Tuesday, June 1, 2010

និស្សិត​ចំរុះ​ជាតិ​សាសន៍​៥៤​នាក់​មក​ពី​១២​ប្រទេស​សិក្សា​នៅ​សាកលវិទ្យាល័យ លី​ម កុក​វី​ង ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ សារព័ត៌មាន​“​កោះសន្ដិភាព​”​ដើម្បី​ស្វែង​យល់​វិស័យ​ព័ត៌មាន

និស្សិត​បរទេស​១២​ប្រទេស​កំពុង​ស្ដាប់​លោក ជា ហ្គា​រូ​ដា រៀបរាប់​ពី​ប្រវត្ដិ​សារព័ត៌មាន​កោះសន្ដិភាពរាជធានី​ភ្នំពេញ ៖ ព្រឹក​ថ្ងៃ​ទី​៣១ ឧសភា ២០១០ និស្សិត​ចំរុះ​ជាតិ​សាសន៍​៥៤ រូប​មក​ពី​១២​ប្រទេស​ដែល​កំពុង​សិក្សា​នៅសាកលវិទ្យាល័យ លី​ម​កុក​វី​ង នៃ​ប្រទេសម៉ា​ឡេ​ស៊ី​បាន​មក​ធ្វើ​ទស្សនកិច្ច​សិក្សា​ស្វែងយល់​ពី​វិស័យ​ព័ត៌មានវិទ្យា​នៅ​ទីស្នាក់ការសារព័ត៌មាន​“​កោះសន្ដិភាព​” ។ស្រប​ពេល​ដែល​សារព័ត៌មាន “​កោះ​សន្ដិភាព​” កំពុង​ពង្រីក​បណ្ដាញ​ព័ត៌មាន​បាន​កាន់តែ​រីក​ចំរើន ទាំង​ផ្នែក​បោះពុម្ព​រំលេច​ដោយ ពណ៌​ធម្មជាតិ និង​ឈាន​ទៅ​ប្រកួតប្រជែង​លើប្រព័ន្ធ​ព័ត៌មានវិទ្យា​តាម​អ៊ី​ន​ធើ​រ​ណេ​ត​បង្ហោះ​ទៅ​កាន់​ពិភពលោក ធ្វើ​ឱ្យ​កេរ្ដិ៍ឈ្មោះ “​កោះសន្ដិភាព​” កាន់តែ​ល្បីល្បាញ និង​ពេញ​និយម ទូ​ទាំង​ប្រទេស និង​លើ​ឆាក​អន្ដរជាតិ​មក នា​ព្រឹក​ថ្ងៃ​ទី​៣១ ឧសភា មាន​និស្សិត​មក​ពីសាកលវិទ្យាល័យ លី​ម​កុក​វី​ង នៃ​ប្រទេសម៉ា​ឡេ​ស៊ី ដែល​មាន​និស្សិត​ចំនួន​១២​ប្រទេស កំពុង​សិក្សា​នៅ​ទីនោះបាន​ធ្វើ​ដំណើរ​មក ទស្សនកិច្ច​សិក្សា​នៅ​ក្នុង​ទីស្នាក់ការ​សារព័ត៌មាន ។

ទស្សនកិច្ច​នេះក្នុង​គោលបំណង​ធ្វើការស្វែង​យល់​ពី​ការ​អភិវឌ្ឍ​រីក​ចំរើន​របស់​សារព័ត៌មាន “​កោះសន្ដិភាព​” ដែល​កំពុង​ពេញនិយម​នា​ដំណាក់កាល​បច្ចុប្បន្ន ដើម្បី​ធ្វើការប្រៀបធៀប​លើ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​រវាងប្រទេស​កម្ពុជា​ទៅ​នឹង​ប្រទេស​របស់​និស្សិតម្នាក់​ៗ ។ ជា​កិច្ច​ឆ្លើយ​តប​ក៏​ដូច​ជា​ការ​ស្វាគមន៍ ចំពោះ​វត្ដមាន​យុវ​និស្សិត​បរទេស​ខាងលើលោក​ជា ហ្គា​រូ​ដា នាយក​ប្រតិបត្ដិ​សារព័ត៌មាន “​កោះសន្ដិភាព​” និង​លោក​ខាន់ សុខ​ឃ​ន តំណាង​ឱ្យ​ការិយាល័យ​និពន្ធ បាន​ស្វាគមន៍ ប្រកបដោយ​ក្ដី​សោមនស្ស​ស្និទ្ធស្នាល​ក្រៃលែង ។ ក្នុង​ឱកាស​នោះ​ដែរលោក​ជា ហ្គា​រូ​ដា បាន​មាន​ប្រសាសន៍​ជំរាប​ជូន​ដល់​ក្រុម​និស្សិតខាងលើ​នេះ​អំពី​ប្រវត្ដិ​នៃ​សារព័ត៌មាន “​កោះសន្ដិភាព​” និង​ការ​ខិតខំ​ពង្រីក​សក្ដានុពលតាំងពី​ការ​បោះពុម្ពផ្សាយ​កាលពី​សម័យ​មុន ដែល​មាន​តែ​៤​ទំព័រ​ប៉ុណ្ណោះ ជា​ប្រភេទកាសែត​គ្មាន​ពណ៌​ធម្មជាតិ​ដូច​បច្ចុប្បន្ន​នេះឡើយ ។

