នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១០ តទៅ សហរដ្ឋអាមេរិកនឹងដំឡើងថ្លៃទិដ្ឋាការចូលសហរដ្ឋអាមេរិក (តំលៃសេវាម៉ាស៊ីនអានទិដ្ឋាការ) សំរាប់ទិដ្ឋាការមិនមែនអន្តោប្រវេសន៍។
ការឡើងថ្លៃនេះអនុវត្តចំពោះអ្នកដាក់ពាក្យសុំទាំងអស់នៅ ទូទាំងពិភពលោក ដែលមានបំណងដាក់ពាក្យសុំទិដ្ឋាការមិនមែន អន្តោប្រវេសន៍ ហើយត្រូវបានកែប្រែដើម្បីអោយមានធនធានគ្រប់គ្រាន់ដើម្បី បំពេញតាមការចំណាយដែលចេះតែមានការកើនឡើង ក្នុងការពិនិត្យសំរេច ទិដ្ឋាការមិនមែនអន្តោប្រវេសន៍នេះ។ តំលៃទិដ្ឋាការមិនមែនអន្តោប្រវេសន៍ ខុសគ្នាទៅតាមប្រភេទទិដ្ឋាការ អាស្រ័យលើការចំណាយក្នុងការពិនិត្យសំរេច (សូមមើលគេហទំព័ររបស់យើង ដើម្បីដឹងព័ត៌មានបន្ថែមពីការកំណត់តំលៃ នេះ)។ ឧទាហរណ៍ តំលៃទិដ្ឋាការប្រភេទ K (ទិដ្ឋាការគូដណ្តឹង) នឹងមានតំលៃ ៣៥០ ដុល្លារអាមេរិក។ ទិដ្ឋាការប្រភេទB1-B2 (ទិដ្ឋាការទេសចរ និងអ្នកធ្វើដំណើរបំពេញការងារជាដើម) នឹងមានតំលៃ ១៤០ ដុល្លារអាមេរិក គឺឡើងពី១៣១ដុល្លារ។ អ្នកដាក់ពាក្យសុំទិដ្ឋាការត្រូវបង់ថ្លៃថ្មីសំរាប់ការពិនិត្យសំរេចទិដ្ឋាការជាមុន ទោះបីជាទិដ្ឋាការត្រូវបានផ្តល់អោយ ឬមិនផ្តល់អោយក្តី។ អ្នកដែលបានបង់លុយហើយ សំរាប់ការណាត់ជួបចាប់ពីថ្ងៃទី៤ ខែមិថុនាទៅត្រូវបង់លុយតាមតំលៃថ្មី។
ការដំឡើងថ្លៃនេះ គឺផ្អែកតាមការសិក្សាលើតំលៃនៃការផ្តល់សេវា ដែលត្រូវបានបញ្ចប់នៅខែមិថុនា ឆ្នាំ២០០៩។ ការសិក្សានេះបង្ហាញថា តំលៃនៃការពិនិត្យសំរេចទិដ្ឋាការមិនមែនអន្តោប្រវេសន៍ នៅក្នុងឆ្នាំសារពើពន្ធ ២០១០ មានលើសពីតំលៃ ១៣១ ដុល្លារនាពេលបច្ចុប្បន្ននេះ។ ការសិក្សានេះបានបង្ហាញថា ទិដ្ឋាការមិនមែនអន្តោប្រវេសន៍ប្រភេទខ្លះមានភាពស្មុគស្មាញ និងត្រូវការពេលវេលាច្រើនជាងទិដ្ឋាការមិនមែនអន្តោប្រវេសន៍ដទៃទៀត ដូចជាទិដ្ឋាការទេសចរជាដើម ពីព្រោះវាទាមទារអោយមានការពិនិត្យឯកសារជាច្រើន និងការសំភាសន៍លំអិតជាមួយអ្នកដាក់ពាក្យសុំជាងប្រភេទទិដ្ឋាការដទៃទៀត។ តាំងពីពេលដំឡើងថ្លៃទិដ្ឋាការចុងក្រោយនៅឆ្នាំ ២០០៨ មក មានការចំំណាយថ្មីទាក់ទងនឹងបញ្ហាសន្តិសុខ ប្រព័ន្ធព័ត៌មានវិជ្ជាថ្មីត្រូវបានយកមកប្រើ ហើយសភាអាមេរិកបានកំណត់អាណត្តិថ្មី អោយអ្នកដាក់ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍បង់លុយ ១ ដុល្លា សំរាប់កម្មវិធីប្រឆាំងការជួញដូរមនុស្ស៕
(ដកស្រង់ចេញពីគេហទំព័រ ការសែតកម្ពុជាថ្មី ប្រចាំថ្ងៃ)
No comments:
Post a Comment