
ក្រោយពីការធ្វើបាតុកម្មរបស់ក្រុមបាតុករអាវក្រហមប្រឆាំងរដ្ឋាភិបាលរបស់លោកអាប់ភីស៊ីត ត្រូវបញ្ចប់ ពេលនេះនៅប្រទេសថៃមានការខ្វែងគំនិតគ្នាទៀតរវាងលោកនាយករដ្ឋមន្ដ្រីអាប់ភីស៊ីត និងគណបក្សប្រឆាំង គឺគណបក្សភឿថៃចំពោះការស៊ើបអង្កេតលើការបង្ក្រាបប្រកបដោយការបង្ហូរឈាមប្រឆាំងក្រុមបាតុករអាវក្រហមកាលពីខែមេសា និងខែឧសភាកន្លងមក ។ ការមិនចុះសម្រុងគ្នានេះកើតឡើងដោយសារលោកនាយករដ្ឋមន្ដ្រីអាប់ភីស៊ីត តែងតាំងអតីតអគ្គមេធាវីម្នាក់ឱ្យធ្វើជាមេដឹកនាំក្រុមស៊ើបអង្កេត ប៉ុន្ដែត្រូវគណបក្សភឿថៃ ប្រឆាំង ព្រោះថា អតីតអគ្គមេធាវីរូបនោះនៅខាងលោកអាប់ភីស៊ីត ដូច្នេះការស៊ើបអង្កេតមិនមានភាពឯករាជ្យ និងយុត្ដិធម៌ឡើយ ។ កាលពីថ្ងៃទី៩ មិថុនា កន្លងមក លោកនាយករដ្ឋមន្ដ្រីអាប់ភីស៊ីត បានចេញមុខការពារការតែងតាំងអតីតអគ្គមេធាវីនោះរបស់លោក ដោយលោកនាយករដ្ឋមន្ដ្រីបានច្រានចោលការប្រឆាំង និងការរិះគន់របស់គណបក្សប្រឆាំង ។ លោកអាប់ភីស៊ីត ថ្លែងថា ការប្រឆាំងរបស់គណបក្សភឿថៃគ្រាន់តែជាលេសចង់ឱ្យមានការចូលជ្រៀតជ្រែកពីបរទេសប៉ុណ្ណោះ ។ លោកនាយករដ្ឋមន្ដ្រីអាប់ភីស៊ីត បានចេញមុខការពារបំណងរបស់លោក ក្រោយពីគណបក្សភឿថៃចោទប្រកាន់លោក Kanit Na Nakorn អតីតអគ្គមេធាវី ដែលលោកអាប់ភីស៊ីត ចង់តែងតាំងជាមេដឹកនាំក្រុមស៊ើបអង្កេតលើការបង្ក្រាបប្រកបដោយការបង្ហូរឈាមលើក្រុមបាតុករអាវក្រហមថា មានទំនាក់ទំនងជិតស្និទ្ធជាមួយគណបក្សប្រជាធិបតេយ្យរបស់លោកអាប់ភីស៊ីត ។

លោកចាទុផន ព្រំផាន់ ជាមេដឹកនាំសំខាន់មួយរូបរបស់ក្រុមអាវក្រហម និងជាសមាជិកគណបក្សភឿថៃបានទទូចសុំឱ្យលោក Kanit កុំទទួលយកតំណែងដែលតែងតាំងដោយលោកអាប់ភីស៊ីត ៕
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
No comments:
Post a Comment