Friday, November 6, 2009

កាលប្រវត្តិរបស់ប្រទេសកម្ពុជា

កាលប្រវត្តិរបស់ប្រទេសកម្ពុជា

(ឯកសារ៖កាសែត)

ចាប់ពីសតវត្សរ៍ទី១
ប្រទេសកម្ពុជាកាន់សាសនាហិណ្ឌូដែលនាំចូលមកក្នុងប្រទេសតាមរយៈ ការធ្វើជំនួញជាមួយជនជាតិឥណ្ឌា។

ចាប់ពីសតវត្សរ៍ទី៦ដល់សតវត្សរ៍ទី៨:
នគចេនឡា ​ត្រូវបានបែងចែកជាអាណាខែត្រតូចៗជា​ច្រើន​ហើយ​អាណា​​ខែត្រ​ទាំង​នោះជាគូ​ ប្រជែងនឹងគ្នា​ដែ​ល​ជា​ឧបសគ្គ​រា​រាំង​ដល់​ការ​បង្រួប​បង្រួម​អោយ​ក្លាយ​​ទៅ ​​ជា​​អា​ណាចក្រ​តែ​មួយ។

សតវត្សរ៍ទី៩ដល់សតវត្សរ៍ទី១៣
ព្រះបាទជ័យវរ្ម័នទី២បានធ្វើការបង្រួបបង្រួមអាណាខែត្រតូចៗអោយក្លាយទៅ ជា​អាណាចក្រខែ្មរ។ មហា​ក្សត្រ​ទាំងឡាយ​​ដែល​ស្នង​រាជ្យ​បន្ត​ពី​ព្រះអង្គ​បាន​ធ្វើ​អោ​យ​ អាណាចក្រអង្គររីកចំរើនដល់កំពូល ដោយ​បាន​បន្សល់​ទុក​នូវ​បា្រង្គ​បា្រសាទ​ជាច្រើន​រហូតមកដល់សម័យក្រោយអង្គរ​។

ពីសតវត្សរ៍ទី១៤ដល់សតវត្សរ៍ទី១៨
ក្រុង ​អង្គ​រ​ត្រូវបានបោះបង់ ហើយព្រះរាជាណាចក្រខ្មែរធ្លាក់ចុះដុនដាប បន្ទាប់​ពី​មាន​សង្រ្គាមដណ្តើមរាជ្យបល្ល័ង្គជាបន្តបន្ទាប់។ ក្នុងពេលធ្វើសង្រ្គាម ស្តេច​ខ្លះ​ទៅ​ពឹង​ប្រទេសសៀម ស្តេច​ខ្លះ​ទៀត​ទៅ​ពឹង​ប្រទេស​អណ្ណាម​ដែល​ជា​ប្រទេស​ជិត​ខាង​ របស់ខ្លួនអោយជួយ ដោយ​សន្យា​កាត់​ទឹក​ដី​អោយ​ទៅ​ប្រទេស​ទាំង​ពី​រ​នោះ​។

ឆ្នាំ​១៨៦៣
អាណាព្យាបាលបារាំងបានបញ្ចប់ការត្រួតត្រាររបស់ប្រទេសសៀម និង​ប្រទេស​វៀតណាម​ម​កលើខែ្មរ និងបានបញ្ចប់ការបែងចែកប្រទេស។ ព្រះរាជាណា​ចក្រ​កម្ពុ​ជា​ដែលធ្លាប់តែមានទឹកដីធំទូលាយនៅសម័យអង្គរ បានរួញមកត្រឹម១០០​ ០០០​​គីឡូម៉ែត្រ​ការ៉េ​។ ក្នុងអំឡុង៩០ឆ្នាំក្រោយមក អាណាព្យាបាលបារាំង​បាន​ប្រែ​ក្លាយ​ បន្តិចម្តងៗទៅជាអាណានិគមបារាំងនៅជ្រោយឥណ្ឌូចិន។

