
លោករដ្ឋមន្ដ្រីលឹម គានហោ មាន ប្រសាសន៍ថា ការជួបប្រជុំគ្នាថ្ងៃនេះគឺ ទី១-ដើម្បីកំណត់ផ្ទៃដីព្រៃលិចទឹកជុំវិញបឹងទន្លេ សាបលើទំហំ៦៤០.០០០ហិកតា ទី២-វិធាន ការដើម្បីរំលាយចោល ឬកែសំរួលបណ្ដា អាងទឹកដែលស្ថិតក្នុងតំបន់២ និងតំបន់៣ មានន័យថាតំបន់ដែលនៅជុំវិញបឹងទន្លេ សាបពាក់ព័ន្ធនឹងខេត្ដចំនួន៦ គឺខេត្ដកំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងកំពង់ឆ្នាំង ។ លោកបញ្ជាក់ថា ព្រៃលិចទឹកត្រូវកំណត់៦៤០.០០០ហិកតានោះ មិនអាចកែប្រែបានទេ តែបើមានករណីខ្លះ ក្រោយការត្រួតពិនិត្យរបស់គណៈកម្មការខេត្ដ គឺអាចមានការប្ដូរទីតាំងបន្ដិចបន្ដួច ។
ខេត្ដកំពង់ធំ ចលនាធ្វើអាងទឹកកើតមាន ក្នុងអំឡុងឆ្នាំ២០០៥ ដែលមកដល់ពេលនេះមានជាង១០០អាង ហើយអាងទឹកខ្លះគេឱ្យ ឈ្មោះថាអាងទឹកសហគមន៍កសិករ ។ សួរថាតើកសិករមានលុយធ្វើអាងទឹកដែល មានតំលៃពី៨០.០០០ដុល្លារ ដល់១០០.០០០ ដុល្លារបានទេ? ដូច្នេះកសិករកំពុងក្លាយខ្លួន ទៅជាកម្មកររបស់ឈ្មួញដែលគោលបំណងរបស់ឈ្មួញ គឺដើម្បីចាប់ត្រី និងធ្វើស្រែប្រាំង ព្រោះអាងនីមួយៗមានទំហំមួយគីឡូម៉ែត្របួនជ្រុងឯណោះ ។ តាមសំណើរបស់ក្រសួង កសិកម្មឱ្យរំលាយអាងទឹកនៅកំពង់ធំចំនួន ១៦ចោលនោះ ឥឡូវយើងសំរេចធ្វើបាន១៥ អាងហើយ ។
លោករដ្ឋមន្ដ្រីបានបញ្ចាំងស្លាយដែល បង្ហាញថា នៅខេត្ដពោធិ៍សាត់ចលនាកាប់ ទន្ទ្រានដីព្រៃលិចទឹកតំបន់៣កើតមានខ្លាំងនៅស្រុកបាកាន និងស្រុកកណ្ដៀង ដែល ជាប់ពាក់ព័ន្ធជាមួយអាជ្ញាធរភូមិ-ឃុំ-ស្រុក និងអភិបាលខេត្ដមុន ហើយលោកមានឯក សារ និងរូបភាពថតពីលើយន្ដហោះគ្រប់ គ្រាន់មិនអាចប្រកែកបានទេ ។ លោកបាន កោតសរសើរលោកខូយ សុខា អភិបាលខេត្ដ បច្ចុប្បន្នដែលមិនជាប់ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ ហើយលោកក៏បានធ្វើការព្រមាន យ៉ាងធ្ងន់ៗទៅលើមន្ដ្រីអាជ្ញាធរដែលបានចុះហត្ថលេខាអនុញាតឱ្យក្រុមហ៊ុនឯកជនមួយចំនួនមកកាប់ទន្ទ្រានដីព្រៃលិចទឹក និង លើកទំនប់អាងដោយយកលេសថា ធ្វើស្រែ ប្រាំង តាមពិតគោលបំណងធំបំផុតនោះ គឺ ចាប់ត្រីដែលបញ្ហានេះធ្វើឱ្យវិនាសហិនហោច ព្រៃលិចទឹក និងមច្ឆជាតិរបស់យើង ។ លោក សូមឱ្យបញ្ឈប់ជាបន្ទាន់ និងងាកមកចូលរួម លុបបំបាត់ បើមិនដូច្នេះទេ អាចត្រូវប្រឈម មុខនឹងការដកតំណែង ឬប្រឈមចំពោះមុខ ច្បាប់ជាមិនខាន ។
គួររំលឹកថា កន្លងមកមានឈ្មួញចូលទៅ ស្នើសុំទិញដីប្រជាពលរដ្ឋជាច្រើនកន្លែងដូច ជាស្រុកបាកាននៅឃុំមេទឹក អូរតាប៉ោង និងបឹងបត់កណ្ដោល គឺអាជ្ញាធរ និងឈ្មួញ បានឃុបឃិតគ្នាគូសផែនទីបំភ្លៃយកដីព្រៃលិចទឹកអស់ចំនួន៥.១៦៥ហិកតា និងឃុំស្នាម ព្រះជាង១០០ហិកតា ។ ដោយឡែកនៅឃុំ ស្រែស្ដុក ស្រុកកណ្ដៀងជាង១.០០០ហិកតា ហើយបានលើកទំនប់បង្កើតជាអាងមួយគីឡូម៉ែត្របួនជ្រុង ព្រមទាំងបានជីកប្រឡាយ ប្រវែង៣.០០០ម៉ែត្រថែមទៀត ប៉ុន្ដែត្រូវ បានបង្ក្រាបដោយខណ្ឌរដ្ឋបាលជលផល ៕
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
No comments:
Post a Comment