ប៉ុន្ដែ​តាម​រយៈ​នៃ​ការ​ខិតខំ​ប្រឹងប្រែង និង​ទំនាក់ទំនង​ល្អ​ពី​គ្រប់​ស្រទាប់​មហាជន​គ្រប់​ទិស​ទី ទើប​សារព័ត៌មាន “​កោះ​សន្ដិភាព​” ដែល​មាន​អាយុ​៤៣​ឆ្នាំ​នេះ ក្លាយជាសារព័ត៌មាន​ពេញ​និយម​ហើយ​ឈានមុខ​គេ​។ ជាង​នេះ​ទៀត​យើង​បាន​បន្ដ​ខិតខំ​ប្រឹងប្រែង ពង្រីក​សក្ដានុពល​របស់​ខ្លួន​រត់​តាម​សម័យកាល ។​លោក​ខាន់ សុខ​ឃ​ន តំណាង​នៃ​កា​រិ​យាល័យ​និពន្ធ​បាន​មាន​ប្រសាសន៍​ជំរាប​និស្សិត ខាងលើ​បន្ថែម​ថា សារព័ត៌មាន​កោះសន្ដិភាព មានឈ្មោះ​បោះ​សំលេង​តាំងពី​សម័យ​សង្គមរាស្ដ្រ​និយម​មក​ម្ល៉េះ គឺ​តាំងពី​ទសវត្សរ៍​ទី​៦០មក ។ ប៉ុន្ដែ​ក្នុង​របប​ខ្មែរក្រហម កោះ​សន្ដិភាព​បាន​ផ្អាក​ការ​ផ្សាយ គឺ​ផ្អាក​ទាំងស្រុងតែ​ម្ដង សូ​ម្បី​ប្រជាពលរដ្ឋ​ខ្មែរ​ទូ​ទាំង​ប្រទេស ក៏​ត្រូវ​ស្ថិត​ក្នុង​របប​ខ្មែរក្រហម​ដែរ ។

ប៉ុន្ដែក្រោយ​របប​សង្គ្រាម​ត្រូវ​បាន​បញ្ចប់  លោកនាយក​ស្ថាបនិក បាន​ប្រមូលផ្ដុំ​អ្នកកាសែត សល់​ពី​សង្គម​បាន​៤​ទៅ​៥​នាក់​ផលិត​កាសែតអាន​ឡើង​វិញ ហើយ​មានការ​រីក​ចំរើន​ជាបណ្ដើរ​ៗ ​រហូត​មាន​កាសែត​សំ​រាប់អាន​ក្នុង ប្រទេស​ប្រមាណ​២០០​អង្គភាព​នា​ពេលបច្ចុប្បន្ន​នេះ ។លោក​ខាន់ សុខ​ឃ​ន បាន​មាន​ប្រសាសន៍បន្ដ​ថា ដំណាក់កាល​ចុង​ក្រោយ​នេះ “​កោះសន្ដិភាព​” ស្ថិត​ក្នុង​ការ​ផ្សាយ​ព័ត៌មាន​តាម វិជ្ជាជីវៈ​ដែល​មាន​មូលដ្ឋាន​គ្រឹះ​រឹង​មាំ​តាម រយៈ​ការ​បណ្ដុះបណ្ដាល​បុគ្គលិក​ឱ្យ​ចេះ​ពី របៀបរបប​វិជ្ជាជីវៈ​ច្បាស់លាស់ ។ ប៉ុន្ដែ​ក៏អាច​ប្រឈម​មុខ​នឹង​ការ​ប្រកួតប្រជែង​បន្ដទៀត​ដែរ ។បន្ទាប់​ពី​បាន​ស្ដាប់​ការ​ពិពណ៌នា​យ៉ាង សង្ខេប​ពី​លោក ជា ហ្គា​រូ​ដា និង​លោក​ខាន់ សុខ​ឃ​ន មក នាយក​ប្រតិបត្ដិ​និង​ក្រុម​និស្សិតបរទេស​ទាំងអស់​បាន​សំដែង​ក្ដី​ជក់ចិត្ដហើយ សន្យា​យក​លទ្ធផល​នៃ​ដំណើរការ​ចុះ​ធ្វើទស្សនកិច្ច​សិក្សា​ពី​ប្រវត្ដិ​សារព័ត៌មាន “​កោះសន្ដិភាព​” យក​ទៅ​ធ្វើការ​សិក្សា​ប្រៀបធៀប ជាមួយ​បណ្ដា​កាសែត​ល្បី​នៅ​លើ​ពិភពលោក ពិសេស​គឺ​បណ្ដា​ប្រទេស​ដែល​ពួក​គេ​រស់នៅ ។