ឆ្នាំ​១៩០៧
បន្ទាប់ពីមានអន្តរាគមន៍ពីទ័ពបារាំងមក ប្រទេស​សៀម​ក៏​ព្រម​ប្រគល់​ខែត្រ​ខ្មែរ​ចំនួន​បី​មកអោយខ្មែរវិញរួមមាន ខែត្របាត់ដំបង សៀមរាប និង​ស៊ីសុផុន​ដែល​រួម​មាន​ផ្ទៃក្រឡា៣០ ០០០គីឡូម៉ែត្រ​ការ៉េ​​។

ឆ្នាំ​១៩៣៩
លោក ​Jules Brévié​ ដែល​ជា​អគ្គទេសាភិបាល​ប្រចាំ​នៅ​ឥណ្ឌូចិន​បាន​កំណត់​ដែន​កោះ នានា ដែលស្ថិតនៅក្នុងឈូងសមុទ្រសៀមចន្លោះប្រទេសខ្មែរ និង​កូស៊ាំងស៊ីន។ ក្រោយមក​ ខ្សែបន្ទាត់​ប្រេវីយេ​ត្រូវ​បាន​ចាត់​ទុក​ជា​ព្រំប្រទល់​ទឹក​រវាង​ ប្រទេសខ្មែរ និងប្រទេសវៀតណាម។

ថ្ងៃទី​២៣ មេសា ១៩៤១
ក្រោយពីព្រះបាទស៊ីសុវត្ថិ មុនីវង្សចូលទីវង្គត់ តំណាង​របប​វីស៊ី​បាន​លើក​ព្រះអង្គ​ម្ចាស់​​នរោត្តម សីហនុ អោយឡើងសោយរាជ្យ។

ថ្ងៃទី​៩​ កញ្ញា ១៩៥៣
បន្ទាប់ពីមាន «ព្រះរាជបូជនីយកិច្ច» ទាមទារឯករាជ្យរបស់ព្រះបាទនរោត្តម សីហនុ ប្រទេសបារាំងបានចរចាផ្ទេរអធិបតេយ្យភាពមកអោយខ្មែរវិញ​។

ថ្ងៃទី​២០ កក្កដា ១៩៥៤
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបានឈានទៅបញ្ចប់អាណានិគមបារាំងនៅឥណ្ឌូចិន​។

ថ្ងៃទី​៣​ មីនា ១៩៥៥
ព្រះបាទនរោត្តម សីហនុ​ បាន​ផ្ទេរ​រាជ្យ​ថ្វាយ​ព្រះបិតា​ព្រះអង្គ​ព្រះ​នាម​ព្រះអង្គ​ម្ចាស់​ សុរាមឹត្រ ហើយទៅបង្កើតគណបក្ស«សង្គមរាស្រ្តនិយម»។ គណបក្ស​នេះ​បាន​ឈ្នះ​ឆ្នោត​ដាច់ នៅខែកញ្ញា ហើយ​ទ្រង់បាន​ជាប់ឆ្នោតជានាយករដ្ឋមន្រ្តី។

ខែមេសា ១៩៦០
ក្រោយពេលព្រះបិតាព្រះអង្គរសោយទីវង្គត់ ព្រះបាទនរោត្តម សីហនុ បដិសេធ​មិន​ឡើង គ្រងរាជ្យបន្តឡើយ ហើយព្រះអង្គបានកាន់តួនាទីជាប្រមុខរដ្ឋ។

ឆ្នាំ​១៩៦៤
ពាក្យ«ខ្មែរក្រហម»ត្រូវបានបង្កើតឡើងដោយព្រះបាទនរោត្តម សីហនុ សម្រាប់​ហៅ​អ្នក​ដែលប្រកាន់ឆ្វេង។

ឆ្នាំ​១៩៦៥
ប្រទេស ​កម្ពុជា​​បានផ្តាច់ទំនាក់ទំនងការទូតជាមួយអាមេរិក។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីតោន​ចោទប្រទេសខ្មែរថាលាក់បំពួនពួកវៀតកុង ហើយ​បាន​ផ្តល់​ភ្លើង​ខៀវ​អោយ​ទ័ពអាមេរិកចូលមកតាមចាប់ពួកវៀតកុងនៅលើដីខ្មែរ។

