័រ សន្ដិភាព និងគ្មានអំពើហិង្សា ការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្ដរភាព និងការអភិវឌ្ឍន៍ ប្រកបដោយសមភាព ។ ការរីកចំរើននៃវិទ្យាសាស្ដ្រ ធ្វើឱ្យការរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង ប៉ុន្ដែក៏មានការបំផ្លិចបំផ្លាញបរិស្ថានពិភពលោកខ្លាំងណាស់ដែរ ដែលបង្កឱ្យមានការប្រែប្រួលអាកាសធាតុ មានផលវិបាកចំបងចំនួនបីគឺ ការកើនឡើងសីតុណ្ហភាពផែនដី ការប្រែប្រួលរបបទឹកភ្លៀងនិងជលសាស្ដ្រ និងការកើនឡើងនូវនីវ៉ូទឹកសមុទ្រដែលមានឥទ្ធិពលលើប្រទេសកំពុងអភិវឌ្ឍន៍តិចតួច ដូចជាកម្ពុជាយើងនេះជាដើម ។
ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍មួយ ចាំបាច់ត្រូវការអភិវឌ្ឍន៍ ប្រទេសដើម្បីភាពរីកចំរើនផ្នែកសេដ្ឋកិច្ចឆ្ពោះ ទៅរកការកាត់បន្ថយភាពក្រីក្រ តាមរយៈ ការលើកទឹកចិត្ដវិស័យឯកជន ឱ្យមកធ្វើវិនិយោគនៅប្រទេសកម្ពុជា ដែលអាចបង្កឱ្យមានផលប៉ះពាល់ជាអវិជ្ជមានទៅលើបរិស្ថាន ជីវចំរុះសុខភាពមនុស្ស សត្វ និងធនធាន ដ៏សំបូរបែបដែលប្រជាជនកម្ពុជាកំពុងពឹង អាស្រ័យដើម្បីជីវភាពរស់នៅ និងជាសន្ដិសុខស្បៀងរបស់ពួកគេ ។ តាមរយៈការសង្កេតឃើញថា ការអភិវឌ្ឍន៍ប្រទេសកម្ពុជា មានសន្ទុះយ៉ាងលឿន ដោយរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យមានគំរោងអភិវឌ្ឍន៍ជាច្រើនដូចជា សម្បទានដីសេដ្ឋកិច្ច គំរោងវារីអគ្គិសនី រោងចក្រអគ្គិសនីប្រើធ្យូងថ្ម សម្បទានរ៉ែ និងសម្បទានផ្សេងៗទៀត ។ គំរោងអភិវឌ្ឍន៍ទាំងនោះចាំបាច់ទាមទារឱ្យមានការយកចិត្ដទុកដាក់យ៉ាងចាំបាច់លើផលប៉ះពាល់ទៅលើសហគមន៍មូលដ្ឋាន ជាពិសេសស្ដ្រី កុមារ និងជនជាតិដើមភាគតិច ដែលជាក្រុមអ្នកងាយ រងគ្រោះពីគំរោងវិនិយោគនានាដូចជាការ កាប់បំផ្លាញព្រៃឈើ ការបំពុលទឹក ខ្យល់ ដី ដែលនាំឱ្យប្រព័ន្ធអេកូឡូហ្ស៊ីមានការប្រែប្រួលរួមចំណែកដល់ការប្រែប្រួលអាកាសធាតុ និងការកើនឡើងនូវកំដៅផែនដី ដែលជាបញ្ហាដ៏គួរឱ្យបារម្ភសំរាប់អនាគតរបស់ប្រទេសកម្ពុជា និងពិភពទាំងមូល ។
ការប្រែប្រួលអាកាសធាតុកំពុងបង្កផលប៉ះពាល់ធ្ងន់ធ្ងរលើផលិតកម្ម កសិកម្ម ធនធានទឹក សុខភាពមនុស្ស ព្រៃឈើ និងប្រព័ន្ធ អេកូឡូហ្ស៊ី ។ គ្រោះទឹកជំនន់ ភាពរាំងស្ងួត ខ្យល់ព្យុះ និងគ្រោះមហន្ដរាយធម្មជាតិផ្សេង ទៀតបានកើតឡើងកាន់តែញឹកញាប់និងខ្លាំងក្លា ព្រមទាំងផ្ដល់នូវបញ្ហាជាច្រើននៅពេលបច្ចុប្បន្ន និងអនាគត ដូចជាដីខូចគុណភាព បាត់បង់ជីវៈចំរុះ ការរេចរឹលនៃព្រៃឈើ និងបាត់បង់ពូជដំណាំកសិកម្មក្នុងស្រុកជាដើមទាំងនេះបង្កមកពីឥទ្ធិពលអវិជ្ជមាននៃសារធាតុគីមីមួយផ្នែក ក្នុងចំណោមឥទ្ធិពលដទៃ ជាច្រើនទៀត ។ វិស័យកសិកម្មក៏រួមចំណែកក្នុងការធ្វើឱ្យមានការប្រែប្រួលអាកាសធាតុ ផងដែរតាមរយៈការកាប់ព្រៃឈើធ្វើកសិកម្មការប្រើប្រាស់ថ្នាំកសិកម្ម និងជីគីមី និងការប្រើប្រាស់ទឹកជាដើម ។ ដោយសារប្រទេសកម្ពុជាជាប្រទេសកសិកម្ម ដែលមានប្រជាជនប្រមាណ៨៥ភាគរយ រស់នៅតាមតំបន់ជនបទ និងប្រមាណជា៨០ភាគរយជាកសិករដែលពឹងផ្អែកលើធនធានធម្មជាតិ ដើម្បីប្រកបរបរចិញ្ចឹមជីវិត ។