តាម​ការ​ឱ្យ​ដឹង​ពី​លោកនាយក​ប្រតិបត្ដិជាន់ខ្ពស់ និង​សហប្រតិបត្ដិការ​រវាង​សាកលវិទ្យាល័យ លី​ម​កុក​វី​ង ម៉ា​ឡេ​ស៊ី​ជាមួយ កម្ពុជា​បានឱ្យ​ដឹង​ថា ក្រុម​និស្សិត​ចំរុះ​ជាតិសាសន៍​ខាងលើ​នេះ មក​ពី​បណ្ដា​ប្រទេស​នានា ចំនួន​១២​ប្រទេស គឺ​ប្រទេស​ចិន ឥណ្ឌូ​ណេ​ស៊ី ជប៉ុន អ៊ី​រ៉​ង់ ស៊ូ​ដង់ ឡេ​ប៉ិន​នី​ន យេ​មែន ប៉ា​ឡេ​ស្ទី​ន ថា​ន់​សាន់​ញ៉ា កេ​ន​យ៉ា  នី​ហ្សេ​រី​យ៉ា និង​ម៉ា​ឡេ​ស៊ី​ ។លោកនាយក​បានបន្ដ​ថា និស្សិត​ខាងលើ​នេះ​សិក្សា​លើ​ផ្នែក​ព័​ត៌មាន​វិទ្យា ផ្ដោត​លើ​ជំនាញ​ថតរូប ថត​ភាពយន្ដ​ជាដើម ។ ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សានៅ​កម្ពុជា ក្រុម​និស្សិត​ទាំង​១២​ប្រទេស​មានគ្នា​ចំនួន​៥៤​នាក់ ដឹកនាំ​ដោយ​សាស្ដ្រាចារ្យ៣​រូប​បាន​ឆ្លៀតឱកាស​សុំ​ចូល​ធ្វើ​ទស្សនកិច្ចសិក្សា​នៅ​ក្នុង​ស្នាក់​ការ​សារព័ត៌មាន “​កោះសន្ដិភាព សារព័ត៌មាន​ភ្នំពេញ​ប៉ុស្ដិ៍ និងស្ថានីយទូរទស្សន៍ CTN ដែល​ជា​អង្គភាពព័ត៌មាន​ពេញ​និយម ដើម្បី​សិក្សា​អំពី​ផ្នែកកាសែត ផ្នែក​ព័ត៌មាន​នៅ​កម្ពុជា​វា​យ៉ាងម៉េច ហើយ​ពាក់ព័ន្ធ​ដូច​ម្ដេច​ខ្លះទៅ​ក្នុង​ប្រទេស របស់​ពួក​គេ​គ្រប់​ៗ​គ្នា​លើ​ផ្នែក​ព័ត៌មានវិទ្យានេះ ។

សូម​បញ្ជាក់​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​ខាងលើ​នេះ លោក​ជា ហ្គា​រូ​ដា នាយក​ប្រតិបត្ដិសារព័ត៌មាន “​កោះសន្ដិភាព​” បាន​នាំ​ប្រតិភូនិស្សិត​បរទេស​ទាំងអស់​ចូល​ធ្វើ​ទស្សនកិច្ច នៅ​ក្នុង​ស្នាក់​ការ​ដោយ​អនុញ្ញាត​ឱ្យ​ប្រតិភូ ចូល​សិក្សា​ស្រាវជ្រាវ​ក្នុង​ការិយាល័យ​និពន្ធ ការិយាល័យ​បច្ចេកទេស ការិយាល័យ​ផ្សាយ ពាណិជ្ជកម្ម និង​ទស្សនកិច្ច​ក្នុង​រោង​ពុម្ព ព្រមទាំង​រៀបរាប់​សកម្មភាព​យក​ព័ត៌មាន​របស់បុគ្គលិក “​កោះសន្ដិភាព​” តាម​បណ្ដា​ខេត្ដ ទូ​ទាំង​ប្រទេស​ផង​ដែរ ។ ក្នុង​ឱកាស​នោះនិស្សិត​កម្មសិក្សា​ទាំង អស់​បាន​ថតរូប​ភាព​អំពី​សកម្មភាព​រស់​រវើករបស់​“​កោះសន្ដិភាព​”​យក​ទៅ​សិក្សា​រៀនសូត្រ​នៅ​បរទេស និង​ដើម្បី​ធ្វើ​បទ​បង្ហាញដល់​មិត្ដភក្ដិ​របស់​គេ​នៅ​តាម​បណ្ដា​ប្រទេសរៀង​ៗ​ខ្លួន ពេល​ត្រឡប់​ទៅ​វិញ ។

(ដកស្រង់ពីគេហទំព័រកាសែតកោះសន្តិភាព)

No comments:

Post a Comment