ថ្ងៃទី​១ កញ្ញា​ ១៩៧០
ឧត្តមសេនីយ៍ដឺហ្គោល បាន​ថ្លែង​សន្ទរកថា​នៅ​ទីក្រុង​ភ្នំពេញ​អំពាវ​នាវ​អោយ​អាមេរិក​ដក​ទ័ពចេញពីប្រទេសវៀតណាម។

ថ្ងៃទី​១៨ មីនា​ ១៩៧០
ខណៈពេលដែលព្រះអង្គគង់នៅសហភាពសូវៀត ឧត្តមសេនីយ៍លន់ នល់ និងព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរិមតៈ បានធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គ។ ព្រះអង្គ​បាន​អំពាវនាវពីទីក្រុងប៉េកាំងអោយមានចលនាតស៊ូ។ ព្រះ​អង្គ​​បានប​ង្កើត​រដ្ឋាភិបាល​នៅទីក្រុងប៉េកាំង​ ដោយ​បាន​បញ្ចូលអ្នកប្រកាន់របប​កុម្មុយ​នីស្ត​ ​​ទៅ​ក្នុ​​ង​រដ្ឋាភិបាល​នោះ។ ពេល​នោះ​«រណសិរ្សរួបរួមជាតិកម្ពុជា»​ ត្រូវ​បាន​បង្កើត​ឡើង​ នៅលើទឹកដីខ្មែរដោយមានសមាសភាពក្រុមអ្នកប្រឆាំងនឹងលោកលន់ នល់ ដែលបានសុំការគាំទ្រពីអាមេរិក ប្រទេសថៃ និ​ង​ប្រទេស​វៀត​ណាម​ខាង​ត្បូង​។ សមរភូមិ​ប្រយុទ្ធ​នៅ​ប្រទេស​វៀត​ណាម​បាន​រីក​រាល​ដាល​រហូត​មក​ដល់​ប្រទេស​ កម្ពុជា។ របបរាជា​និយ​ម​បាន​រលាយ​ដោយ​ផ្លាស់​មក​វិញ​នូវ​របប​សាធារណរដ្ឋ​ខ្មែរ។

ឆ្នាំ​១៩៧៣
នៅក្នុងរណសិរ្សរួបរួមជាតិកម្ពុជា សមាស​ភាព​ក្រុម​អ្នក​ប្រកាន់​ឆ្វេង​មាន​ចំនួន​លើស​លប់ និងបានក្តោបក្តាប់រណសិរ្សទាំងមូល។

ថ្ងៃទី​១៧ មេសា ១៩៧៥
ពួក​ខ្មែរក្រហមកាន់កាប់ទីក្រុងភ្នំពេញ និង​បាន​បង្កើត​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​ដឹកនាំដោយសាឡុតស ហៅប៉ុល ពត។

ថ្ងៃទី​៣១​ ធ្នូ ១៩៧៧
បន្ទាប់ពីមានសង្រ្គាមនៅតាមព្រំដែនអស់រយៈពេល២ឆ្នាំ ទំនាក់​ទំនង​ការ​ទូត​រវាង​របបកម្ពុជាប្រជាធិបតេយ្យ និងប្រទេសវៀតណាមត្រូវបានកាត់ផ្តាច់។

ថ្ងៃទី​២ ធ្នូ ១៩៧៨
នៅតំបន់មួយក្បែរស្រុកស្នួលដែលកាន់កាប់ដោយប្រទេសវៀតណាម ខ្មែរ​ជាច្រើន​រយនាក់ដែលប្រឆាំងនឹងរបបប៉ុល ពត បាន​បង្កើត​«រណសិរ្ស​សាមគ្គី​សង្រ្គោះ​ជាតិ​កម្ពុជា»។

