Wednesday, June 9, 2010

ប្រាក់ចំណូល​រដ្ឋាករ​ទឹក​កើន​ឡើង​ព្រម​គ្នា​នឹង​អ្នក​ប្រើប្រាស់​កើនឡើង

តាម​ពត៌មាន​​ក្នុងស្រុក​ ដក​ស្រង់​សំដី​របស់​លោក ឯក ស៊ុនចាន់ ​បានរាយការណ៍​កាលពី​ថ្ងៃ​អង្គារ៍​នេះ​ ឲ្យ​ដឹង​ថា ប្រាក់​ចំណូល​របស់​​អាជ្ញាធរ​រដ្ឋាករ​ទឹក​រាជធានី​ភ្នំពេញ ​កើន​ឡើង​បាន​ ១១%​ ក្នុង​កំឡុង​ពេល​ ៥​ខែ​ ដំបូង​ក្នុង​ឆ្នាំ​នេះ​ ប្រៀប​ធៀប​​ទៅ​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​​២០០៩​។

លោក ឯក ស៊ុនចាន់ និយាយ​ នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​​ដែល​ប្រកាស​ថា អាជ្ញាធរ​រដ្ឋាករ​រាជធានី​ភ្នំពេញ​បាន​ឈ្នះ​ពាន​រង្វាន់​ Stockholm​ ឆ្នាំ​២០១០​ នេះ​ថា អាជ្ញាធរ​រដ្ឋាករ​ទឹក​ ​​​អាច​​រក​ប្រាក់​ចំណូល​បា​ន​ដល់ទៅ​ ១០​លាន​ដុល្លារ​ ដែល​ប្រាក់ចំណូល​​នេះ អាជ្ញាធរ​រដ្ឋាករ​ទឹក​​​មិន​ទាន់​បាន​​ធ្វើ​បញ្ជី​ត្រួតពិនិត្យ​បញ្ចប់​ នៅ​ចុង​ខែ​ឧសភា​នៅ​ឡើយ​ទេ​។

"ប្រាក់ចំណូល​ដែល​កើន​ឡើង​នេះ ជា​លទ្ធផល​ស្រប​ពេល​ដែល​អ្នក​ប្រើប្រាស់​​ថ្មី​​​កើន​ឡើង​​ ដូច​ដែល​សេដ្ឋកិច្ច​​រាជធានី​ភ្នំពេញ​ កើន​ឡើង​ បន្ទាប់​ពី​មាន​វិបត្តិសេដ្ឋកិច្ច​​"​​​ ដក​ស្រង់​​សំដី​​លោក​ចេញ​ពី​កាសែត​ភ្នំពេញប៉ុស្តិ៍​។

តាម​ស្ថិតិ​អាជ្ញាធរ​រដ្ឋាករ​ទឹក​រាជធានី​ភ្នំពេញ​ បាន​បង្ហាញ​ឲ្យ​ដឹង​ថា អាជ្ញាធរ​រដ្ឋាករ​ទឹក​ អាច​បង្កើត​ប្រាក់ចំណូល​ជាមធ្យម​បាន ២​លាន​ដុល្លារ​ ក្នុង​មួយ​ខែ លើ​ការ​ផ្គត់​ផ្គង់​​ទឺក​​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ចាប់ ​តាំង​ពី​ខែ​មករា ស្មើ​នឹង​​ ១១%​ ​កើន​ឡើងច្រើន​ជាង​ ​ប្រាក់ចំណូល​ជាមធ្យម​​ ១,៨​លាន​ ក្នុង​មួយ​ខែ​ កំឡុង​ពេល​​ ៥​ខែ​ដំបូង​កាលពី​ឆ្នាំមុន​។

