
កាលពីចុងសតវត្សរ៍ទី១៩វិស្វករភូគព្ភសាស្រ្តបារាំងនិងចិនបានបញ្ជាក់ថា ប្រទេសកម្ពុជាមានសក្តានុពលរ៉ែច្រើនប្រភេទណាស់ដូចជា៖រ៉ែស័ង្កសី រ៉ែបុកស៊ីត រ៉ែទង់ដែង រ៉ែមាស រ៉ែដែក រ៉ែសំណ រ៉ែប្រេងកាត ត្បូងទទឹម ត្បូងកណ្តៀង។ល។
ដោយសារតែភាពសម្បូរបែបនៃធនធានទាំងនេះទើបក្រុមហ៊ុនជាច្រើនបានចាប់អារម្មណ៍មកលើប្រទេសកម្ពុជា។ ជាក់ស្តែង កាលពីពេលថ្មីៗកន្លងមកនេះ ប្រទេសកម្ពុជាបានប្រកាសអោយដឹងជាសាធារណៈថា រហូតមកដល់ពេលនេះក្រុមហ៊ុនក្នុងស្រុក និងបរទេសប្រមាណជា៦០បាន និងកំពុងរុករករ៉ែនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនបរទេសទាំងនោះភាគច្រើន គឺមកពីប្រទេសអូស្រ្តាលីប្រទេសចិនប្រជាមានិតប្រទេសវៀតណាមនិងប្រទេសកូរ៉េខាងត្បូង។
ស្របពេលជាមួយគ្នារដ្ឋាភិបាលក៏បានប្រកាសអោយដឹងផងដែរថា មានក្រុមហ៊ុនជាច្រើនផ្សេងទៀតបាននិងកំពុងរុករកប្រេងនៅក្នុងបាតសមុទ្រនៃប្រទេសកម្ពុជានិងនៅក្បែរបឹងទន្លេសាប។
ក្រោយពីការសិក្សាមួយរយៈរួចមក តំណាងរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ក្រុមហ៊ុនអូស្រ្តាលីOZ mineralបានរកឃើញរ៉ែមាសចំនួនជាង៨លានតោននៅក្នុងខេត្តមណ្ឌលគិរី។ លើសពីនេះទៅទៀត ក្រុមហ៊ុនរុករកប្រេងនៅក្នុងប្រទេសកម្ពុជាក៏ធ្លាប់បានបង្ហើបដែរថា សមុទ្ររបស់កម្ពុជាមានប្រេងនិងឧស្ម័នប៉ុន្តែចំនួនពិតប្រាកដគេនៅមិនទាន់ដឹងនៅឡើយទេ។
បើផ្អែកលើតួលេខចំនួនក្រុមហ៊ុនរុករករ៉ែដែលបានបញ្ជាក់ខាងលើនេះគេពិតជាអាចនិយាយបានថា វិស័យរ៉ែនៅក្នុងប្រទេសកម្ពុជាមានវិសាលភាពធំធេងណាស់។ ហើយវិស័យនេះនាពេលអនាគតពិតជាត្រូវការកម្លាំងពលកម្មច្រើនរយពាន់នាក់។ សម្រាប់ពេលនេះបើទោះបីជាការធ្វើអាជីវកម្មរ៉ែមិនទាន់បានមកដល់មែន ប៉ុន្តែមន្ត្រីជំនាញនៃរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសរួចជាស្រេចហើយថា ប្រទេសនេះកំពុងខ្វះអ្នកជំនាញក្នុងវិស័យរ៉ែនេះ។ លោក សុខ ឡេង អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលបានបញ្ជាក់ថា នាពេលអនាគតប្រទេសកម្ពុជាអាចប្រឈមនឹងកង្វះធនធានមនុស្សដើម្បីបន្តវេនដឹកនាំនិងគ្រប់គ្រងវិស័យភូគព្ភសាស្រ្ត-រ៉ែនេះជាក់ជាពុំខាន។ និយាយអោយសាមញ្ញមានន័យថាប្រទេសកម្ពុជានឹងខ្វះអ្នកជំនាញផ្នែកវិស័យរ៉ែនេះតែម្តង។