ថ្ងៃទី​៧ មករា ១៩៧៩
​ ​ដោយមានអន្តរាគមន៍ពីទ័ពវៀតណាមយ៉ាងច្រើនសន្ធឹកសន្ធាប់ បន្ទាប់​ពី​មាន​សង្រ្គាម​នៅតាមព្រំដែនអស់រយៈពេលមួយឆ្នាំមក របបខ្មែរក្រហមបានដួលរលំ ក្រោយ​ពីកាន់កាប់អំណាចអស់រយៈពេលបីឆ្នាំ ប្រាំបីខែ ម្ភៃថ្ងៃមក។ របប​នេះ​បាន​កាប់សម្លាប់មនុស្សអស់យ៉ាងហោចណាស់មួយលានប្រាំពីរសែននាក់។ មេដឹកនាំរណសិរ្សសង្រ្គោះជាតិកម្ពុជាបានបង្កើតរបបសាធារណរដ្ឋប្រជាមានិត កម្ពុជា។ កម្ពុជាស្ថិតនៅក្រោមការត្រួតត្រារបស់វៀតណាម។

ថ្ងៃទី១៤ វិច្ឆិកា ១៩៧៩
ដោយមានការជំរុញពីសហរដ្ឋអាមេរិក ប្រទេសចិន ប្រទេសអឺរ៉ុប និង​បណ្តា​ប្រទេស​នៅអាស៊ាន មហាសន្និបាទ​អង្គការ​សហ​ប្រជាជាតិ​បាន​បោះ​ឆ្នោត​គាំទ្រ​ក្រុម​ប្រឹក្សា​ សន្តិសុខ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​លើ​ការ​ធ្វើ​អន្តរាគមន៍​របស់​ប្រទេស​ វៀតណាម​លើទឹកដីខ្មែរ។ សេចក្តីសម្រចពីរត្រូវបានធ្វើឡើង និងត្រូវ​បាន​ប្រកាន់​យក​អស់រយៈពេល១០ឆ្នាំ។ សេចក្តី​សម្រេច​ទី​មួយ​គឺ​ខ្មែរ​ក្រហម​ជាតំណាង​សប​ច្បាប់​តែ​មួយ​គត់​របស់​ ប្រទេស​កម្ពុជា​នៅក្នុ​ង​អង្គការ​សហប្រជា​ជាតិ។ សេចក្តីសម្រេចទីពីរគឺហាមផ្តល់ជំនួយដល់ការអភិឌ្ឍន៍ប្រទេសកម្ពុជា។ សម្ព័ន្ធមិត្ត​ខាង​លើ​បាន​បង្កើត​អោយ​មាន​ទ័ព​ខ្មែរ​ក្រហម​ឡើង​វិញ​ដើម្បី​ ធ្វើ​សង្រ្គាម​​បណ្តេញវៀតណាមពីទឹកដីខ្មែរ។

ថ្ងៃទី​៣០ មេសា ១៩៨៩
ក្រោយពីមានការសើរើរដ្ឋធម្មនុញ្ញនៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ឡើង​វិញ របបនេះបានប្តូរទៅជារដ្ឋកម្ពុជា។

ថ្ងៃទី​២៦ កញ្ញា ១៩៨៩
ការធ្វើមាតុភូមិនិវត្តន៍ទាហានវៀតណាមចុងក្រោយ។

ថ្ងៃទី​២៣ តុលា ១៩៩១
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពត្រូវបានធ្វើឡើងនៅទីក្រុងប៉ារីស។ ​ រាល់​ឯក​សារ​យោង​ទាក់​ទិន​នឹង​បទ​ឧក្រិដ្ឋ​របស់​ខ្មែរ​ក្រហម​ត្រូវ​បាន​ដក​ ចេញ​ពី​ខ្លឹម​សារ​នៃកិច្ចព្រមព្រៀង។ នៅក្នុង​កិច្ច​ប្រជុំ​រវាងភាគី​ខ្មែរ​ទាំង​បួន​ដែល​បាន​ប្រព្រឹត្ត​ ទៅនៅស្នាក់ការ​ឧត្តមក្រុម​ប្រឹ​ក្សាជាតិ ក្រោម​អធិបតីភាព​របស់​សម្តេច​សីហនុ ឧត្តម​ក្រុមប្រឹក្សា​ជាតិ​បាន​ទទួល​ស្គាល់​ភាព​ស្រប​ច្បាប់​របស់​រដ្ឋាភិបាល ​កម្ពុជា។ ​

