Thursday, June 10, 2010

ការ​ទទួលទានដំណេក​មិន​គ្រប់គ្រាន់ អាច​បណ្តាលឲ្យ​ស្លាប់​មុន​អាយុ

ក្រុម​អ្នកស្រាវជ្រាវ​នៅ​អង់គ្លេស និង​អ៊ីតាលី​បាន​ព្រមាន​ថា ការ​ទទួលទានដំណេក​តិចជាង​៦​ម៉ោង​ក្នុង​មួយ​ប់ អាច​បណ្តាលឲ្យ​ស្លាប់​មុន​អាយុ ។ ក្រុម​អ្នកស្រាវជ្រាវ​បាន​និយាយថា ជាធម្មតា​អ្នក​ដែល​ទទួលទានដំណេក បាន​បន្តិចបន្តួច​ទំនងជា​មាន​អត្រា​ស្លាប់​ច្រើន​ទៅដល់ ១២​ភាគរយ នៅក្នុង​រយៈពេល​២៥​ឆ្នាំ ឬ​រយៈពេល​តិចជាង​នេះ ជាង​អ្នក​ដែល​ទទួលទានដំណេក​បាន​ពី​៦​ទៅ​៨​ម៉ោង ។
​    ​ពួកគេ​ក៏​រកឃើញ​ផងដែរ ពី​ទំនាក់ទំនង​រវាង​ការ​ទទួលទានដំនេក​ច្រើនជាង ៩​ម៉ោង​និង​ការស្លាប់​មុន​អាយុ បើ​ទោះ​ណា​ការ​ទទួលទានដំនេក​ច្រើនពេក អាច​គ្រាន់តែ​ជា​សញ្ញា​នៃ​សុខភាព​ចុះខ្សោយ​ក៏ដោយ ។ ទិនានុប្បវត្តិ​ឈ្មោះ “  Sleep ” រាយការណ៍​ពី​ការរកឃើញ ដែល​ផ្អែកលើ​មនុស្ស​១,៥​លាន​នាក់ នៅ​ក្នុង​ការ​សិក្សា​ចំនួន​១៦ ។​
​    ​ការ​សិក្សា​តាមដាន​ទៅលើ ទំនាក់ទំនង​រវាង​ការ​ទទួលទានដំណេក និង​អត្រា​ស្លាប់​ដោយ​ពិនិត្យមើល​ឡើងវិញ លើ​ការសិក្សា​ដែល​បានមកពី​អង់គ្លេស អាមេរិក អឺរ៉ុប និង​បណ្តា​ប្រទេស​អាស៊ី​ខាងកើត ។ ការស្លាប់​មុន​អាយុ ដែល​បណ្តាល​មកពី​មូលហេតុ​ទាំងអស់នេះ គឺ​មាន​ទំនាក់ទំនង​ចំពោះ ការ​ទទួលទានដំណេក​តិចពេក ឬ​ក៏​ច្រើន​ពេក ក្រៅ​ពី​រយៈពេល​ល្អ​ប្រើ​សើរ​ពី​៦​ទៅ​៨​ម៉ោង​ក្នុង​មួយ​យប់ ។​
​    ​ក្រុម​អ្នកស្រាវជ្រាវ​នៅ​អង់គ្លេស​និង​អ៊ីតាលី​ជឿថា ប៉ុន្តែ​ខណៈ​ដែល​ការ​ទទួលទានដំណេក​មិន​គ្រប់គ្រាន់ អាច​ជា​មូលហេតុ​ដោយផ្ទាល់ នៃ​ការ​ចុះខ្សោយ​សុខភាព ហើយ​នៅ​ទីបំផុត​ឈាន​ទៅរក​ការស្លាប់​មុន​អាយុ​នោះ ការ​ទទួលទានដំណេក​ច្រើនពេក ក៏​ប្រហែល​ជា​សញ្ញា​នៃ​ការចុះច្សោយ​សុខភាព​រួចទៅហើយ​ដែរ ៕

(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៏)

No comments:

Post a Comment