ដោយឡែកប្រទេសកម្ពុជា ជាប្រទេសកសិកម្មដែលងាយរងគ្រោះខ្លាំងជាងគេពីការ ប្រែប្រួលអាកាសធាតុ ។ ប្រទេសកម្ពុជាបានកំណត់យកវិស័យកសិកម្ម ជាវិស័យមួយដើរតួនាទីយ៉ាងសំខាន់ ដូចមានចែងយ៉ាងច្បាស់ នៅក្នុងយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី ២របស់រាជរដ្ឋាភិបាលកម្ពុជា ដោយហេតុថា សេដ្ឋកិច្ចជាតិពឹងអាស្រ័យលើកសិកម្មដើម្បី រក្សាកំណើនសេដ្ឋកិច្ច ។ កសិកម្មកម្ពុជាពឹងផ្អែកទាំងស្រុុងទៅលើរបបទឹកភ្លៀង និងរបបទឹកធម្មជាតិ មានដូចជាទឹកជំនន់ប្រចាំឆ្នាំនៃទន្លេមេគង្គ បឹងទន្លេសាប និងការកើនឡើងនូវកំពស់ទឹកសមុទ្រ ។ អាស្រ័យហេតុនេះ កសិកម្មនៅកម្ពុជាមានការពាក់ព័ន្ធយ៉ាងខ្លាំងជាមួយការប្រែប្រួលអាកាសធាតុជាប្រចាំ ដែលមានកើតមាន ក៏ដូចជាការប្រែប្រួលរបបខ្យល់មូសុងផងដែរ ។ បើតាមរបាយការណ៍របស់អង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) បង្ហាញថា ប្រជាជនប្រមាណ៧៥ លាននាក់នៅលើពិភពលោក បានជួបប្រទះ នឹងគ្រោះទុរ្ភិក្ស ជាពិសេសនៅប្រទេសកំពុងអភិវឌ្ឍន៍តិចតួច និងប្រទេសក្រីក្រ ដែលកត្ដាទាំងនេះបណ្ដាលមកពីផលិតភាពកសិកម្មនៅទាប បញ្ហាខ្វះខាតទឹក និងដីធ្លីសំរាប់ បង្កបង្កើនផល គ្រោះទឹកជំនន់ និងភាពរាំង ស្ងួត ដែលបង្កមកពីការប្រែប្រួលអាកាសធាតុ ។
ក្រៅពីឥទ្ធិពលទៅលើវិស័យកសិកម្ម ព្រៃឈើ និងធនធានធម្មជាតិ ក៏នឹងត្រូវរេចរឹល ដោយសារតែការប្រែប្រួលអាកាសធាតុដែរ។ យើងដឹងហើយថា ព្រៃឈើមានតួនាទីសំខាន់ណាស់ក្នុងការបន្សុទ្ធខ្យល់ឱ្យល្អសំរាប់ ឱ្យយើងអាចរស់នៅបាន ។ ប៉ុន្ដែនៅប៉ុន្មាន ទសវត្សចុងក្រោយនេះព្រៃឈើបានត្រូវកាប់បំផ្លាញដោយខុសច្បាប់ និងមួយចំនួនបានត្រូវបាត់បង់ដោយសារតែការធ្វើសម្បទាន ដីដើម្បីធ្វើការអភិវឌ្ឍន៍ប្រទេស។ បើសិនជាគោល នយោបាយ គ្រប់គ្រងវិស័យនានា ជាពិសេសកសិកម្ម ព្រៃឈើនៅមានចំណុចខ្វះខាតច្រើន នោះបញ្ហាដែលកើតមានក៏កាន់តែច្រើនឡើងដែរ ។ ដើម្បីកាត់បន្ថយបញ្ហា នៅក្នុងប្រទេសក៏ដូចជាការរួមចំណែកក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងផលប៉ះពាល់ដែលកើតឡើង និងអាចកើតឡើងដោយសារការប្រែប្រួលអាកាសធាតុ ការពិនិត្យឡើងវិញនូវគោលនយោបាយនានា របស់ប្រទេសមានសារសំខាន់ណាស់ ហើយជាពិសេសគឺការចូលរួមរបស់សង្គមស៊ីវិលក្នុងការពិនិត្យ និងផ្ដល់មតិយោបល់ទៅលើគោលនយោបាយទាំងនោះ ដើម្បីឱ្យគោលនយោ បាយនោះរឹតតែមានប្រសិទ្ធភាព តម្លាភាព និងឆ្លើយតបទៅនឹងបញ្ហារបស់ប្រទេសផងដែរ។
បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្ហាញ ឱ្យឃើញពីឆន្ទៈនយោបាយដើម្បីដោះ ស្រាយបញ្ហាប្រែប្រួលអាកាសធាតុដោយ ឈរលើគោលការណ៍ចំបងៗរបស់អនុសញ្ញា ក្របខណ្ឌអង្គការសហប្រជាជាតិស្ដីពីការ ប្រែប្រួលអាកាសធាតុ។ ទោះបីជាមានការ ខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបណ្ដាដៃគូអភិវឌ្ឍន៍ អង្គការមិន មែនរដ្ឋាភិបាលជាតិ និងអន្ដរជាតិ និងវិស័យ ឯកជន ក៏នៅតែទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីសំណាក់អង្គការមិនមែនរដ្ឋាភិបាល ប្រជាពលរដ្ឋគ្រប់រូប តាមរយៈការស្វែង និងប្រើប្រាស់ចំណេះដឹងដើម្បីបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ដើម្បីចូលរួមស្វែងរកដំណោះស្រាយខណៈដែលកំពុងជួបប្រទះ ។
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
No comments:
Post a Comment