ខែមីនា ១៩៩២ ដល់​ វិច្ឆិកា ១៩៩៣
ការចុះបំពេញបេសកកម្មរបស់អាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ ​ដែលហៅកាត់ថាអ៊ុនតាក់ ដើម្បីរៀបចំការបោះឆ្នោតលើកទីមួយនៅកម្ពុជា ដែលប្រព្រឹត្តទៅនៅខែឧសភា ១៩៩៣។

ថ្ងៃទី​២៤ កញ្ញា ១៩៩៣
ក្រោយពីមានការអនុម័តរដ្ឋធម្មនុញ្ញថ្មី សម្តេចសីហនុ​បាន​ក្លាយ​ជា​ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជាសាជាថ្មី។​ ពេលនោះ​រដ្ឋាភិបាល​ក្បាល​ម៉ាស៊ីន​ពី​រ​ត្រូវ​បាន​បង្កើតឡើង ដឹកនាំដោយព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ និង​លោក​ហ៊ុន សែន។

ថ្ងៃទី៧ កក្កដា ១៩៩៤
រដ្ឋាភិបាលបានប្រកាសដាក់ខ្មែរក្រហមអោយនៅ«ក្រៅច្បាប់»។ រដ្ឋាភិបាល​សុំ​អោយ​អង្គកា​រ​សហ​ប្រជាជាតិ​បង្កើត​តុលាការ​ដើម្បី​ ជំនុំជម្រះ​​មេដឹក​នាំ​របប​កម្ពុជា​ប្រជាធិបតេយ្យ។

ខែកក្កដា​ ១៩៩៧
បន្ទាប់ពីមានភាពមិនចុះសម្រុងគ្នាកាន់តែខ្លាំងឡើងៗទាក់ទិននឹងរឿងចរចាជា មួយ​ខ្មែរក្រហម ការប្រឈមមុខគ្នារវាងកងកម្លាំងស្មោះនឹងលោកហ៊ុន សែន និងកងកម្លាំងស្មោះនឹងព្រះអង្គម្ចាស់រណឫទ្ធិ​ក៏បានផ្ទុះឡើង។ លទ្ធផល​ចុង​ក្រោយ ព្រះអង្គម្ចាស់រណឫទ្ធិត្រូវបាត់បង់តំណែងនាយករដ្ឋមន្រ្តី។

ថ្ងៃទី​១៥​ មេសា ១៩៩៨
មរណភាពរបស់ប៉ុល​ ពត។

ថ្ងៃទី​២៦ កក្កដា ១៩៩៨
គណបក្សប្រជាជនរបស់លោកហ៊ុន ​ សែន ទទួលបាន៤១,៤២%នៃសម្លេងឆ្នោត ចំណែក​ឯគណបក្សហ៊្វុនស៊ិនប៉ិចរបស់ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ទទួល​បាន​៣១,៧%​។ គណបក្សទាំង​ពីរ​បាន​ចង​សម្ព័ន្ធភាព​ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ដែល​ ដឹកនាំដោយលោកហ៊ុន សែន។ គណបក្ស​ទាំង​ពីរ​ចាំបា​ច់​ត្រូវ​តែ​រួប​រួម​ គ្នាដើម្បីឆ្លើយតបទៅនឹងរដ្ឋធម្មនុញ្ញដែលបានចែងថា រដ្ឋាភិបាល​ត្រូវ​ជ្រើស​តាំង​ ឡើងដោយសម្លេងពីរភាគបីនៃចំនួនតំណាងរាស្រ្តបោះឆ្នោតគាំទ្រ។

ខែធ្នូ ១៩៩៨
អតីតទាហានខ្មែរក្រហមជាច្រើនបានចុះចូលជាមួយរដ្ឋាភិបាល។ ខៀវ សំផន​ និងនួន ជា​ ​ត្រូវបានលោកហ៊ុន សែន ទទួលស្វាគមន៍យ៉ាងរាក់ទាក់ក្រៃលែង ក្នុងនាម​ការផ្សះផ្សារជាតិ។

ថ្ងៃទី​៣០ មេសា ១៩៩៩
ប្រទេសកម្ពុជាបានក្លាយជាសមាជិកអាស៊ាន។

ថ្ងៃទី​២៩ មករា ២០០៣
នៅភ្នំពេញ ស្ថានទូតថៃ និងក្រុមហ៊ុនថៃជាច្រើនត្រូវបានដុតបំផ្លាញ បន្ទាប់​ពី​មាន​ ពាក្យចចាមអារ៉ាមថាតារាភាពយន្តថៃម្នាក់និយាយថាអង្គរវត្តជារបស់ថៃ។

