រាជធានីភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូត កម្ពុជាប្រចាំនៅក្រុងបាងកក ប្រទេសថៃ បានសម្ដែងនូវប្រតិកម្មខ្លាំងក្លាថា ការប្រើអំពើហិង្សារបស់ប៉ូលិសថៃទៅលើជនជាប់សង្ស័យកម្ពុជា បង្ខំឱ្យឆ្លើយតាមការចង់បាននោះគឺ ជាការរំលោភបំពានលើច្បាប់អន្ដរជាតិ និងសិទ្ធិមនុស្សពន់ពេកណាស់ ។ យោងតាមកំណត់ទូតចុះថ្ងៃទី១ មិថុនា ឆ្នាំ២០១០ របស់ស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងបាងកកផ្ញើជូនក្រសួងការបរទេស ថៃទាក់ទងទៅនឹងការចាប់ខ្លួនពលករកម្ពុជា ម្នាក់ឈ្មោះសាន មុនីផេត ដោយចោទប្រកាន់ថា បានចូលរួមដុតធនាគារមួយនៅទីក្រុងបាងកក កាលពីថ្ងៃទី១៩ ឧសភា ឆ្នាំ២០១០ កន្លងទៅនេះ គឺជាការចោទប្រកាន់ដោយបង្ខំ បំផ្លើសគ្មានមូលដ្ឋានច្បាស់លាស់ ។ ស្ថានឯក អគ្គរាជទូតកម្ពុជានៅទីក្រុងបាងកក សូមជំរាបជូនក្រសួងការបរទេសថៃដូចតទៅ ៖
១-លោកសាន មុនីផេត បានជំរាបប្រាប់ តំណាងស្ថានទូតកម្ពុជា ដែលបានចូលសួរសុខទុក្ខគាត់នៅមន្ទីរឃុំឃាំងរបស់នគរបាលថា គាត់គ្រាន់តែឈរនៅជិតកន្លែងកើតហេតុ និង មើលអគារដែលគេដុតប៉ុណ្ណោះ ក្នុងខណៈ ពេលនោះនគរបាលបានចាប់ខ្លួនគាត់ ។ គាត់ នៅតែទទូចថា គាត់ពុំបានធ្វើអ្វីខុសទេ បើទោះបីជានគរបាលបង្ខំគាត់ឱ្យឆ្លើយសារភាព ដោយវាយលើមាត់ និងដើមទ្រូងគាត់ក៏ដោយ ។
២-អំពើហិង្សារបស់នគរបាលថៃទៅលើ លោកសាន មុនីផេត ក្នុងបំណងបង្ខំឱ្យសារ ភាពគឺជាការរំលោភបំពានយ៉ាងកំរោលលើ ច្បាប់អន្ដរជាតិ ស្ដីពីសិទ្ធិមនុស្ស ។
៣-ស្ថានទូតបានសន្និដ្ឋានថា លោកសាន មុនីផេត គ្រាន់តែឈរក្បែរកន្លែងកើតហេតុ ហើយត្រូវចាប់ខ្លួនដោយភ័ន្ដច្រឡំ និងចោទ ប្រកាន់ពីបទល្មើសដែលគាត់មិនបាន
ប្រព្រឹត្ដ ។ ដូច្នេះស្ថានទូតស្នើឱ្យអាជ្ញាធរថៃ ពាក់ព័ន្ធពិនិត្យមើលបញ្ហានេះឡើងវិញ ដោយយកចិត្ដទុកដាក់ ដើម្បីផ្ដល់យុត្ដិធម៌ និងសេរីភាពជូនលោកសាន មុនីផេត វិញឱ្យបានឆាប់បំផុត ។
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
No comments:
Post a Comment