Friday, June 4, 2010

ទូត​ខ្មែរ​ទទូច​សុំ​ឲ្យ​ថៃ​ពិចារណា​ដោះលែង​កម្មករ​ខ្មែរ​ម្នាក់

ស្ថានទូត​ខ្មែរ ប្រចាំ​នៅ​ប្រទេស​ថៃ ទទូច​ឲ្យ​អាជ្ញាធរ​ថៃ ពិចារណា​ដោះលែង​កម្មករ​ខ្មែរ​ម្នាក់ ឲ្យ​មាន​សេរីភាព​ឲ្យ​បាន​ឆាប់ ដោយសារ​តែ​អាជ្ញាធរ​ថៃ​បាន​ចាប់​ខ្លួន​ប្រឡំ ហើយ​ចោទ​ប្រកាន់​កម្មករ​ខ្មែរ​រូប​នោះ​ពី​បទ​ឧក្រិដ្ឋ ដែល​គាត់​មិន​បាន​ប្រព្រឹត្ត​សោះ​នោះ។

ស្ថានទូត​ព្រះ​រាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បាន​ចេញ​លិខិត​មួយ​នៅ​ថ្ងៃ​១ មិថុនា​កន្លង​ទៅ​នេះ ផ្ញើ​ជូន​ក្រសួង​ការបរទេស​ថៃ ដោយ​សុំ​ឲ្យ​ពិចារណា និង​ពិនិត្យ​ដោយ​យក​ចិត្ត​ទុក​ដាក់ ដើម្បី​ផ្ដល់​យុត្តិធម៌ និង​សេរីភាព ដល់​កម្មករ​ខ្មែរ​ម្នាក់​ឈ្មោះ សាន មុន្នីភេត ដែល​អាជ្ញាធរ​ថៃ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​១៩ ឧសភា ឆ្នាំ២០១០។

អាជ្ញាធរ​ថៃ​បាន​ចាប់​ខ្លួន​កម្មករ​ខ្មែរ​រូប​នោះ​ទៅ​ជា​មួយ​ក្រុម​បាតុករ​អាវ​ក្រហម ក្នុង​ព្រឹត្តិការណ៍​ដែល​សមត្ថកិច្ច​ថៃ​បាន​បង្ក្រាប​បាតុកម្ម​របស់​ក្រុម​អាវ​ក្រហម​ប្រឆាំង​រដ្ឋាភិបាល លោក អាភីស៊ិត វេតឆាឈីវ៉ាក់ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ឧសភា​កន្លង​ទៅ ដោយ​គេ​បាន​ចោទ​ថា កម្មករ​ខ្មែរ​រូប​នោះ​បាន​ចូល​រួម​ដុត​ធនាគារ​មួយ​នៅ​ក្នុង​ទីក្រុង​បាងកក។

លោក កុយ គួង អនុ​រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការបរទេស​កម្ពុជា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១០ ថា តាម​ការ​ឆ្លើយ​ប្រាប់​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ទីក្រុង​បាងកក​នោះ គឺ​កម្មករ​ខ្មែរ លោក សាន មុន្នីភេត នៅតែ​អះអាង​ថា គាត់​ជា​មនុស្ស​ដែល​គ្មាន​ទោស​កំហុស​ឡើយ។

លោក កុយ គួង បាន​បញ្ជាក់​ថា ៖ «កាល​ពី​កន្លង​ទៅ​នេះ មន្ត្រី​ស្ថានទូត​បាន​ទៅ​ជួប​គាត់​នៅ​ក្នុង​មន្ទីរ​ឃុំ​ឃាំង​របស់​នគរបាល​ថៃ​ហ្នឹង គឺ​ថា គាត់​បញ្ជាក់​ថា គាត់​មិន​បាន​ចូលរួម​ទេ គឺ​គាត់​គ្រាន់តែ​ឈរ​ក្បែរ​នោះ មើល​ការ​ដុត​អគារ​ប៉ុណ្ណោះ​ឯង ពេល​នោះ​ក៏​នគរបាល​ថៃ ស្រាប់តែ​មក​ចាប់​តែម្ដង! បញ្ហា​នេះ​យើង​ទាមទារ​ឲ្យ​អាជ្ញាធរ​ថៃ​ពិនិត្យ​បញ្ហា​នេះ​ឡើង​វិញ ដោយ​យក​ចិត្ត​ទុក​ដាក់​បំផុត ដើម្បី​ផ្ដល់​យុត្តិធម៌​ឲ្យ​គាត់​ឲ្យ​បាន​ឆាប់ ហើយ​គាត់​នៅតែ​បញ្ជាក់​ថា គាត់​មិន​បាន​ប្រព្រឹត្ត​ទេ ទោះ​បី​ជា​នគរបាល​ថៃ​បាន​ប្រើ​អំពើ​ហិង្សា​ខ្លះ​មក​លើ​គាត់ ដូច​ជា​ការ​វាយ​ឲ្យ​របួស​មាត់ ហើយ​និង​ការ​វាយ​ទៅ​លើ​ដើម​ទ្រូង​របស់​គាត់​នោះ»

នៅ​ក្នុង​លិខិត​កំណត់​ការទូត​ខ្មែរ​ប្រចាំ​នៅ​ទីក្រុង​បាងកក​នោះ បាន​សរសេរ​ឲ្យ​ដឹង​ថា ការ​ប្រើ​អំពើ​ហិង្សា​បង្ខំ​ឲ្យ​សារភាព​ពី​ក្រុម​អាជ្ញាធរ​ប្រទេស​ថៃ​នោះ គឺ​ជា​ការ​រំលោភ​បំពាន​ទាំង​កំរោល​ទៅ​លើ​ច្បាប់​អន្តរជាតិ​ស្ដីពី​សិទ្ធិ​មនុស្ស។

ព្រឹត្តិការណ៍​បង្ក្រាប​ពី​ក្រុម​អាជ្ញាធរ​ថៃ ទៅ​លើ​ក្រុម​បាតុករ​អាវ​ក្រហម​ប្រឆាំង​រដ្ឋាភិបាល​របស់​លោក​អាភីស៊ិត វ៉េតឆាឈីវ៉ាក់ នោះ បាន​ធ្វើ​ឲ្យ​មនុស្ស ៨៨​នាក់​ស្លាប់ និង​រង​របួស​ជិត ២​ពាន់​នាក់ ហើយ​យ៉ាង​ហោច​ណាស់​មាន​មនុស្ស ១៤០​នាក់​ត្រូវ​ចាប់​ខ្លួន៕

(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអាស៊ី)

No comments:

Post a Comment