ថ្ងៃទី​៦ មិថុនា ២០០៣
កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល និង​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ការ​បង្កើត​តុលាកា​ រដើម្បីជំនុំជំរះអតីតមេដឹកនាំខ្មែរក្រហម ត្រូវបានបង្កើតឡើង។

ថ្ងៃទី​២៧ កក្កដា ២០០៣
គណបក្សប្រជាជនឈ្នះឆ្នោតសាជាថ្មី ប៉ុន្តែ​ក្រោយ​ពី​មាន​វិបត្តិ​រដ្ឋធម្មនុញ្ញ​អស់រ​យៈ​ពេល​មួយឆ្នាំ ទើបមាន​រដ្ឋាភិបាល​ចម្រុះ​ដែល​មាន​សមាស​ភាព​គណបក្ស​ប្រជាជន និងគណបក្សហ្វ៊ុនស៊ិនប៉ិន។

ថ្ងៃទី​១១​កញ្ញា​ ២០០៣
ប្រទេសកម្ពុជាក្លាយជាសមាជិកទី១៤៨នៃអង្គការពាណិជ្ជកម្មពិភពលោក។

ថ្ងៃទី​២២ មករា ២០០៤
លោកជា វិជ្ជា មេដឹកនាំចលនាសហជីពកម្មករដែលទើបតែដុះពន្លក និង​ជាស្និទ្ធិ​នឹង​លោកសម រង្ស៊ី ត្រូវឃាតករបាញ់ប្រហារនៅតាមផ្លូវមួយ​នាទីក្រុងភ្នំពេញ។

ថ្ងៃទី​២៩ តុលា ២០០៤
ព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី បុត្រារបស់ព្រះបាទនរោត្តម សីហនុ ជាមួយ​នឹង​អគ្គមហេសីព្រះនាមមុនីនាថ ឡើងគ្រងរាជ្យ​បន្ទាប់​ពី​ព្រះបិតា​ព្រះអង្គ​បាន​ដាក់​រាជ្យកា​លពីថ្ងៃទី៧ តុលា។

ថ្ងៃទី​៣​ កុម្ភៈ ២០០៥
ការដកអភ័យឯកសិទ្ធិតំណាងរាស្រ្តរបស់តំណាងរាស្រ្តគណបក្សប្រឆាំងបីរូប ក្នុង​នោះមានប្រធានគណបក្សដែលបានចាកចេញទៅបរទេសមុននោះបន្តិច។

ថ្ងៃទី​១០ តុលា ២០០៥
សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន និង​នាយក​រដ្ឋ​មន្រ្តីវៀ​តណា​ម​ចុះ​ហត្ថលេខា​នៅទីក្រុ​ង​ហាណូយ​លើ​ សន្ធិសញ្ញា​បំពេញ​បន្ថែម​ទៅលើ​សន្ធិសញ្ញា​ស្តីពី​ព្រំដែន​ឆ្នាំ​១៩៨៥។ សន្ធិសញ្ញានេះបានបញ្ចប់ជម្លោះដ៏យូរលង់រវាងប្រទេសទាំងពីរ។

ថ្ងៃទី​២២ ធ្នូ ២០០៥
មេដឹកនាំគណបក្សសម រង្ស៊ី ត្រូវ​តុលាការ​កាត់​ទោស​កំបាំង​មុខ​អោយ​ជាប់​ពន្ធនាគា​ររយៈ​ពេល១៨ខែ ដោយយោងលើពាក្យបណ្តឹងចំនួនពីរ មួយ​មក​ពី​គណបក្សហ្វ៊ុនស៊ិនប៉ិច និងមួយទៀតមកពីនាយករដ្ឋមន្រ្តីហ៊ុន សែន។