លោក សុខ ឡេង បានបន្តទៀតថា រហូតមកដល់ពេលនេះប្រទេសកម្ពុជាពុំមានមហាវិទ្យាល័យរដ្ឋឬឯកជនណាមួយបើកជំនាញនេះទេ។ ប្រឈមមុខនឹងបញ្ហានេះ លោក សុខ ឡេង បានបញ្ជាក់ថា អគ្គនាយកដ្ឋានរបស់លោកបាន និងកំពុងដោះស្រាយបញ្ហាមួយចំនួនដោយខ្លួនឯង និងត្រៀមដាក់សំណើជូនដល់រាជរដ្ឋាភិបាលមួយចំនួនផ្សេងទៀត។
អ្វីដែលអគ្គនាយកដ្ឋានកំពុងដោះស្រាយចំពោះមុខនោះ គឺការបណ្តុះបណ្តាលមន្ត្រីរបស់លោករយៈពេលខ្លីនៅនឹងកន្លែង។ ប៉ុន្តែការធ្វើយ៉ាងនេះវាមិនគ្រប់គ្រាន់នោះទេ។ លោក សុខ ឡេង បាននិងកំពុងស្វែងរកជំនួយបច្ចេកទេសនិងអាហារូបករណ៍ពីបណ្តាប្រទេសផ្តល់ជំនួយនានាសម្រាប់វិស័យរ៉ែនេះ។
លើសពីនេះទៅទៀត ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលមានគម្រោងដាក់សំណើជូនរដ្ឋាភិបាលដើម្បីពិនិត្យលទ្ធភាពបើកមហាវិទ្យាល័យភូគព្ភសាស្រ្ត-រ៉ែឡើងវិញនៅក្នុងប្រទេសកម្ពុជា។ មហាវិទ្យាល័យនេះបានបិទទ្វារចាប់តាំងពីឆ្នាំ១៩៩៩មកម្ល៉េះ។
កង្វះខាតធនធានមនុស្សថ្នាក់វិស្វករវាជារឿងមួយប៉ុន្តែការបណ្តុះបណ្តាលកម្មករសម្រាប់ធ្វើអាជីកម្មរ៉ែលើដីនិងរ៉ែប្រេងក្នុងសមុទ្រក៏ជាការចាំបាច់ណាស់ដែរ។ នាពេលកន្លងមក មន្រ្តីអាជ្ញាធរជាតិប្រេងកាតកម្ពុជាធ្លាប់បាននិយាយថា ប្រទេសកម្ពុជាខ្វះកម្មករជំនាញក្នុងការរុករកប្រេងនៅក្នុងបាតសមុទ្រនៃប្រទេសកម្ពុជា។ ដូច្នេះក្រុមហ៊ុនរុករកប្រេងត្រូវបង្ខំចិត្តប្រើប្រាស់កម្មករបរទេសសិន។ ទាក់ទងទៅនឹងរ៉ែនៅក្នុងដីវិញ អ្នកជំនាញបានបញ្ជាក់ហើយថា ប្រសិនបើវិស័យរ៉ែនេះរីកចម្រើននាពេលអនាគតនោះវិស័យនេះនឹងត្រូវការកម្មករជំនាញច្រើនរយនាក់សម្រាប់ការដ្ឋានរ៉ែនីមួយៗ។
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែនិងថាមពលបានបន្តបញ្ជាក់ទៀតថា ក្រៅពីកង្វះខាតធនធានមនុស្ស ប្រទេសកម្ពុជាខ្វះមន្ទីពិសោធន៍រ៉ែ។ នាពេលកន្លងមកដោយសារកង្វះខាតមន្ទីរពិសោធន៍នេះគំរូរ៉ែនានាដែលត្រូវធ្វើការវិភាគគីមីត្រូវបានគេបញ្ជូនទៅវិភាគនៅក្រៅប្រទេស។ ការធ្វើយ៉ាងនេះបង្កអោយមានការខាតបង់បីចំណុច។ ទី១៖ខាតពេលវេលា។ ទី២៖បង្កើនការចំណាយនិងទី៣ការលំបាកក្នុងការគ្រប់គ្រងគំរូរ៉ែដែលត្រូវបញ្ជូនចេញនិងចូលម្តងៗ៕
(ដកស្រង់ចេញពីគេហទំព័រ RFI ខេមរភាសា)
No comments:
Post a Comment