Wednesday, June 9, 2010

ជម្លោះរបស់ក្រុមអាជីវករ នៅប្រាសាទបាយ័ន ត្រូវបានបញ្ចប់

Ndkwyjhjotសៀមរាប៖ ក្រុម​អាជីវករ​លក់ដូ​រ​នៅ​ប្រាសាទ​បាយ័ន ដែល​ធ្លាប់​លើកគ្នា​មក​តវ៉ា​ជាមួយ​អាជ្ញាធរ​អប្សរា នា​ពេលកន្លងមក ត្រូវបាន​ដោះស្រាយ​បញ្ចប់ ខណៈពេល​អាជ្ញាធរ​អប្សរា​បាន​ព្រមព្រាង​ធ្វើ​ការដោះដូរ​ទីតាំង​លក់ដូរ​ថ្មីមួយកន្លែង​ទៀត​ឲ្យទៅ​ពួកគាត់ គឺ​ស្ថិតនៅ​ខាងលិច​បរិវេណ​ប្រាសាទព្រះពិធូ​រ ដោយ​តូបលក់​វត្ថុ​អនុស្សាវរីយ៍ មាន​ទំហំ ២ ម៉ែត្រ និង ៣ ម៉ែត្រ និង​តូបលក់​អាហារ ២,៥ ម៉ែត្រ គុណ ៣ ម៉ែត្រ ។​

ក្រុមអាជីវករ បាន​និយាយថា កន្លងមក​អាជ្ញាធរ​អប្សរា​ធ្លាប់​បាន​ដាក់​ទីតាំង​ចំនួន ៤ កន្លែង​ឲ្យ​អាជីវករ​ជ្រើសរើស ប៉ុន្តែ​កន្លែង​ទាំង ៤ នោះ សុទ្ធ​តែ​កន្លែង​ដែល​ពួក​យើង​មិន​អាច​ទទួលយកបាន ។ ទើបតែ​ពេលនេះ ពួក​យើង​ទទួល​បាន​កន្លែង​ថ្មី ហើយ​សមរម្យ​ពួកយើង (​អាជីវករ​) ក៏​ព្រម​ទទួលយក​ដោយ​រីករាយ ។​

លោក ​ដុម ហាក់ អគ្គនាយករង នៃ​អាជ្ញាធរ​អប្សរា បាន​មានប្រសាសន៍ថា នេះ​ជា​ជោគជ័យ​ដ៏​ធំ​មួយ ដែល​ក្រុមអាជីវករ បាន​ព្រមព្រាង​គ្នា ជាមួយ​អាជ្ញាធរ​អប្សរា​ដោយ​សន្តិវិធី ។ លោក​បន្តថា ការផ្តល់ជូន​កន្លែង​លក់ដូរ​ថ្មី​នេះ គឺ​គ្រាន់តែ​បណ្តោះអាសន្ន​តែប៉ុណ្ណោះ ទំ​រាំ​ក្រុម​ស្រាវជ្រាវ​របស់​អាជ្ញាធរ ។

លោក​ ជ្រុន សុផល ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​និយាយថា ដើម្បី​ភាពយុត្តិធម៌ អាជ្ញាធរ បាន​ឲ្យ​ក្រុមអាជីវករ ធ្វើការ​ចាប់ឆ្នោត ។ គឺ​អ្នកលក់​អាហារ ចាប់ឆ្នោត​ផ្សេង និង​អ្នកលក់​វត្ថុ​អនុស្សាវរីយ៍​ចាប់ឆ្នោត​ផ្សេង ដោយ​លោក​បញ្ជាក់ថា ការ​សង់​តូប​លក់ដូរ​ថ្មី​នេះ គឺ​មិន​បង់ប្រាក់​ប្រចាំថ្ងៃ ឬ​ប្រចាំ​ខែ​ឲ្យ​អ្នកណា​ម្នាក់​ជា​ដាច់ខាត តែបើ​មាន​ជន​ណា​ម្នាក់​មាន​ទា​លុយ​ថ្លៃ​អ្វីមួយ ត្រូវ​កត់​ឈ្មោះ និង​អង្គភាព​ឲ្យបាន​ច្បាស់ ហើយ​ផ្តល់​ព័ត៌មាន​ដល់​ក្រុមការងារ​ជាបន្ទាន់ ។​

ទាក់ទិន​នឹង​ការ​យក​លុយ​ប្រចាំថ្ងៃ ឬ​ខែ​នេះ លោក ​ដុម ហាក់ អគ្គនាយករង​អាជ្ញាធរ​អប្សរា បាន​ធ្លោយ​ថា ក្រុមអាជីវករ ដែល​លក់​នៅ​ប្រាសាទ​បាយ័ន​ពីមុន អ្នកខ្លះ​សុទ្ធតែ​មាន​ខ្នង​ប៉ូលិស នៅ​ពីក្រោយ តែម្តង​នេះ​មិន​អាច​ទៅរួច​នោះទេ ៕

(ដកស្រង់ចេញពីគេហទំព័រខេមបូឌាអេចបេ្រសញូស៏)

No comments:

Post a Comment