ថ្ងៃទី​៥​ កុម្ភៈ ២០០៦
ដោយមានការទូលសុំពីសម្តេចនាយករដ្ឋមន្រ្តី ព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី​ ថ្វាយការលើកលែងទោសដល់លោកសម រង្ស៊ី។

ថ្ងៃទី​១១ កុម្ភៈ ២០០៦
លោកសម រង្ស៊ី ត្រឡប់ចូលស្រុកខ្មែរវិញ បន្ទាប់ពីអវត្តមានមួយឆ្នាំ ក្រោយពី​មាន​ការ​លើកអភ័យឯកសិទ្ធិតំណាងរាស្រ្តរបស់លោក។

ថ្ងៃទី​៣ ​កក្កដា ២០០៦
ចៅក្រមខ្មែរ និង​បរទេស​ត្រូវ​បាន​ជ្រើស​តាំង​ឡើង​សម្រាប់​អង្គជំនុំជម្រះវិសាមញ្ញ​​ក្នុង ​តុលាការ​កម្ពុជា​ (អ.វ.ត.ក) ទទួល​បន្ទុក​កាត់ទោស​​​អតីត​មេដឹក​នាំរ​បប​កម្ពុជា​ប្រជាធិបតេយ្យ និងអ្នកដែលជាប់ចោទពីបទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរចន្លោះឆ្នាំ១៩៧៥ និង​១៩៧៩។

ថ្ងៃទី​២១ កក្កដា ២០០៦
តាម៉ុក អតីត​មេបញ្ជាការ​ទ័ព​ជាតិ​នៅ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​គេ​ដាក់​រហស្ស​ នាមថា​«មេឃាតករ» ទទួលមរណកាលនៅអាយុ៨១ឆ្នាំ។ តាម៉ុក​ត្រូវ​បាន​ចាប់​ខ្លួន​កាលពីខែមីនា ១៩៩៩ ដើម្បីរង់ចាំការកាត់ទោស។

ថ្ងៃទី​៣១ កក្កដា ២០០៧
ឌុច អតីត​ប្រធាន​មន្ទី​រ​ស២១​ជំនាន់​ខ្មែរ​ក្រហម​ដែល​ជាប់​ឃុំឃាំ​ង​ចាប់​តាំង​ ពីខែ​មេសា ១៩៩៩មកនោះ ត្រូវបាន​អង្គជំនុំជំរះវិសាមញ្ញ​កាត់​ទោស​ពីប​ទ​ឧក្រិដ្ឋ​សង្រ្គាម​។ ក្នុងចំណោម​ជន​ជាប់​សង្ស័យ​ចំនួន​៥រូប​ដែល​មាន​ឈ្មោះនៅ​ក្នុង​បញ្ជី​របស់​ សហព្រះរាជអាជ្ញាអមតុលាការដែលមានលក្ខណៈអន្តរជាតិ ឌុច​គឺជា​ជន​ទីមួយ​ដែល​ត្រូវតុលាការធ្វើការចោទប្រកាន់។

ថ្ងៃទី​១៩ កញ្ញា ២០០៧
នួន ជា​ ហៅ«បងធំទីពីរ»​ដែល​ត្រូវ​បាន​គេចា​ត់​ទុក​ថា​ជាអ្ន​ក​បង្កើត​​មនោគម​ វិជ្ជានៃរបបខ្មែរក្រហម ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​ប្រឆាំង​នឹង​មនុស្ស​ជាតិ និងបទឧក្រិដ្ឋសង្រ្គាម ក្រោយ​ពី​ត្រូវ​ចាប់​ខ្លួន​នៅនឹ​ង​ផ្ទះលោ​ក​នា​ក្រុង​ប៉ៃលិន​។

បើលោកអ្នកចង់បានព័ត៌មានបន្ថែមសូមអានសៀវភៅរបស់លោករ៉ាអ៊ូល ចេនណា «Les clés du Cambodge»​បោះពុម្ពដោយរោងពុម្ព ​​​Maisonneuve & Larose ឆ្នាំ១៩៩៥ និងសៀវភៅរបស់លោកដេវីត ចេនដ្លឺ «A History of Cambodia » ចុះផ្សាយដោយ Boulder, Westview Pressឆ្នាំ១៩៩២។

No comments:

Post a Comment