កម្ពុជាសៀមកោះហៅទូតរៀងៗខ្លួនឲ្យត្រឡប់មកស្រុកវិញ
(ឯកសារ៖ខេមបូឌាអេចបេ្រសញូស៏)
ដោយ : សិរី (ថ្ងៃទី 5 វិច្ឆិកា 2009)
ភ្នំពេញ: ប្រទេសកម្ពុជានិងសៀមបានកោះហៅឯកអគ្គរដ្ឋទូតរៀងៗខ្លួននឲ្យវិលត្រឡប់មកប្រទេសវិញដោយពុំមានការកំណត់នៅល្ងាចថ្ងៃទី៥ខែវិច្ឆិកានេះ។
ប្រទេសកម្ពុជាបានហៅទូតរបស់ខ្លួនពីបាងកកប្រទេសឲ្យវិលត្រលប់ មកកម្ពុជាវិញ ដែលចំណាត់ការនេះបានកើតឡើងបន្ទាប់ពីប្រទេសសៀមបានកោះហៅទូតរបស់ ខ្លួនពីកម្ពុជាមុន ។ ទូតសៀមបានចាកចេញពីកម្ពុជា នៅវេលាម៉ោង៩យប់ ខណៈដែលទូតខែ្មរបានមកដល់កម្ពុជាមុន ។ លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីបានប្រាប់អ្នកកាសែតនៅយប់ ថ្ងៃដដែលនេះថា អ្វីដែលបានធ្វើឡើងនេះ គឺបន្ទាប់ពីរដ្ឋាភិបាលសៀមបានធ្វើ ទើបកម្ពុជាសំរេចចិត្តធ្វើដូច្នេះ ហើយនៅពេលណាដែលសៀមបញ្ជូនទូតរបស់ខ្លួនត្រឡប់មកវិញនោះៗកម្ពុជាក៏ នឹងបញ្ជូនទូតរបស់ខ្លួនទៅវិញដែរ ។ លោកបានហៅចំណាត់ការ នេះថា ជាវិធានការបរិការធម្មតាដែលបញ្ជាក់ពីជំហររបស់រដ្ឋាភិបាលនិមួយៗ ។
រដ្ឋាភិបាលសៀមធ្វើដូចនេះ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់យ៉ាងដាច់ណាត់កាលពីថ្ងៃទី៤ វិច្ឆិកា ដែលបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជានឹងមិនធ្វើបត្យាបន័លោក ថាក់ ស៊ីន ទេ ហើយបានហៅករណីលោកថាក់ ស៊ីន ថាជារឿងនយាបាយសុទ្ធសាធ ។ កម្ពុជាក៏បានតែងតាំង លោក ថាក់ ស៊ីន ឲ្យធ្វើជាទីប្រឹក្សាផ្ទាល់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាទីប្រឹក្សារបស់រាជរដ្ឋាភិបាលទទួលបន្ទុកសេដ្ឋកិច្ច ។ ទង្វើនេះជាមូលហេតុធ្វើឲ្យសៀមច្រឡោតតោតតូង ។
ព្រឹត្តការណ៍នេះបានធ្វើឲ្យគេមើលឃើញថា ទំនាក់ទំនងការទូតប្រទេសទាំងពីរបានធ្លាក់ចុះយ៉ាងគំហុកជាលើកទី២ បន្ទាប់ពីការធ្លាក់ចុះបែបនេះបានកើតម្តងកាលពីខែមករា ឆ្នាំ២០០៣ ក្រោយពីបាតុកម្មវាយស្ថានទូតថៃដោយសារកំហឹងដែលបង្កដោយតារាភាពយន្ត ថៃ រឿងប្រាសាទអង្គរវត្តរួចមក ៕
No comments:
Post a Comment