ខេត្ដសៀមរាប ៖ ភ្លៀងខ្យល់បានបក់ បោកយ៉ាងខ្លាំងរយៈពេលជិត១ម៉ោង បង្កឱ្យផ្ទះប្រជាពលរដ្ឋ៤០ខ្នងរលំបាក់ដល់ដី៦១ខ្នង របើកជញ្ជាំង ដំបូល ស្លាប់មនុស្ស២នាក់ រងរបួសស្រាល និងធ្ងន់៣នាក់ ខូចខាតម៉ូតូ១គ្រឿង និងកង់២គ្រឿង កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី៣១ ឧសភា ឆ្នាំ ២០១០ ទៅលើក្រុងសៀមរាប និងស្រុកប្រាសាទបាគង ។ មន្ដ្រីអាជ្ញាធរបានឱ្យដឹងថា ភ្លៀងខ្យល់បានបោកបក់ទៅលើសង្កាត់ចំនួន៦ ក្នុងក្រុងសៀមរាប ផ្ទះ២៩ខ្នងត្រូវរលំបាក់ដល់ដី និង៥៣ខ្នងទៀតត្រូវរបើកជញ្ជាំងដំបូល នារីម្នាក់ស្លាប់ឈ្មោះជៀវ ជ្រូក អាយុ១៦ឆ្នាំ រស់នៅភូមិខ្នាចាស់ សង្កាត់ជ្រៀវ ក្រុងសៀមរាប ចំណែកក្មេងប្រុសម្នាក់ទៀតដែលរងគ្រោះដល់ជីវិតដែរនោះ ឈ្មោះសឿម ឃីម អាយុ៨ឆ្នាំ រស់នៅភូមិច្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប ។ ចំណែកនៅភូមិត្រាច ឃុំប្រាសាទបាគង ស្រុកបាគង ផ្ទះ១១ខ្នងទៀត រលំបាក់ដល់ដី ៨ខ្នងត្រូវរបើកជញ្ជាំងដំបូល មនុស្សប្រុស- ស្រី៣នាក់របួសធ្ងន់ និងស្រាល ម៉ូតូ១គ្រឿង និងកង់២គ្រឿងត្រូវខូចខាតផងដែរ ។ ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ និង នៅលើទំព័រកាសែតកោះសន្ដិភាព .
(ដកស្រង់ពីគេហទំព័រកាសែតកោះសន្តិភាព)
No comments:
Post a Comment