លោក ឯក ស៊ុនចាន់ ​បាន​និយាយ​ថា អាជ្ញាធរ​រដ្ឋាករ​ទឹក​រាជធានី​ភ្នំពេញ​​ លក់​ទឹក​ក្នុង​ ១ម៉ែត្រ​​គូប តម្លៃ ០,២៥​ដុល្លារ​ រក្សា​​តម្លៃ​ទឹក​ឲ្យ​មាន​តម្លៃ​ថោក តាមរយៈ​ការ​រក្សា​អត្រា​​ទាប​បំផុត​ ប្រមាណ​ជា ៦,៣​%​។​ លោក ឯក ស៊ុនចាន់ ​បាន​​បន្ត​​ថា អាជ្ញាធរ​រដ្ឋាករ​ទឹក​រាជធានី​ភ្នំពេញ​ ​ មា​ន​គម្រោង​ពង្រីក​ផលិតកម្ម​ខ្លួន​ ដោយ​ធ្វើ​ការ​សាង​​សង់​នូវ​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​ទី​៣​ ដែល​មាន​តម្លៃ ៨០​លាន​ដុល្លារ​ នៅ​ចុង​ឆ្នាំ​២០១០​នេះ​ ដែល​អាច​ផលិត​ទឹក​បាន​ប្រមាណ​ជា ១៣០.០០០​​ម៉ែត្រ​គូប​ ក្នុង​មួយ​ថ្ងៃ​។

ផ្អែក​​តាម​ពត៌មាន​ដែល​ទទួល​បាន​មក​ពី​អាជ្ញាធរ​​​រដ្ឋាករ​ទឹក​ បច្ចុប្បន្ន​នេះ អាជ្ញាធរ​រដ្ឋាករ​ទឹក​រាជធានី​ភ្នំពេញ​ មាន​ស្ថានីយ៍​ប្រព្រឹត្តិកម្ម​ទឹក​ចំនួន​ ២​ស្ថានីយ៍​ ដែល​អាច​ផលិត​ទឹក​​សរុប​បាន ៣០០.០០០​ម៉ែត្រ​គូប​ ក្នុង​មួយ​ថ្ងៃ​ ហើយ​ធ្វើ​ការ​ចែក​ចាយ​ទៅ​អតិថិជន​តាម​រយៈ​បណ្តាញ​បំពង់​ទឹក​ដែល​មាន​ចម្ងាយ ១.៧៨៣​គីឡូម៉ែត្រ​។ ​​ស្ថានីយ៍​ទឹក​នេះ មាន​ទីតាំង​នៅ​ភូមិ​ព្រែក ឃុំ​ជ្រោយ​ចង្វារ​។

អាជ្ញាធរ​​រដ្ឋាករ​ទឹក​​ មាន​គម្រោង​ផលិត​ទឹក​ស្អាត​ឲ្យ​បាន ៤៣០.០០០​ម៉ែត្រ​គូប​​ ក្នុង​មួយ​ថ្ងៃ​ ហើយ​ធ្វើ​កា​រចែក​ចាយ​ទៅ​តាម​បណ្តាញ​បំពង់​ទឹក​ ចម្ងាយ​ ២.៣០០​គីឡូម៉ែត្រ​។​ អាជ្ញាធរ​​រដ្ឋាករ​ទឹក​​ ​មា​ន​បំណង​ធ្វើ​ការ​ចែក​ចាយ​ទឹក​ស្អាត​ឲ្យ​បាន ៥៦០.០០០​ម៉ែត្រ​គូប តាមរយៈ​បណ្តាញ​បំពង់​ទឺក​ប្រវែង​ ២.៨០០​គីឡូម៉ែត្រ​ នា​ឆ្នាំ​២០២០៕

(ដកស្រង់ចេញពីគេហទំព័រ នគរវត្ត)

1 comment:

  1. រក​លុយ​បាន​ច្រើន​តើ​រដ្ឋករទឹក​ ឃើញ​ថា​ខាង​ផ្នែក​គាត់​បាន​ពាន់រង្វន់ពីរដឹង​មក​ខាង​ទឹក​ស្អាតនឹង

    ReplyDelete